KPT+
វិធីសាស្ត្រសិក្សាពូកែ ពីសិស្សនិស្សិតស្រីពិការ
ជាសិស្សសិក្សាតែងតែបានចំណាត់ថ្នាក់លេខ១ រៀងរាល់បំណាច់ឆ្នាំ ចាប់តាំងពីថ្នាក់ទី៧ ដល់ទី១០ រហូតជាប់អាហារូបករណ៍មករៀននៅសាកលវិទ្យាល័យស្វាយរៀង បច្ចុប្បន្ន ផូ ម៉ារី ជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ។ ចំណែកការសិក្សានៅសាកលវិទ្យាល័យនេះ ម៉ារី ទទួលបានលទ្ធផល GPA ពិន្ទុ ៣,៨៥ លើពិន្ទុសរុប ៤,០០ ។

ពិបាកក្នុងការធ្វើដំណើរ ខណៈផ្ទះក៏នៅសាលានៅឆ្ងាយពីសាលា តើហេតុអ្វី សិស្ស និស្សិតពិការរូបនេះ សិក្សាបានលទ្ធផលល្អ?

“តាមពិតទៅ ខ្ញុំមិនមែនជាសិស្សពូកែអីនោះទេ គ្រាន់តែខ្ញុំអាចរៀនបានទៅប្រដំប្រសងជាមួយនឹងសិស្សដទៃទៀត នេះប្រហែលមកពីខ្ញុំគិតខ្លួនឯងថា ខ្ញុំពិការ ហើយបើខ្ញុំមិនខំរៀនទេ អនាគតនឹងទៅជាយ៉ាងណា? ពិការហើយអត់ចេះអក្សរមិនអាចចូលធ្វើការងារអីបាននៅក្នុងសង្គមដូចគេ”។ នេះជាសម្ដីរបស់ កញ្ញា ផូ ម៉ារី បានប្រាប់ដល់ កម្ពុជាថ្មី ។

យុវតីវ័យ ២៣ឆ្នាំ រូបនេះ បានឱ្យដឹងបន្ថែមថា ឪពុកម្ដាយនាងបានខំស្វះស្វែងព្យាបាលនាងគ្រប់មធ្យោបាយ រហូតដល់លក់ដីលក់អស់ទ្រព្យសម្បត្តិ ដើម្បីចិញ្ចឹមមើលថែ ព្យាបាលជំងឺនាងទម្រាំរស់បានប៉ុណ្ណេះ ដែលនេះគឺជាមូលហេតុដ៏ធំបំផុត និងជំរុញលើកទឹកចិត្តឱ្យនាងខំរៀនរហូតមក។

កញ្ញា ផូ ម៉ារី លើកឡើងថា៖ “បើនិយាយអំពីវិធីសាស្ត្រក្នុងការរៀនរបស់ខ្ញុំកាលពីបឋម រហូតដល់ថ្នាក់ទី១០ ខ្ញុំរៀននៅសាលាពេលព្រឹក លុះពេលរសៀលខ្ញុំជួយធ្វើនំម៉ែលក់ នំអន្សម នំក្រូច នំពងអន្សង នំជើងជ្រូក នំទៀន… លុះដល់ពេលយប់ហូបបាយរួច ទើបខ្ញុំចាប់ផ្ដើមរៀនបន្ត ធ្វើកិច្ចការសាលារហូតដល់ម៉ោង៩ ទើបខ្ញុំសម្រាក។ ហើយខ្ញុំតែងតែក្រោកម៉ោង ៤ៈ៣០ រៀបភ្លឺជារៀងរាល់ថ្ងៃដើម្បីទន្ទេញមេរៀន កត់ចំណាំរូបមន្ត មើលមេរៀនសម្រាប់ថ្ងៃបន្ទាប់”។

បើនិយាយអំពីការរៀនក្នុងថ្នាក់ និស្សិតស្រីសម្បុរសណ្ដែកបាយរូបនេះ បានឱ្យដឹងថា នាងតែងតែសួរនាំគ្រូចំពោះចម្ងល់នៅក្នុងមេរៀន ធ្វើលំហាត់ជុំគ្នាជាមួយមិត្តភក្កិ យកចិត្តទុកដាក់ចំពោះការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ហើយបានមើលមេរៀនមុនជានិច្ច ចូលទៅអានសៀវភៅនៅទីចាត់ការ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏បានមួយម៉ោងដែរ។

កញ្ញា ផូ ម៉ារី លើកឡើងបន្តថា៖ “នៅពេលដែលខ្ញុំមករស់នៅអង្គការរៀនថ្នាក់ទី១១ និងទី១២ ដោយសារតែខ្ញុំរៀនគួរផង រៀនម៉ោងរដ្ឋផង ពីម៉ោង៧ ដល់ម៉ោង១២ ហើយពីម៉ោង១រសៀល ដល់់ម៉ោង៧យប់ នៅពេលដែលសម្រាកហូបបាយពេលល្ងាចរួច ខ្ញុំក៏ចាប់ផ្ដើមធ្វើលំហាត់កិច្ចការសាលាជាមួយនឹងមិត្តភក្កិដែលស្នាក់នៅជាមួយគ្នា។ រហូតដល់ម៉ោង១១យប់ ទើបសម្រាក។ ប៉ុន្តែយប់ខ្លះហត់ពេក ក៏សម្រាកតែម្តង លុះដល់ទៀបភ្លឺ ទើបខ្ញុំចាប់ផ្ដើមឡើងរៀនវិញ”។

ម៉ារី បានឱ្យដឹងថា ការរៀនសម្រាប់ខ្ញុំ និងសិស្សដទៃទៀតដែលរៀនជាមួយគ្នា មានវិធីសាស្រ្តមិនសូវជាខុសគ្នាប៉ុន្មានទេគឺ៖ ១. មករៀនទៀងទាត់ ២ កត់មេរៀនពេលគ្រូពន្យល់ ៤ ព្យាយាមធ្វើលំហាត់ឱ្យបានច្រើន ៥ មើលមេរៀនមុន គ្រូបង្រៀនក្នុងថ្នាក់ ៦. ពេលគ្រូពន្យល់ ព្យាយាមស្ដាប់គាត់យកចិត្តទុកដាក់ ហើយត្រូវចេះសួរនាំគាត់ ៧. ត្រូវមានភាពក្លាហានក្នុងថ្នាក់រៀន ៨. ឧស្សាហ៍ឡើងអានមេរៀននៅក្នុងថ្នាក់ឱ្យបានច្រើនដង ៩. បង្កើតភាពស្និទ្ធសាលជាមួយមិត្តភក្កិលោកគ្រូអ្នកគ្រូ ដើម្បីធ្វើឱ្យបរិយាកាសក្នុងការរៀនមានលទ្ធផលល្អ ១០ កំណត់ពេលវេលាច្បាស់លាស់សម្រាប់ការរៀនទៅលើមុខវិជ្ជាណាមួយ ហើយត្រូវធ្វើការអនុវត្តឱ្យបានជាក់លាក់។

កញ្ញា ផូ ម៉ារី ជាកូនស្រីទី៦ ក្នុងចំណោមបងប្អូន ៧នាក់ នាងទើបពិបារដើរលែងបាននៅឆ្នាំ២០០៧ ពោលនៅពេលនាងអាយុ ៧ឆ្នាំ មានអាការៈក្ដៅខ្លួន ហើយត្រូវកូនរបស់ពេទ្យក្នុងភូមិមកចាក់ថ្នាំដល់ផ្ទះ ដោយយកថ្នាំសម្រាប់មនុស្សពេញវ័យ ហើយចាក់ចំសរសៃ។ គ្រួសារនាងបានលក់អស់ទ្រព្យក្នុងគ្រួសារដើម្បីព្យាបាលនាង និងពុះពារគ្រប់យ៉ាងដើម្បីនាងបន្តការសិក្សាដូចប្រាថ្នា។

គួរបញ្ជាក់ថា កញ្ញា ផូ ម៉ារី បានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទយុវជន រៀបចំដោយ សសយក ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១, ចូលរួមប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជ័យលាភីលេខ១ ជាម្ចាស់មេដាយមាស។ ជាមួយគ្នានេះ នាងធ្លាប់ធ្វើ វាគ្មិន តំណាងសាកលវិទ្យាល័យស្វាយរៀង ក្នុងការបង្ហាញអំពីទស្សនៈយុវជន ក្នុងកម្មវិធី “ចូលរួមជាចរន្តជាតិតែមួយឆ្ពោះទៅបញ្ចប់អេដស៍ នៅឆ្នាំ២០២៥” រៀបចំដោយកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០២២ និងកម្មវិធីផ្សេងៗទៀត។

នាងជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ ដោយសិក្សាវេនព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៧ ដល់ម៉ោង ១១ៈ៣០នាទីព្រឹក។ ជាមួយគ្នានេះ នាងក៏កំពុងរៀនជំនាញភាសាអង់គ្លេស បរិញ្ញាបត្ររង សិក្សាវេនយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៥ៈ៣០ ដល់ម៉ោង ៨ៈ៣០នាទីយប់ ព្រមទាំងធ្វើការហាត់ការមួយទៀត ជានិស្សិតហាត់ការនៅ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង១ ដល់ ម៉ោង៥រសៀល និងសៅរ៍-អាទិត្យ ធ្វើទាំងព្រឹកល្ងាច។ ពេលរៀនចប់ នាងមានបំណងប្រាថ្នាចង់ធ្វើការជាមន្រ្តីពន្ធដារ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


