Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញវិធានការឆ្លើយតបកំណើន​សិស្សនៅតាមតំបន់មានសេដ្ឋកិច្ចរីកចម្រើន

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសាលារៀន​ដែលមានកំណើន​សិស្សច្រើន នៅតាមតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឃួនវិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាក្រសួងអប់រំបានកំណត់​និយាម​សម្រាប់​សិស្សកម្រិតបឋមសិក្សាថ្នាក់ទី១ ដល់ទី៣ គឺ ៣៥ ទៅ៤៥ នាក់ ក្នុងមួយថ្នាក់, ថ្នាក់ទី៤ ដល់ទី៦ គឺ ៤០ ទៅ ៥០ នាក់ ក្នុងមួយថ្នាក់,និង កម្រិតមធ្យមសិក្សាពី៤០ ទៅ៥០នាក់។

ដោយឡែកនៅតំបន់មួយចំនួនដែលមានសេដ្ឋកិច្ចរីកចម្រើន មានកំណើនឱកាសការងារ បានធ្វើឱ្យប្រជាជនមានការ​កើនឡើង ហើយចំនួនសិស្សក៏មានការកើនឡើងផងដែរ។

លោកស្រីបានបន្តទៀតថា ដើម្បីឱ្យសាលារៀននៅតំបន់ដែលមានសិស្សកើនឡើងអាចទទួលសិស្សឱ្យបាន​ចូលរួមប្រកប​ដោយសមធម៌ ក្រសួងអប់រំ បាននិងកំពុងកសាងបន្ថែមបន្ទប់រៀន។ ជាក់ស្តែងនៅក្នុងរបាយការណ៍​បូកសរុបប្រចាំ​ឆ្នាំសិក្សា ២០២១-២០២២ កន្លងមក បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ក៏ក្រសួង​អប់រំ បានកសាងបន្ថែមទៀតនូវ អគារសិក្សាសាលាបឋមសិក្សា ១៩ខ្នង ស្មើ ១២៧បន្ទប់ ទីចាត់ការ ៥ខ្នង ស្មើ ២៥បន្ទប់ អគារសិក្សាអនុវិទ្យាល័យ ៦ខ្នង ស្មើ ៤៩បន្ទប់ និងបណ្ណាល័យ ១ខ្នង និងអគារសិក្សាវិទ្យាល័យ ២ខ្នង ស្មើ ១៥បន្ទប់នៅខេត្តកណ្តាល កំពង់ចាម កំពត រតនគិរី ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរក្រសួងបានបំពេញតម្រូវការគ្រូ តាមរយៈការប្រើប្រាស់គ្រូជាប់កិច្ចសន្យា និងសហការជាមួយ​សហគមន៍​ក្នុងការប្រើប្រាស់គ្រូបន្ថែមដោយមានការគាំទ្រពីសហគមន៍និងការប្រើប្រាស់គ្រូ២វេន ដើម្បីបំពេញ​តម្រូវការគ្រូព្រមទាំង ការលើកកម្ពស់ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីដើម្បីឱ្យសិស្សានុសិស្សអាចទទួលបានចំណេះដឹង បំណិន និង​ឥរិយាបទ​តាមស្តង់ដារកម្មវិធីសិក្សាដែលបានកំណត់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម