ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ បន្ថែមថា ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម, ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជាប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ជាប្រមុខ បានប្តេជ្ញាបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អរាល់ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងសម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើងក្នុងទីអារាមដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ ដែលមានអាយុកាលប្រមាណជាង ១៩០ ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈ នៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ។

វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕





-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ