ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវយុវជនក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញ ដោយឥតគិតថ្លៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ៤ មីនា នេះ បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួនឯង និងក្រុមគ្រួសារ សំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ។

លោកបានបន្តថា បច្ចុប្បន្ននេះ សិស្សដែលជាក្រុមគោលដៅកំពុងសិក្សាជំនាញនៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមានចំនួនតិចជាងសិស្សទូទៅនៅឡើយ។ អាស្រ័យហេតុនេះ សូមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានច្រើនបន្ថែមទៀត តាមរយៈកម្មវិធីទូរសព្ទដូចជា TVET 1.5M ពី APPSTORE (IOS) ឬ ពី PlayStore និងពី APPGallery ហើយរាល់ការចុះឈ្មោះមិនមានការបង់ប្រាក់ឡើយ។
លោកបានបន្តទៀតថា ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មិនត្រឹមតែចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ក្នុង ១ ខែ ពីរាជរដ្ឋាភិបាលផងដែរ។ ចំណែកសិស្សទូទៅអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចសិស្សក្រីក្រ និងងាយរងហានិភ័យទេ។ ក្រៅពីនេះ ក្រសួង នៅបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមជាច្រើន។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៤ ខែមីនា នេះ មានយុវជនកំពុងសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលចំនួន ១២ ១១២ នាក់ ស្រី ៤ ១២០ នាក់ ចែកជា ៥៣៥ ថ្នាក់ ក្នុងនោះក្រុមគោលដៅមានចំនួន ៥ ៦៤៤ នាក់ ស្រី ២ ២៧១ នាក់។
លោកបានបន្ថែមថា កម្មវិធីបណ្ដុះបណ្ដាលចែកចេញជា ៣ វេន ទៅតាមការជ្រើសរើសរបស់សិស្ស ក្នុងនោះវេនទី ១ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀនពេលព្រឹក និងល្ងាច មាន ២០០ ថ្នាក់ មានសិស្សរៀនចំនួន ៣ ៩១២ នាក់ ស្រី ៩៨៥ នាក់ ក្នុងនោះសិស្សដែលជាក្រុមគោលដៅមានចំនួន ១ ៨៦៤ នាក់ ស្រី ៥៧២ នាក់។ វេនទី ២ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀនពេលយប់មាន ១៥៧ ថ្នាក់ មានសិស្ស ៣ ៨៦២ នាក់ ស្រី ១ ៣២៥ នាក់ ក្នុងនោះមានក្រុមគោលដៅចំនួន ១ ៩២៣ នាក់ ស្រី ៧៩០ នាក់ និងវេនទី ៣ រៀននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រៀនពេលព្រឹក និងល្ងាច មាន ១៧៨ ថ្នាក់ មានសិស្ស ៤ ៣៣៨ នាក់ ស្រី ១ ៨១០ នាក់ ក្នុងនោះមានក្រុមគោលដៅ ១ ៨៥៧ នាក់ ស្រី ៩០៩ នាក់។

លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានប្រកាសបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


