Connect with us

ព័ត៌មានជាតិ

សហគមន៍ជនជាតិដើមភាគតិច បន្តអភិរក្សជំនាញត្បាញសម្លៀកបំពាក់បុរាណ និងបង្រៀនក្មេងជំនាន់ក្រោយ

បានផុស

នៅ

នៅពេលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរមកកាន់តំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី ពួកគេអាចសង្កេតឃើញផ្ទះកូនកម្លោះ និងផ្ទះកូនក្រមុំ ដែលមានក្បូរក្បាច់លំអជាច្រើនប្រភេទ បង្កើតភាពទាក់ទាញ និងប្លែកភ្នែក។ ក្បូរក្បាច់ទាំងនេះ មិនត្រឹមតែមាននៅលើផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់នៅលើសម្លៀកបំពាក់របស់ជនជាតិដើមភាគតិចផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃទាំងនេះកើតចេញពីជំនាញត្បាញបុរាណ ដែលអាចផលិតសម្ភារៈជាច្រើនប្រភេទ ដូចជា សំពត់ អាវ ក្រមា ម៉ឹង និងផលិតផលផ្សេងៗទៀត សម្រាប់លក់ទៅកាន់ទីផ្សារ។ សកម្មភាពត្បាញ និងការបង្រៀនជំនាញនេះ កំពុងត្រូវបានអនុវត្តនៅក្នុងសហគមន៍ ភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

អ្នកស្រី ប៉ោ ម៉ាច់ ជាជនជាតិដើមភាគតិចទំពួន បានឲ្យដឹងថា បច្ចុប្បន្ន អ្នកស្រីកំពុងផលិតសម្ភារៈត្បាញនៅក្នុងសហគមន៍ ហើយក៏បានអំពាវនាវដល់អង្គការ និងស្ថាប័នរាជរដ្ឋាភិបាល មេត្តាជួយគាំទ្រសិល្បៈ និងស្នាដៃបែបប្រពៃណីនេះ ដើម្បីជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងចូលរួមលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិច។ កាលពីមុន អ្នកស្រីត្បាញសម្ភារៈនៅផ្ទះតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានប្រមូលផ្តុំគ្នាបង្កើតជាក្រុមត្បាញ។ ជំនាញនេះ អ្នកស្រីបានរៀនពីម្តាយ តាំងពីអាយុប្រមាណជាង ១០ ឆ្នាំ។

អ្នកស្រីបន្ថែមថា នៅសម័យមុន បន្ទាប់ពីត្បាញសម្ភារៈរួច មិនមានការលក់ជាប្រាក់កាសនោះទេ គឺគ្រាន់តែដោះដូរគ្នាជាសម្ភារៈប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក មានអង្គការមួយបានជួយផ្តួចផ្តើមបង្កើតជាក្រុមត្បាញ ដែលមានសមាជិកចំនួន ១០ នាក់ និងក្មេងៗចូលរួមថ្មីចំនួន ១៦ នាក់។ បច្ចុប្បន្ន សហគមន៍ក៏កំពុងបង្រៀនក្មេងៗចំនួន ២៤ នាក់ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យពួកគេរៀនជំនាញត្បាញ និងអាចផលិតសម្ភារៈសម្រាប់លក់ទៅកាន់ទីផ្សារ។ តាមការបញ្ជាក់របស់អ្នកស្រី ប៉ោ ម៉ាច់ គោលបំណងនៃការបង្រៀនក្មេងៗជំនាន់ក្រោយនេះ គឺដើម្បីរក្សាទុកជំនាញត្បាញបុរាណ និងកុំឲ្យបាត់បង់មុខរបរប្រពៃណីរបស់សហគមន៍។

ដោយសារតែការខិតខំប្រឹងប្រែង និងការតស៊ូព្យាយាមផលិត ក្រមា សំពត់ ខោអាវ ម៉ឹង និងកម្រាលតុ ផលិតផលទាំងនេះបានទទួលការកម្ម៉ង់ទិញពីអង្គការនានា ហើយក៏បានលក់ចេញទៅកាន់ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងក្នុងខេត្តផ្ទាល់ផងដែរ។ ប្រាក់ចំណូលដែលទទួលបានពីការលក់ ត្រូវបានប្រើសម្រាប់ការសិក្សារៀនសូត្រ និងការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើននេះ ព្រោះផលិតផលត្រូវបានលក់ចេញនៅក្នុងខេត្ត ហើយចែកចាយទៅបណ្តាលខេត្តមួយចំនួន។

ជារួម សិល្បៈតម្បាញនេះបានលើកកម្ពស់ចំណេះដឹង និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលជាផ្នែកសំខាន់មួយក្នុងការថែរក្សាអត្តសញ្ញាណរបស់ពួកគេឲ្យបានគង់វង្ស។ លើសពីនេះ វាក៏បានបង្កើតឱកាសការងារសម្រាប់ក្រុមស្ត្រីក្នុងសហគមន៍ ដើម្បីផលិតសម្ភារៈទាំងនេះ។ ការជួយទិញ និងគាំទ្រផលិតផលរបស់ប្រជាសហគមន៍ គឺជាការលើកទឹកចិត្តឲ្យមានការផលិតកាន់តែច្រើន និងបង្កើនការប្រើប្រាស់ប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម