Connect with us

ព័ត៌មានជាតិ

CBC និង VTrust Appraisal ចុះកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការសេវាវាយតម្លៃអចលនទ្រព្យឌីជីថល សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) និង ក្រុមហ៊ុន​វី​ត្រាស់ អា​ព្រេ​ហ្ស​ល ខូ​អិ​ល​ធី​ឌី (VTrust) បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល (Indication Plus Platform) ដែលជា​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ តាម​ប្រព័ន្ធ​ឌីជីថល​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ទូទាំងប្រទេស ដែល​អនុញ្ញាត​ឱ្យមាន​ភា​ព​ងាយស្រួល តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ សម្រាប់​ការវាយតម្លៃ​ឥណទាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល និង​ការវិភាគ​ចុងក្រោយ​បំផុត​។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសម្ពោធ ដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីស៊ី និងលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផលិតផល​នេះ ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ក្នុង​វេទិកា​ពិភាក្សា ក្នុង​ពិធី​អបអរសាទរ​ខួប ១០ ​ឆ្នាំ​របស់ ស៊ី​ប៊ី​ស៊ី នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ដោយមាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​តំណាង​ជាន់ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួង​ពាក់ព័ន្ធ​នានា ក្រុមហ៊ុន ស៊ី​ប៊ី​ស៊ី ក្រុមហ៊ុន VTrust ព្រមទាំង​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា​។ ជា​វេទិកា​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ផលិតផល Indication Plus បាន​ក្លាយជា “​ទីកន្លែង​តែមួយ (One Stop Shop)” ដែលជា​វេទិកា​បច្ចេកវិទ្យា​រួមបញ្ចូល​គ្នា ដោយ​បន្ថែម​គុណ​តម្លៃ​ដ៏​ធំ ដល់​ការវាយតម្លៃ​វត្ថុ​បញ្ចាំ​អចលនទ្រព្យ​។

​លោក វង្ស សុ​ខាល ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វី​ត្រាស់ អា​ព្រេ​ហ្ស​ល ខូ​អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖ «​កិច្ចព្រមព្រៀង​ថ្ងៃនេះ​ជាមួយ ស៊ី​ប៊ី​ស៊ី នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្លាស់ប្តូរ​តម្លៃ​អចលនទ្រព្យ តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ សម្រាប់​ប្រជាជន​កម្ពុជា​។ លោក​បាន​បន្តថា វិធានការ​នេះ​នឹង​ជួយ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែ​ម​ទៀត​ផងដែរ​។​» លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ដោយសារតែ​ប្រទេស​កម្ពុជា​កំពុងដំណើរការ​នូវ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ល្បឿន​យ៉ាង​លឿន យើង​បានរួម​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ជិត​ពីរ​ទសវត្សរ៍​របស់​យើង ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​កម្ចី​កម្ពុជា ក៏ដូចជា​អ្នកផ្ដល់​កម្ចី តាមរយៈ​ការវាយតម្លៃ​អចលនទ្រព្យ​ដែល​ងាយស្រួល និង​មានតម្លៃ​សមរម្យ​។​» យោងតាម​ក្រុម​អ្នក​ដែល​ស្ថិតនៅក្នុង​ឧស្សាហកម្ម​នេះ​ផ្ទាល់ ការវាយតម្លៃ​វត្ថុ​បញ្ចាំ​អចលនទ្រព្យ​បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា​អ្នក​កម្ចី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី

​បើតាម​របាយការណ៍រ​បស់ ស៊ី​ប៊ី​ស៊ី បង្ហាញថា កម្ចី​ទិញ​ផ្ទះ​មាន​ច្រើនជាង ៥០% នៃ​ផលប័ត្រ​សមតុល្យ​ឥណទាន​អ្នកប្រើប្រាស់​ទូទៅ​។ លើសពីនេះ ច្រើនជាង ៥០% នៃ​ប្រាក់កម្ចី​របស់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ គឺជា​ប្រាក់កម្ចី​ធានា ហើយ​ភាគច្រើន​ត្រូវបាន​គាំទ្រ​ដោយ​វត្ថុ​បញ្ចាំ​ដែលមាន​មូលដ្ឋាន​លើដី​ធ្លី​។ ជាមួយនឹង​ការរីកចម្រើន​យ៉ាង​រហ័ស​នៃ​អចលនទ្រព្យ ក៏ដូចជា​ទីផ្សារ​ឥណទាន​នៅក្នុង​ប្រទេស ការវាយតម្លៃ​អចលនទ្រព្យ ឌីជីថល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​។

​ដំណោះស្រាយ​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល ពឹង​ផ្អែកលើ​ទិន្នន័យ​អចលនទ្រព្យ​យ៉ាង​ទូលំទូលាយ​ដែល​បាន​ចងក្រង ជា​ប្រវត្តិ តាមរយៈ​ប្រតិបត្តិការ​ជាច្រើន​ឆ្នាំ​របស់ VTrust ដែល​ដំណើរការ​ដោយ​ការធ្វើ​គំរូ​វិភាគ​ទិន្នន័យ​ចុងក្រោយ​បំផុត ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អ្នកផ្ដល់​កម្ចី​គ្រាន់តែ​ត្រូវ​ចូល​ប្រើ​ប្រព័ន្ធ​ឌីជីថល ហើយ​បញ្ជូន​ព័ត៌មាន​លម្អិត អំពី​អចលនទ្រព្យ​ដូចជា ទីតាំង តំបន់ វិមាត្រ និង​រូបភាព​។ ប្រព័ន្ធ​នេះ​នឹង​វាយតម្លៃ​ជា​ឌីជីថល​នូវ​ព័ត៌មាន​បញ្ចូល និង​បង្កើត​តម្លៃ​ចង្អុលបង្ហាញ​នៃ​អចលនទ្រព្យ​ដែល​អាច​ត្រូវបាន​ប្រើ​សម្រាប់​ការវាយតម្លៃ​ជា​វត្ថុ​បញ្ចាំ​។ ដោយសារ​វិធីសាស្ត្រ​វាយតម្លៃ​នេះ​មិន​តម្រូវឱ្យមាន​ការចុះទៅ​មើល​ដោយផ្ទាល់ ហើយ​ដំណើរការ​ទាំងមូល​អាច​ត្រូវបាន​បញ្ចប់ ជា​លក្ខណៈ​ឌីជីថល នោះ​វា​កាន់តែ​មានតម្លៃ​សមរម្យ និង​ងាយស្រួល​សម្រាប់​អ្នកផ្ដល់​កម្ចី​។ សេវាកម្ម​នេះ​នឹងមាន​ជា ដំណោះស្រាយ​ដ៏​មានគុណ​តម្លៃបន្ថែម​រប​ស់ ស៊ី​ប៊ី​ស៊ី ដល់​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក​របស់ខ្លួន​។ ដោយសារ​វា ជា​ដំណោះស្រាយ​បន្ថែម​គុណ​តម្លៃ សេវា​នេះ​នឹង​ត្រូវបាន​ផ្តល់ជូន តាមតែ​តម្រូវការ​ពី​សមាជិក​របស់ខ្លួន​ប៉ុណ្ណោះ​។

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​លើកឡើងថា​៖ «​ស៊ី​ប៊ី​ស៊ី ប្ដេជ្ញាចិត្ត​ក្នុងការ​ប្រើ​ប្រព័ន្ធ​ឌីជីថល និង​ការវិភាគ​ទិន្នន័យ ដើម្បី​សម្រួល​ដល់​ការសម្រេច​ចិត្តបាន​រហ័ស និង​គ្មាន​ការ​រង្កៀស​ចិ​ត្ដ ដល់​សមាជិក​របស់​យើង ក្នុងការ​សម្រេចចិត្ត និង​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​យ៉ាង​ឆាប់​។ ការវាយតម្លៃ​អចលនទ្រព្យ​ឌីជីថល តាមរយៈ​ការសហការ​របស់​យើង​ជាមួយ VTrust នឹង​ក្លាយជា​កត្ដា​ដ៏​សំខាន់​បន្ថែម​មួយ ចំពោះ​ផលប័ត្រ​របស់​យើង​នៃ​ដំណោះស្រាយ​ដ៏​មានគុណ​តម្លៃបន្ថែម ដើម្បីឱ្យ​សមាជិក​របស់​យើង អាច​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​យ៉ាង​ឆាប់រហ័ស ដោយ​ប្រើ​ប្រវត្តិ​ឥណទាន និង​ការវាយតម្លៃ​អចលនទ្រព្យ ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​ប្រាក់កម្ចី​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​។​»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ហិរញ្ញវត្ថុ​បាន​ឆ្លងកាត់​ការផ្លាស់​ប្រែ​យ៉ាង​ឆាប់រហ័ស​តាមបែប​ឌីជីថល​។ ប្រព័ន្ធ​នៃ ការសម្រេចចិត្ត​ផ្ដល់ប្រាក់​កម្ចី​បែប​ស្វ័យប្រវត្ត​កំពុង​ត្រូវបាន​ប្រើប្រាស់​កាន់តែ​ច្រើនឡើងៗ​។ ការគ្រប់គ្រង​ហានិភ័យ​ឥណទាន ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល ក៏​កំពុង​វិ​វត្ត​នៅក្នុង​ប្រទេស​ផងដែរ​។ តាម​ទិដ្ឋភាព​ផ្លាស់ប្តូរ​នេះ ការវាយតម្លៃ​អចលនទ្រព្យ​តាមបែប ឌីជីថល និង​ការផ្តល់ជូន​សេវា​នេះ ស្ថិតក្រោម​ផលប័ត្រ​ចម្រុះ ខាង​ដំណោះស្រាយ​បន្ថែម​គុណ​តម្លៃ​របស់ ស៊ី​ប៊ី​ស៊ី ដែល​ជួយ​អ្នក​ឱ្យ កម្ចី តាម​ដំណាក់កាល​ជាច្រើន​នៃ​វដ្ត​គ្រប់គ្រង​ប្រាក់កម្ចី នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​នានា នៅ​កម្ពុជា​។

[ពីឆ្វេងទៅស្ដាំ] លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី – លោកជំទាវបណ្ឌិត ជា សេរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី​ – លោក គុយ វ៉ាត នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Zillennium/​ Group Companies – លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី

​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​

​ចាប់តាំងពី​ឆ្នាំ​ ២០១២ មក ស៊ី​ប៊ី​ស៊ី បាន​ក្លាយជា​អ្នកផ្ដល់​ព័ត៌មាន​ហិរញ្ញវត្ថុ ដំណោះស្រាយ​បែប​វិភាគ និង​សេវាកម្ម​របាយការណ៍​ឥណទាន​ដ៏​ឈានមុខ​គេ ជូន​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​អតិថិជន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ការលើកទឹកចិត្ត​សម្រាប់​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​តាមរយៈ​ដំណោះស្រាយ​ជាច្រើន​ដូចជា របាយការណ៍​ឥណទាន​បុគ្គល​, របាយការណ៍​ឥណទាន​ក្រុមហ៊ុន​, ពិន្ទុ​ឥណទាន​(​ខេ​-​ស្ករ​), របាយការណ៍​បែប​វិភាគ​ទិន្នន័យ​, ដំណោះស្រាយ​ផែនទី​ហានិភ័យ​ឥណទាន​, សេវា​គ្រប់គ្រង​ផលប័ត្រ​, សេវា​ត្រួតពិនិត្យ​ផលប័ត្រ​, និង​ដំណោះស្រាយ​តាម​តម្រូវការ​អតិថិជន​។ ស៊ី​ប៊ី​ស៊ី មាន​សមាជិក​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១៨១ រួមមាន ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ជួល និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់ កញ្ញា ហាក់ ស្រី​នី​ត តាមរយៈ​អ៊ី​ម៉ែ​ល ([email protected]) ឬ​លេខ​ទូរស័ព្ទ (+៨៥៥ ២៣ ៩៩៩ ០០៦)

​អំពី​ក្រុមហ៊ុន​វី​ត្រាស់ អា​ព្រេ​ហ្ស​ល ខូ​អិ​ល​ធី​ឌី​

​ក្រុមហ៊ុន​វី​ត្រាស់ អា​ព្រេ​ហ្ស​ល ខូ​អិ​ល​ធី​ឌី បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៤ ដើម្បី​ផ្តល់នូវ​សេវា​វាយតម្លៃ​ទាន់ពេលវេលា និង​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌ សម្រាប់​អតិថិជន​ក្នុងស្រុក និង​អន្តរជាតិ រួមទាំង​ធនាគារ ក្រុមហ៊ុន​ឯកជន បុគ្គល ភ្នាក់ងារ​ធានា​ទិញ រដ្ឋាភិបាល និង​ទីភ្នាក់ងារ​នានា​។ យើង​ជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​អនុវត្ត​ការវាយតម្លៃ​តាមរយៈ​ប្រព័ន្ធ Pre-IPO ទាំងស្រុង​។ ក្រុមហ៊ុន​របស់​យើង ផ្តល់នូវ​អចលនទ្រព្យ ការវាយតម្លៃ​អាជីវកម្ម​បន្ថែម​លើ​ទ្រព្យសកម្ម និង​ការវាយតម្លៃ​តាមរយៈ​ប្រព័ន្ធ Pre-IPO ។ ជាមួយនឹង​បទពិសោធន៍​នៃ​ការវាយតម្លៃ​ក្នុង​រយៈពេល ១៨ ឆ្នាំ​របស់​យើង បានអនុញ្ញាត​ឱ្យ​យើង​ប្រមូល​ទិន្នន័យ ដ៏​ទូលំទូលាយ​នៃ​ប្រតិបត្តិការ​អចលនទ្រព្យ​ឯករាជ្យ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ឧស្សាហកម្ម​ឈានមុខ​គេ យើង​បានផ្តល់​នូវ​តម្លៃ​ទីផ្សារ​ពិតប្រាកដ​ជាមួយនឹង​ស្តង់ដារ​វិជ្ជាជីវៈ​អប់រំ និង​វាយតម្លៃ​ខ្ពស់បំផុត​នៃ​ប្រព័ន្ធ RICS និង IVS ។ បច្ចុប្បន្ននេះ យើង​កំពុង​ពង្រីក​សមត្ថភាព​របស់​យើង​ទៅកាន់​ទូទាំងប្រទេស និង​ផ្លាស់ប្តូរ​ទៅជា​វេទិកា​វាយតម្លៃ​អន​ឡាញ (Indication Plus Platform)​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​របស់ VTrust Appraisal តាមរយៈ​អ៊ី​ម៉ែ​ល ([email protected]) ឬ​លេខ​ទូរស័ព្ទ (+៨៥៥ ២៣ ៨៨៤ ៤៣៧)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម