Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសឈូង​សមុទ្រ​ ទទូច​ឱ្យ UNSC ​ធ្វើសកម្មភាព​បន្ទាន់ ដើម្បី​បញ្ឈប់​​​អ៊ីរ៉ង់​​វាយ​​ពួកគេ​

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) អំពាវនាវ​ដល់​អង្គការសហប្រជាជាតិ (UN) ​ឱ្យ​ធ្វើសកម្មភាព​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​​នៅទូទាំងតំបន់​មជ្ឈិម​បូព៌ា ដោយ​បាន​ថ្កោល​ទោស​ការវាយប្រហារ​​របស់​ទីក្រុង​តេហេរ៉ង់​ជា​ការរំលោភ​បំពាន​​ធ្ងន់ធ្ងរលើ​ច្បាប់​អន្តរជាតិនិង​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ​។

ថ្លែងក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ (UNSC) កាល​ពីថ្ងៃ​ព្រហស្បតិ៍ អគ្គលេខាធិការ GCC លោក Jassim al-Budaiwi បានជំរុញឱ្យ​ UNSC ​ចាត់​​វិធាន​​ការ​ចាំ​បាច់ទាំង​អស់ ដើម្បី​បញ្ចប់ការវាយប្រហាររបស់​អ៊ីរ៉ង់​លើ​ប្រទេស​ឈូង​សមុទ្រ​។ នេះ​បើយោង​តាម Al Jazeera ផ្សាយ​ថ្ងៃ ​ទី​២ ខែមេសា ឆ្នាំ​២០២៦។

កិច្ចប្រជុំ​របស់​ប្រទេស​ឈូង​សមុទ្រ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក al-Budaiwi លើក​ឡើង​ថា៖ « ក្រុម​ប្រឹក្សា​សន្តិ​សុខអង្គការ​សហប្រជា​ជាតិ​ត្រូវតែចាត់​វិធាន​ការ​ចាំបាច់​ទាំងអស់ ដើម្បីការពារ​ច្រក​សមុទ្រ និង​ធានាថា​ ការ​ធ្វើ​​នាវាចរណ៍​ឆ្លង​កាត់​ច្រក​នេះ​ ដោយមិនមាន​ការ​រំខាន​តាមរយៈផ្លូវ​ទឹកយុទ្ធសាស្ត្រទាំងអស់ក្នុងតំបន់»។

លោកសង្កត់ធ្ងន់​ទៀត​ថា៖ « រដ្ឋ GCC ចំនួន៦ មាន​ អារ៉ាប៊ីសា​អូឌីត ​កាតា បារ៉ែន អូម៉ង់ គុយវ៉ែត និងអារ៉ាប់​រួម ត្រូវ​តែរួមគ្នា​​ក្នុងការ​ចរចាឬធ្វើ​កិច្ច​ព្រមព្រៀង​ណាមួយជាមួយអ៊ីរ៉ង់ ដើម្បី​បង្កើន​សន្តិសុខ​ក្នុង​តំបន់និង​ទប់ស្កាត់នៃ​ការកើនឡើង​​នានា​ ដែល​ជា​​ការវាយប្រហារស្រដៀង​គ្នា​នេះកើត​ឡើង​ម្តងទៀត​នា​ពេលអនាគត»។

លោក al-Budaiwi បន្ត​ថា៖ «ក្រុមប្រឹក្សាឈូង​សមុទ្រអារ៉ាប់ (GCC) បញ្ជាក់​ជាថ្មីពីតម្រូវការបន្ទាន់​ក្នុងការបញ្ឈប់ការវាយប្រហារ​ទាំងអស់​ជាបន្ទាន់ ស្តារសន្តិសុខ ស្ថិរភាព និង​រក្សា​ភាពស្ងប់ស្ងាត់​ក្នុងតំបន់ ជា​ពិសេស​ធានាសុវត្ថិភាពនៃការធ្វើ​នាវាចរណ៍​តាមផ្លូវ​សមុទ្រ ​​ដោយ​សុវត្ថិភាព​នៃ​ខ្សែសង្វាក់ផ្គត់ផ្គង់​អន្តរជាតិ និង​ការការពារទីផ្សារ​ថាមពល​សកល»​។

គួរ​បញ្ជាក់​ថា​ អ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹក​ដោយមីស៊ីលនិងដ្រូន​ជា​រៀង​រាល់ថ្ងៃនៅទូទាំងមជ្ឈិម​បូព៌ា រួមទាំង​ប្រទេស​ក្នុង​ឈូងសមុទ្រអារ៉ាប់ផងដែរ ចាប់​តាំងពីសហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល​ចាប់​ផ្តើម​សង្គ្រាម​ប្រឆាំង​នឹងទី​ក្រុង​តេហេរ៉ង់​​នៅថ្ងៃទី២៨ ខែកុម្ភៈ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម