Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្រុយ​សិស្ស​ គួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល

បានផុស

នៅ

ខណៈ​ដែល​​សិស្សានុសិស្សបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ និង​​កំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន និង​​ក៏​កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ការជ្រើសរើសជំនាញ​សិក្សា​នៅថ្នាក់ឧត្តមសិក្សាត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះជា​ការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ជំនាញជាច្រើន​សម្រាប់​ការជ្រើសរើស​​សិក្សា​ដូចជា គ្រប់គ្រង គណនេយ្យ វិស្វករ ទេសចរណ៍​ក៏​ដូចជា​ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជាវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Block Chain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម ប៉ុន្តែមិនទាន់មានមូលដ្ឋានច្បាស់ក្នុងការសម្រេចចិត្តនៅឡើយ។

យ៉ាងណាមិញ ក្រសួង​ប្រៃសណីយនិងទូរគមនាគមន៍​បាន​ធ្វើការ​ស្រាវជ្រាវ​និងជំរុញ​​ឲ្យ​សិស្សពិចារណាលើ​ការ​សិក្សា​មុខជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល។ តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល។

១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើន

បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះមានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើននាំឱ្យក្រុមហ៊ុននិងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើសយកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញសន្ដិសុខសាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាដើម។

២.បើកអាជីវកម្មដោយខ្លួនឯង

សព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះអ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្ម​ថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យា​ឌីជីថល​នៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។

៣.មានការផ្តល់អាហារូបករណ៍ជាច្រើន

ដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ជូនការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល ដល់សិស្សឆ្នើមចំនួន 150នាក់ជារៀងរាល់ឆ្នាំ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដោយនិស្សិតអាហារូបករណ៍ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភលើការស្នាក់នៅ និងហូបចុកសម្រាប់រយៈពេល៤ឆ្នាំ។ ក្រៅពីនេះ មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេសជាច្រើនទៀត ដែលបានផ្តល់ជូនជាបន្តបន្ទាប់សម្រាប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។

៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន

ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជាភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ ហើយមុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការ​ទាញ​យក​ប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា។

៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ​ឱ្យមានវឌ្ឍនភាពឈានឡើង

បច្ចេកវិទ្យាឌីជីថលបានដើរតួយ៉ាងសកម្មក្នុងការប្រែក្លាយនិងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត។ សមិទ្ធផលសំខាន់ដែលយើងបានប្រើប្រាស់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ត្រូវអរគុណដល់គំនិតដ៏អស្ចារ្យរបស់និស្សិតបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលពួកគាត់បានប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកទេសបង្កើតឧបករណ៍និងកម្មវិធីជាច្រើនដែលជួយសម្រួលដល់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងប្រចាំថ្ងៃ។ ក្នុងន័យនេះក្រោយបញ្ចប់ការ សិក្សានិស្សិតអាចប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ​ឱ្យមានវឌ្ឍនភាពឈានឡើង ព្រមទាំងកសាងសង្គមស៊ីវីល័យស្របតាមនិន្នាការតំបន់និងសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម