Connect with us

ព័ត៌មានជាតិ

៣ខែដើមឆ្នាំ គយ ប្រមូលពន្ឋបានជិត ៦០០ លានដុល្លារអាមេរិក

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ឋដារគយ និងរដ្ឋាករ ប្រមូលចំណូលបាន ចំនួន២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក នៅរយ:ពេល៣ ខែក្នុងឆ្នាំ ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ឋដារគយ និងរដ្ឋាករ នាពេលថ្មីៗនេះ។

បើតាមអគ្គនាយកដ្ឋានពន្ឋដារគយ និងរដ្ឋាករ តួរលេខនៃចំណូលនេះ គឺស្មើនឹង ២៣.២ ភាគរយ នៃផែនការកំនត់ដោយច្បាប់ស្តីពីផែនការហិរញ្ញវត្ថុ ឆ្នាំ ២០២២ ហើយបើធៀបទៅនឹងឆ្នាំ ២០២១ ក្នុងរយ:ពេលដូចគ្នា ចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀល ស្មើនឹង ២.៥%។

យោងតាមរបាយការណ៍ ចំណូលតាមប្រភេទពន្ធ និងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូលសរុប)។

ចំណែកចំណូលតាមក្រុមទំនិញ បង្ហាញថា យានយន្ត និងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូល​សរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), សម្ភារ​សំណង់ និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

ដោយឡែក ទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ការនាំចេញផលិតផល​កាត់​ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%, ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ​ការនាំចេញអង្ករមានតម្លៃ ១០៥.១ លាន​ដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%)​, ​កៅស៊ូនាំចេញ​​មានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផល​ផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម