សេដ្ឋកិច្ច
រដ្ឋទម្លាក់ថវិកាជាង ៩០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវកសិករ
ដើម្បីជំរុញការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិការបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ជួយប្រមូលទិញស្រូវពីកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវ ដែលលក់មានចំនួនច្រើន ក្នុងពេលតែមួយ។

ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះថ្លៃ បើធៀបនឹងដើមរដូវ។ ដូច្នេះហើយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱមានការបង្អាប់ថ្លៃស្រូវ។
ពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃស្រូវនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្រ្តីសហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ នៅក្នុងគោលដៅពីរគឺ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាលទ្ធផល ម្ចាស់រោងម៉ាស៊ីនមួយចំនួន បានស្ម័គ្រចិត្តរក្សាស្ថិរភាពតម្លៃស្រូវឱ្យត្រឹម១០៤០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ប្រភេទសើម លេខ១។
លោករដ្ឋមន្រ្តី បានអះអាងថា ក្នុងស្ថានភាពបែបនេះ ក្រុមការងារក្រសួងកសិកម្ម នឹងនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យ កសិករបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ៕






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ