ជីវិតកម្សាន្ដ
នៅចាំគាត់ទេ ! ក្រោយបាត់ដំណឹងមួយរយៈ តើផលិតករល្បីឈ្មោះ លោក ចេវ វីរៈ បច្ចុប្បន្នកំពុងធ្វើអ្វី?
ទស្សនិកជនមួយចំនួនអាចនៅចាំអតីតពិធីករល្បីឈ្មោះក្នុងកម្មវិធី ពិភពតន្ត្រី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ និងជាផលិតករភាពយន្ត លោក ចេវ វីរៈ ខណៈកន្លងមក លោកបានសាងស្នាដៃ និងកេរ្តិ៍ឈ្មោះច្រើនក្នុងវិស័យសិល្បៈខ្មែរ។

លោក ចេវ វីរៈ ត្រូវបានគេដឹងថា លោកជាសិល្បករល្បីឈ្មោះមួយរូប ចាប់តាំងពីទសវត្សរ៍ ៩០។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ នាឆ្នាំ ១៩៩៥ ដល់ ១៩៩៨ ដោយធ្វើការងារនៅវិទ្យុFM.១០៣MH Z និងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្នុងកម្មវិធី ពិភពតន្ត្រី និងកម្មវិធីសិល្បៈមួយចំនួនទៀតដូចជា អប់រំសុខភាព សិល្បៈវប្បធម៌ និងល្ខោននិយាយជាដើម។

នៅឆ្នាំ ១៩៩៩ លោក ចេវ វីរៈ ក្តាប់បានឱកាសការងារនៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ធ្វើ ជាពិធីករ និងជាផលិតករផលិតកម្មវិធីពិភពសិល្បៈ( បុរស-នារីឯក) និងខ្សែភាពយន្តភាគដូចជា, រឿង ព្រោះតែស្រលាញ់ ,ខ្សែជីវិត ,រលកក្រោមខ្សាច់ ,ត្រើយស្នេហ៍ត្រើយជីវិត។ នៅឆ្នាំ ២០០៧ ដល់២០១៣ លោកក៏សហការផលិតកម្មវិធី កញ្ញាឯក BRIDGE STONE និង SUPER LIVECONCERTនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៩។

យ៉ាងណាមិញបន្ទាប់ពី លោក ចេវ វីរៈ បានបង្ហាញស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក៏ស្រាប់តែអំឡុងមួយរយៈចុងក្រោយនេះ លោកហាក់ឃ្លាតឆ្ងាយពីកម្មវិធីសិល្បៈ ទើបមានសំនួរខ្លះចង់ដឹងថាតើលោក ចេវ វីរៈ បោះបង់សិល្បៈចោល ឬយ៉ាងណា? បច្ចុប្បន្នលោកកំពុងប្រកបការងារអ្វី?។

ដោយសារមានចម្ងល់ពីមហាជនមួយចំនួន ទើប កម្ពុជាថ្មី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ បានស្វែងរកការទំនាក់ទំនងដើម្បីសួរនាំផលិតករ លោក ចេវ វីរៈ អំពីរឿងរ៉ាវនេះ។

ជាក់ស្ដែងជួប កម្ពុជាថ្មី តាមទូរស័ព្ទ លោក ចេវ វីរៈ បានឆ្លើយតបទាំងរីករាយថា សព្វថ្ងៃលោកកំពុងរស់នៅឯខេត្តកំពង់ធំជាមួយភរិយា។

លោក ចេវ វីរៈ បានថ្លែងបន្តថា បច្ចុប្បន្នលោកមករស់នៅខេត្តកំពង់ធំមួយរយៈហើយ ពោលគឺប្រមាណ ១ ឆ្នាំ ដែលជំងឺកូវីដ-១៩ ផ្ទុះជាថ្មី ខណៈការងារមួយចំនួនត្រូវផ្អាក ដូច្នេះមានតែមកនៅដីចម្ការ ដើម្បីមើលថែដំណាំទីនោះ។ លោកថា ការងារសិល្បៈ មិនបានឈប់ទេ ទោះបីឃ្លាតឆ្ងាយបន្តិចមែន ដោយកន្លងមកលោកនៅតែដើរលើវិថីនេះ។

លោកសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ន លោកនៅតែបន្តធ្វើ Concert និងរៀប Even (កម្មវិធី) ផ្សេៗ ដូចជា ការប្រគំតន្ត្រី ផ្សព្វផ្សាយផលិតផល ឬក្រុមហ៊ុននៅតាមបណ្ដាខេត្តនានាក្នុងប្រទេស។
ចំណែកការផលិតកុន លោក ចេវ វីរៈ បញ្ជាក់ថា លោកនៅតែស្រលាញ់ ហើយបើមានឱកាសគ្រប់គ្រាន់ លោកនៅតែចូលរួមជាមួយវិស័យមួយនេះជាថ្មីទៀត។
បន្ថែមពីនេះ លោក ចេវ វីរៈ បានលើកឡើងថា លោកក៏មិនភ្លេចអរគុណដល់គ្រប់បណ្ដាក្រុមហ៊ុន និងដៃគូសហការទាំងអស់ ដែលបានគាំទ្រ ជាពិសេសទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដែលតែងគាំទ្ររាល់ស្នាដៃ និងសកម្មភាពរបស់លោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


