ជីវិតកម្សាន្ដ
ភាពយន្តខ្នាតធំរឿង “អប្សរាមហាអង្គរ” គ្រោងផលិត ១០ ឆ្នាំមុន ខណៈនិពន្ធជិត ៤ ឆ្នាំ
ភាពយន្តភាគខ្នាតធំ រឿង “អប្សរាមហាអង្គរ” កំពុងត្រៀមផលិតនៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ លោក ហ្វៃ សំអាង ជាកវីនិពន្ធបទចម្រៀង និងភាពយន្ត និងជាអ្នកដឹកនាំសម្ដែង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ភាពយន្តខ្នាតធំនេះ ត្រូវបានលោកគ្រោងផលិតតាំងពី ១០ឆ្នាំមុន ខណៈនិពន្ធអស់រយៈពេលជិត ៤ ឆ្នាំ ចុងក្រោយនេះ។

លោក ហ្វៃ សំអាង មានប្រសាសន៍ថា៖ “ភាពយន្ដនេះ ខ្ញុំមានគម្រោងនិពន្ធ និងចង់ផលិតជាង ១០ ឆ្នាំមកហើយ កាលពីសម្តេចព្រះរាម បុប្ផាទេវី លោកនៅមានព្រះជន្ម។ ខ្ញុំធ្លាប់បានពិគ្រោះជាមួយលោក លោកចង់ឱ្យខ្ញុំផលិតរឿងនេះ នៅពេលខ្ញុំកំពុងថតរឿង កូនពស់កេងកង។ កាលពីឆ្នាំ២០១៧ ខ្ញុំទូលលោកថា ពេលថតរឿង កូនពស់កេងកង ចប់ ខ្ញុំនឹងចូលគាល់លោកម្តងទៀត ប៉ុន្តែពេលខ្ញុំថតរឿង កូនពស់កេងកង ចប់ ទ្រង់សោយទីវង្គតបាត់ទៅហើយ”។

លោក ហ្វៃ សំអាង បានឱ្យដឹងបន្ថែមថា៖ “ទើបចុងឆ្នាំ២០១៨ ខ្ញុំចាប់ផ្ដើមសរសេររឿងនេះជាមួយ លោក យូ សុភា តាមចំណងជើងដែលខ្ញុំបានសន្សំទុកជាយូរមកហើយ រួមនឹងគំនិតដ៏ប៉ិនប្រសប់របស់លោក យូ សុភា ដល់ដើមឆ្នាំ២០២២ បានសរសេរចប់។ រឿងនេះគឺយើងកែច្រើនលើកច្រើនសារណាស់”។

គួររំលឹកថា សម្ដេចរាជបុត្រីរី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។
គួរបញ្ជាក់ថា លោកហ្វៃ សំអាង ចាប់ផ្តើមនិពន្ធបទចម្រៀងដំបូង នៅក្នុងឆ្នាំ១៩៩០ មានចំណងជើងថា “កុំស្រឡាញ់ស្រីក្នុងវ័យសិក្សា” ច្រៀងដោយលោក ប៊ុន ចាន់ថន ដែលចម្រៀងនោះមានភាពល្បីល្បាញទូទាំងប្រទេស។ លោក ហ្វៃ សំអាង និពន្ធ និងដឹកនាំរឿងភាពយន្ត ដឹកនាំថតបទចម្រៀងកាយវិការជាសាច់រឿងខ្លី ទទួលបានជោគជ័យជាបន្តបន្ទាប់។

អំឡុងទសវត្សឆ្នាំ ៩០ លោក ហ្វៃ សំអាង បាននិពន្ធភាពយន្តរឿង បុប្ផាភ្នំពេញ រឿង កំលោះឆ្នាំ៩១ រឿង ឋានសួគ៌នៅឯណា រឿង ក្រមុំឆ្នាំ៩២ រឿង សន្ទូចអត់នុយ រឿង ជីវិតតារាភាពយន្ត និងរឿង នេះគឺរឿងខ្ញុំ រឿង ទេពធីតាក្រពុំឈូក រឿង បុត្រាភូជង្គនាគ ជាដើម។ លោក ហ្វៃ សំអាង បានធ្វើឱ្យភាពយន្ត និងរោងភាពយន្តខ្មែរផ្ទុះ និងកកើតឡើងវិញ បន្ទាប់ពីដួលអស់រយៈពេល ១០ ឆ្នាំ តាមរយៈការផលិតភាពយន្តខ្នាតធំខ្មែរដំបូងបន្ទាប់ពីសម័យសង្គមរាស្រ្តនិយម គឺ រឿង “កូនពស់កេងកង” បញ្ចាំងក្នុងឆ្នាំ២០០០។

បន្តមកទៀត លោកបានផលិត រឿង ទុំទាវ រឿង មរណមាតា រឿង ចៅពស់កេងកង រឿង មន្តមាយា។ ចំណែកភាពយន្តភាគបញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍នានាក្នុងស្រុកមានដូចជា រឿង ភ្នំទាបជាងស្មៅ រឿង ជាតិស្ត្រី រឿង ពិសស្នេហ៍ រឿង កូនពស់កេងកង ដែលភាពយន្តទាំងនោះទទួលការគាំទ្រជាខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន