Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមថ្ងៃនេះ ខណៈ ចិន និងរុស្ស៊ី ជារបៀបវារៈសំខាន់

បានផុស

នៅ

កិច្ចប្រជុំកំពូល G7 បានចាប់ផ្តើមនៅថ្ងៃសុក្រទី១៩ខែឧសភា ក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ខណៈរុស្ស៊ី និងចិន គឺជារបៀបវារៈសំខាន់ ថ្វីបើប្រទេសទាំងពីរនេះ មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួបកំពូលនេះក៏ដោយ។

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ស្របពេលដែលប្រមុខនៃប្រទេសលទ្ធិប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក ជួបប្រជុំគ្នារយៈពេលបីថ្ងៃនៅក្នុងទីក្រុងភាគខាងលិចប្រទេសជប៉ុន, មេដឹកនាំទាំងអស់ត្រូវព្យាយាមធ្វើយ៉ាងណា ដើម្បីបញ្ចប់ភាពខ្វែងគំនិតគ្នា ហើយត្រូវរួបរួមប្រឆាំងនឹងបញ្ហាប្រឈមដែលបង្កឡើងដោយទីក្រុងប៉េកាំង និងមូស្គូ។

ការខ្វែងគំនិតគ្នាខ្លាំងបំផុតនៅក្នុង G7 គឺពាក់ព័ន្ធនឹងចិន ព្រោះប្រទេសនានា កំពុងរិះរកវិធីដើម្បីព្រមានប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាការគំរាមកំហែងរបស់ចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងសន្តិសុខសេដ្ឋកិច្ច។

យ៉ាងណាក្តី G7 ដែលមានដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី សុទ្ធតែមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក និងជាមូលដ្ឋានផលិតកម្ម និងទីផ្សារសកលដ៏សំខាន់។

ភាពខ្វែងគំនិតគ្នារបស់ G7 លើប្រទេសចិន ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមុន ហើយបានអំពាវនាវឲ្យសហភាពអឺរ៉ុប កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក។

លើសពីនេះ មេដឹកនាំទាំងអស់ ក៏នឹងពិភាក្សាអំពីគម្រោងរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបង្ហាញក្តីព្រួយបារម្ភ​ថា សកម្មភាព​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន ​អាច​ជំរុញ​សកម្មភាព​ចិន​ប្រឆាំង​តៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសខាងលើ មេដឹកនាំមកពីប្រទេសមួយចំនួនទៀត រួមទាំងឥណ្ឌា និងវៀតណាមផងដែរ គឺស្ថិតក្នុងចំណោមភាគីចូលរួមជាអ្នកសង្កេតការណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អតីតមេដឹកនាំពិភពលោក អំពាវនាវដល់ G7 កុំអនុញ្ញាតឲ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ក្លាយជាជនរងគ្រោះរបស់មហាអំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម