ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ណែនាំឱ្យថៅកែរោងចក្រ ជំរុញឱ្យកម្មករទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺអូមីក្រុងថ្មី
លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រសហគ្រាសបន្តជំរុញឱ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ពិសេសមេរោគអូមីក្រុងប្រភេទបំប្លែងខ្លួនថ្មី។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីមានកម្មករនិយោជិតនៅតាមសហគ្រាសរោងចក្រនានាភាគច្រើនទទួលបានការចាក់វ៉ាក់សាំងដូសទី ២ និងទី ៣ ប៉ុណ្ណោះ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ
នៃច្បាប់ស្តីពីការងារដល់និយោជកកាលពីថ្ងៃទី ១៥ កក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារីលោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា « ភាគច្រើនកម្មករយើងចាក់វ៉ាក់សាំងបានដូសទី ២ និងទី ៣។ ដូចនេះខ្ញុំសូមស្នើឱ្យនិយោជកខិតខំលើកទឹកចិត្តបន្តជំរុញឱ្យកម្មករទៅទទួលចាក់វ៉ាក់សាំងដូសជំរុញទី ៤ និងទី ៥ បន្ថែមទៀត បន្ទាប់ពីកម្ពុជាមានឆ្លងករណីជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ដែលមានការចម្លងលឿនជាងមុនក្រោយពីសូន្យអស់រយៈពេល ៥២ ថ្ងៃរួចមក»។

លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ននេះជំងឺអូមីក្រុងបំប្លែអខ្លួនថ្មី បានឆ្លងចូលនៅក្នុងសហគមន៍ឡើងវិញ ហើយសូម្បីតែអ្នកនៅក្បែរខ្លួនយើងក្រុមគ្រួសារយើងក៏អាចឆ្លងដែរ។ ប៉ុន្តែដោយសារមានការចាក់វ៉ាក់សាំង ទើបបានជាការឆ្លងមានសភាពស្រាលៗមិនឈឺធ្ងន់ចូលសម្រាកពេទ្យ។ ប៉ុន្តែនៅពេលឥទ្ធិពលវ៉ាក់សាំងចុះថយក្នុងរយៈពេល ៦ ទៅ ៧ ខែនោះ យើងក៏អាចនឹងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ហើយមានសភាពធ្ងន់ធ្ងរទៀតដោយសារវ៉ាក់សាំងជិតអស់ប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្ថែមថា « អីចឹងដើម្បីធានាបានដល់អាជីវកម្មក៏ដូចជាផលិតកម្មនៅក្នុងរោងចក្រសហគ្រាសរោងចក្រនីមួយៗ ខ្ញុំសូមរំលឹកដល់ម្ចាស់រោងចក្រទទួលយកវ៉ាល់សាំងដូសជំរុញទី ៤ ឬទី ៥ ព្រោះថាការផ្តល់វ៉ាក់សាំងនេះ មិនតម្រូវឱ្យរោងចក្របង់ថ្លៃទេ គឺធ្វើយ៉ាងម៉ិចជួយជំរុញឱ្យកម្មករទៅចាក់ឱ្យបានគ្រប់ៗគ្នា។ បើការណាកម្មករមានឆ្លងជំងឺកូវីដវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការច្រវ៉ាក់ផលិតកម្មនៅក្នុងរោងចក្រជាមិនខាន»។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនវិធានការការពារបន្ទាប់ ពីបានការរកឃើញជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និងBA.5 ដែលមានការចម្លងលឿនជាងពពួកអូមីក្រុងមុនៗទៅទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បំប្លែងថ្មី BA.4 និងBA.5 ជាករណីដែលស្ថិតក្នុងចំណោមការរាលដាលសារជាថ្មីឡើងវិញនៅកម្ពុជា ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៥២ ថ្ងៃ។ លោករដ្ឋមន្ត្រីបានបន្តថា ករណីវិជ្ជមានកូវីដ១៩ សារជាថ្មីនេះ ត្រូវបានរកឃើញនៅលើអ្នកដំណើរពីក្រៅប្រទេស អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រទៅបរទេស។

ចំណែកការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ពពួកមេរោគបំប្លែងថ្មី BA.4, BA.5 នេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន បើទោះបីជាពួកវាមានរោគសញ្ញា មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់កហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា។
លោករដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យបង្កើនការប្រុងប្រយ័ត្ននិងការពារ ដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មី និងអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេសដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ ការពារ ៣ កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល ៣ ខែឡើងទៅ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


