Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា ឌឺដងឲ្យប្រធានាធិបតីលីបង់​ ថា ទៅជួបអាមេរិក ប្រៀបដូចការចុះញ៉មនឹងបរទេស

បានផុស

នៅ

ក្រុមហេសបូឡាលីបង់​ ដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយតម្លៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីលីបង់ លោក Joseph Aoun ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ថា ជាការបរាជ័យ និងបានអះអាងថា ព្រឹត្តិការណ៍នេះបានបង្ហាញពីការចុះញ៉មរបស់រដ្ឋាភិបាលលីបង់ចំពោះអំណាចបរទេស។

លោក Joseph Aoun និងលោកត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយ CNA កាលពីថ្ងៃទី២៣ ខែកក្កដា, ក្រុមសមាជិកសភារបស់ចលនានេះបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានលាតត្រដាងពីកម្រិតនៃការដើរតាម និងការចុះញ៉មក្រោមអាណាព្យាបាលរបស់បរទេស។ ជាក់ស្ដែង វាបានបរាជ័យក្នុងការសម្រេចបាននូវ ការប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការដេញសត្រូវឲ្យដកចេញពីទឹកដីរបស់យើង ដែលពាក្យ «សត្រូវ» នេះ គឺពួកគេសំដៅលើប្រទេសអ៊ីស្រាអែល។

បើតាមក្រុមប្រដាប់អាវុធមួយនេះ ដំណើរទស្សនកិច្ចនោះក៏បានបរាជ័យក្នុងការបញ្ឈប់ឧក្រិដ្ឋកម្មនៃការសម្លាប់ ការទម្លាក់គ្រាប់បែក និងការឈូសឆាយដីធ្លី ដែលសត្រូវនេះនៅតែបន្តប្រព្រឹត្តប្រឆាំងនឹងប្រជាជនរបស់យើង ហើយវាក៏មិនបានផ្តល់លទ្ធភាពសម្រាប់ការវិលត្រឡប់មកវិញដោយសុវត្ថិភាពរបស់ប្រជាជនភៀសខ្លួន ឬការចាប់ផ្តើមការកសាងឡើងវិញនោះឡើយ។

ថ្វីដ្បិតតែ អំពើហិង្សាមានការថយចុះ ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងអាមេរិក និងអ៊ីរ៉ង់ កាលពីខែមុន និងកិច្ចព្រមព្រៀងក្របខ័ណ្ឌលីបង់-អ៊ីស្រាអែលក៏ដោយ ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅភាគខាងត្បូង។ ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានធ្វើការបំផ្ទុះដ៏ធំមួយ នៅក្នុងតំបន់ Al-Tiri ក្បែរព្រំដែន ហើយកម្មករជនជាតិស៊ីរីម្នាក់បានរងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀតក្នុងតំបន់ភាគខាងត្បូង។

គួររម្លឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍លោក Aoun នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដែលនៅទីនោះ មេដឹកនាំលីបង់បានថ្លែងថា លោកបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់ការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីទឹកដីលីបង់។ នៅពេលដែលត្រូវបានគេសួរថា តើទីក្រុងវ៉ាស៊ីនតោននឹងដាក់សម្ពាធបន្ថែមលើអ៊ីស្រាអែលឲ្យដកទ័ពដែរឬទេ លោក ត្រាំ បានឆ្លើយតបថា៖ «យើងនឹងពិនិត្យមើលរឿងនោះ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​​ក្រោយ​​អ៊ីស្រាអែល​ប្រកាស​ផ្អាកសេវា​ហិរញ្ញវត្ថុ​ដល់​ធនាគារ​ប៉ាឡេស្ទីន អាមេរិក ប្រកាសដាក់ទណ្ឌកម្មអង្គការ​ដែល​លួចផ្តល់ជំនួយហិរញ្ញវត្ថុដល់ ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម