ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ អ្នកជាសះស្បើយពីជំងឺកូវីដ អាចមានបញ្ហាឆាប់បាក់ទឹកចិត្ត និងជំងឺមួយចំនួនទៀត
លោកស្រវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់រ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចប្រឈមនឹងផលវិបាកមួយចំនួន ពិសេសអាចឆ្លងជំងឺកូវីដ១៩ឡើងវិញផងដែរ។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាននៅថ្ងៃនេះ លោកស្រីបានបន្តថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនបានលើកឡើងថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មួយចំនួនគេសង្កេតឃើញថា មានប្រហែលជា២៣ទៅ២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។ លោកស្រីបានបន្តទៀតថា ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង សង្កេតឃើញមានដែរ និងមួយចំនួនទៀតក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។
យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា ករណីនេះអាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នានោះឡើយ ជាពិសេសស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។ លោកស្រីបានបន្ថែមទៀតថា ការសិក្សាក៏បាន បង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលមួយឆ្នាំក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩។ ប៉ុន្តែបុគ្គលខ្លះ ក៏មិនមានបញ្ហានេះដែរ ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់ នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារាងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមាន ឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូង ដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

លោកស្រីបានបញ្ជាក់ថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយៈពេល ៦-១២ ខែ ឬអាចខ្លីជាងនេះឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ១៩។ លោកស្រីបានណែនាំថាការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។ លោកស្រីបានបន្ថែមឱ្យដឹងទៀតថា អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថា តើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គ បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយៈពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឱ្យមានការសិក្សា ច្បាស់លាស់បានបន្តបន្ទាប់ទៀតផងដែរ។

លោកស្រីបានណែនាំទៀតថា«ដើម្បីបង្កើននូវកងការពារក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាកនានាពីជំងឺដ៏កាចសាហាវនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ការយកចិត្តទុកដាក់របស់បងប្អូននាពេលនេះ សូមអញ្ជើញទៅចាក់វាក់សាំងដួសទី ៣ ឬដួសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលបានចាក់ចនសាន់បានមួយដួសហើយនោះ ក៏សូមទៅទទួលយកវាក់សាំងដួសជំរុញឱ្យបានគ្រប់គ្នាៗផងដែរ»។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៤ ៤៩២ នាក់ អ្នកជាសះស្បើយសរុប ១៣០ ០២៨ នាក់ និងអ្នកស្លាប់សរុប ៣០៤៩ នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស