ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍កំណត់គោលដៅទេសចរណ៍អាទិភាព ៦ ទីតាំង សាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត នៅខេត្តស្ទឹងត្រែង
ក្នុងបេសកកម្មចុះសិក្សាទីតាំងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តនៅខេត្តស្ទឹងត្រែង ចាប់ថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ ចុះសិក្សា ត្រួតពិនិត្យ ប្រមូលព័ត៌មាន និងទិន្នន័យសេវាទូរគមនាគមន៍ និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែនចំនួន ៦ ទីតាំង ដែលជាតំបន់គោលដៅទេសចរណ៍អាទិភាពស្ថិតក្នុងខេត្តស្ទឹងត្រែង។

លោក ញឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់ ៥ បានមានប្រសាសន៍ថា ក្រុមការងារអន្តរក្រសួង និងមន្ទីរ ក្នុងនោះមានទេសចរណ៍ បរិស្ថាន វប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការជាមួយក្រុមការងារប្រតិបត្តិករទូរសព្ទចល័ត ក្រុមការងារប្រតិបត្តិករសាងសង់បង្គោលអង់តែន រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានឯកភាពគ្នាសម្រេចយកទីតាំងដែលអាជ្ញាធរមូលដ្ឋានចង្អុលបង្ហាញ និងផ្តល់ដីធ្វើជាទីតាំងសាងសង់បង្គោលអង់តែន ដើម្បីធ្វើឲ្យតំបន់ទាំងនោះមានសេវាទូរសព្ទ និងសេវាអ៊ីនធឺណិត មានគុណភាពល្អ និងវិសាលភាព សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើង ពិសេសភ្ញៀវទេសចរ។

លោកអនុរដ្ឋលេខាធិការមានប្រសាសន៍បន្តថា តំបន់ដែលបានកំណត់ដាក់បង្គោលស្ថានីយអង់តែនទូរសព្ទទាំង ៦ នេះ ជាតំបន់ទេសចរណ៍ និងដាច់ស្រយាល ស្ថិតនៅកៀកជិតទៅនឹងរមណីយដ្ឋានអេកូទេសចរណ៍ដែលអាជ្ញាធរខេត្តស្ទឹងត្រែងបង្កើតឡើង ហើយមានភ្ញៀវទេសចរទៅកម្សាន្តច្រើននារដូវប្រាំង។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា នេះជាការគិតគូរ និងរួមចំណែក ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្ត តបតាមប្រសាសន៍របស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងមកនេះ។

លោកស្រី នេត ចន្ទ័វរិន្ទ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង មានប្រសាសន៍ដែរថា ឆ្លើយតបតាមតម្រូវការចាំបាច់នោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍។ ក្នុងនោះខេត្តស្ទឹងត្រែង ក៏ទទួលបានចំនួន ៦ កន្លែងផងដែរ សម្រាប់ដំណាក់កាលទី ១ ស្ថិតតាមគោលដៅទេសចរណ៍ តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល។

សូមបញ្ជាក់ថា ស្ថានីយអង់តែនទាំង ៦ នេះ នឹងត្រូវរៀបចំសាងសង់ឡើងនៅទីតាំង ទី១-រមណីយដ្ឋានអាហារដ្ឋានត្មាត ស្ថិតនៅភូមិខិស្វាយ ឃុំព្រែកមាស។ ទី២-សហគមន៍អេកូទេសចរណ៍អូរចាយ ស្ថិតនៅឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង។ ទី៣-សហគមន៍អេកូទេសចរណ៍កោះហាន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ទី៤-សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ ទី៥-សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតនៅឃុំសំអាង និងទី៦-រមណីយដ្ឋានអាចារ្យភ្លើង ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង៕
អត្ថបទ ៖ ងិន លីម


-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


