ព័ត៌មានជាតិ
កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការធានានិរន្តរភាពបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ដល់ប្រធានក្រុមហ៊ុនជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ។

ការគូសបញ្ជាក់នេះ ធ្វើឡើងនៅពេលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោក អូបាយ៉ាស៊ី តាកេអុ ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពអាជីវកម្ម របស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេសសកម្មភាពការងារមួយចំនួន ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម។

លោក អូបាយ៉ាស៊ី តាកេអុ ក៏បានជម្រាបផងដែរអំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃ ឲ្យទៅវិនិយោគនៅប្រទេសកម្ពុជា។ លោក ក៏បានជម្រាបជូនសម្តេចធិបតីផងដែរ អំពីគម្រោងពិព័រណ៍សាកល នៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ ២០២៤ខាងមុខនេះ ជាមួយក្តីសង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ និងសហការី ព្រមទាំងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយ អំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកល ក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា៖ ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។
គួរឲ្យដឹងថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ខេត្ត ដូចជា៖ ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសជប៉ុន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ