Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើជំនួយផ្នែកបច្ចេកទេសពីអាមេរិកក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ជនមានពិការភាព

បានផុស

នៅ

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើសុំជំនួយផ្នែកបច្ចេកទេសពីសហរដ្ឋអាមេរិក ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាពនៅកម្ពុជា។ ការស្នើសុំនេះ ធ្វើឡើងនៅជំនួបទ្វេភាគីរវាងលោក ឯម ច័ន្ទមករា និងលោកស្រី សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯម ច័ន្ទមករា បានលើកឡើងថា ក្នុងនាមកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនមានពិការភាពនៅកម្ពុជា ព្រមទាំង បានរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពងាយស្រួលសម្រាប់ជនមានពិការភាព ទាំងនៅតាមស្ថាប័នរដ្ឋ និងឯកជន រួមទាំងតាមដងផ្លូវសាធារណៈ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ ពោល គឺថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនមានពិការភាពនៅកម្ពុជា ក្នុងនោះ សហរដ្ឋអាមេរិកក៏ជាផ្នែកមួយក្នុងការជួយឱ្យវិស័យពិការភាពនៅកម្ពុជាមានភាពល្អប្រសើរឡើងទៀតផង។

លោកសង្កត់ធ្ងន់ថា៖ “ការជួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ាន ពិតជាមានសារៈសំខាន់សម្រាប់វិស័យពិការភាព និងស្នើធ្វើយ៉ាងណាជួយដល់បណ្តាប្រទេសក្នុងអាស៊ានឱ្យបានច្រើនថែមទៀត”

ទន្ទឹមនឹងការអភិវឌ្ឍនេះ លោក ឯម ច័ន្ទមករា បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងតែរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយសម្រាប់វិស័យពិការភាពនៅកម្ពុជា ដើម្បីជាការអភិវឌ្ឍថ្មីមួយទៀតដល់វិស័យពិការភាពនេះ។ លោកក៏បានស្នើដល់ភាគីសហរដ្ឋអាមេរិកចូលរួមជួយផ្នែកបច្ចេកទេស ដើម្បីត្រៀមសម្រាប់ការអនុវត្តច្បាប់នាពេលខាងមុខ។

ជាការឆ្លើយតប ភាគីសហរដ្ឋអាមេរិក លោកស្រី សារ៉ា មិនការ៉ា បានបង្ហាញពីការចាប់អារម្មណ៍ចំពោះសំណើជាផ្លូវការរបស់ក្រសួងសង្គមកិច្ច ដើម្បីធ្វើកិច្ចការងារនេះជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ លោកស្រី ក៏បង្ហាញចំណាប់អារម្មណ៍ចង់មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាថែមទៀតផង។

លោកស្រី សារ៉ា មិនការ៉ា បានលើកឡើងថា៖ “កម្ពុជា​ពិតជា​ដៃគូ​សំខាន់​របស់​យើង​។ យើងប្តេជ្ញាចិត្តចំពោះពិការភាព មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងលើទ្វេភាគីជាមួយប្រទេសកម្ពុជា ដូច្នេះ ខ្ញុំគិតថា មានការងារល្អដែលត្រូវធ្វើ”

ជារួមមក តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក លោក ឯម ច័ន្ទមករា សង្ឃឹមថា ទំនាក់ទំនងរបស់ភាគីទាំង២នឹងកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេស ដើម្បីផ្តល់ជាប្រយោជន៍ទៅដល់ជនដែលមានពិការភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម