ព័ត៌មានជាតិ
សម្ដេច ស ខេង ប្រាប់ UN ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការងារអត្រានុកូលដ្ឋាន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ UN ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការងារអត្រានុកូលដ្ឋាន ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺ មនុស្សម្នាក់មានអត្តសញ្ញាណមួយ។

ថ្លែងនៅក្នុងជំនួបជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ដែលកិច្ចការអត្រានុកូលដ្ឋាននេះត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅក្នុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកិច្ចការនេះសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើន តាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបំរើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គម។
សម្ដេចក្រឡាហោមបានបន្តទៀតថា មិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះក៏បានបំរើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោមបានជម្រាបជូនលោកស្រីថា កម្ពុជាបាន និងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២១ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់គឺ ខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺ មនុស្សម្នាក់មានអត្តសញ្ញាណមួយ។

លោកស្រីអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល ១០ ឆ្នាំ ២០១៧-២០២៤ ហើយទន្ទឹមគ្នានេះមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំមកហើយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួនដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់មានអត្តសញ្ញាណតែមួយ។
ក្នុងជំនួបនោះលោកស្រី Armida Salsiah Alisjahbana បានអញ្ជើញសម្ដេចក្រឡាហោមចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងថ្លែងការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
លោកស្រី បានលើកឡើងថា គោលបំណងនៃការរៀបចំសន្និសីតកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ជាគោលបំណងមួយក្នុងការជំរុញប្រទេសនានាដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាន។

ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចក្រឡាហោម ស ខេង បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។
សម្ដេចក្រឡាហោមបានចាត់ទុកថា កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀតដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជាក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


