ព័ត៌មានជាតិ
កម្ពុជាលើកទឹកចិត្តឲ្យបណ្ដាប្រទេសនានា ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យបណ្ដាប្រទេសនានានៅលើពិភពលោកជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covishield) ចំនួន ២០ ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃទី ១២ ខែមេសានេះថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសនានានៅលើពិភពលោកមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះបណ្ដាប្រទេសជាច្រើន នៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញបាននៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការអូសបន្លាយនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហានិភ័យសម្រាប់ប្រទេសនានានៅលើពិភពលោក ដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងស្មារតីនេះ កម្ពុជាសូមលើកទឹកចិត្តឲ្យមានការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត»។ ជាក់ស្ដែង ជាមួយនឹងស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាអាចសម្រេចបាននូវភាពស៊ាំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា សមិទ្ធផលដ៏ត្រចេះត្រចង់នេះ អនុញ្ញាតឲ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លងចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ ២០២២នេះក៏ដោយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឲ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព។ ជាលទ្ធផល នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣ ភាគយ នៅក្នុងឆ្នាំ ២០២២ និង ៦,៥ភាគរយ នៅក្នុងឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


