ព័ត៌មានជាតិ
ពលរដ្ឋ គាំទ្រចំពោះការចង់ឱ្យរៀបចំបង្កើតច្បាប់ ហាមបរិភោគសាច់សុនខ
ប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រចំពោះការចង់ឱ្យមានការរៀបចំច្បាប់ ហាមមិនឱ្យបរិភោគសាច់សុនខ ព្រោះប្រភេទសត្វចិញ្ចឹមនេះ ជាសត្វគួរឱ្យស្រឡាញ់ និងស្មោះត្រង់ចំពោះម្ចាស់ ខុសប្លែកពីសត្វចិញ្ចឹមផ្សេងៗទៀត។

កាលពីពេលថ្មីៗនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានសំណូមពរឱ្យបង្កើតច្បាប់ ហាមការបរិភោគសាច់សុនខ (សាច់ឆ្កែ) ព្រមទាំងដាក់ទោសទៅលើជនល្មើស។
លោក ហេង រតនា បានបង្ហោះសារនៅលើហ្វេសប៊ុក កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ដោយសំណូមពរចលនាកសាងច្បាប់មួយនៅកម្ពុជានេះ ដេីម្បីហាមឃាត់ការបរិភោគសាច់សុនខ និងដាក់ទោសចំពោះជនល្មេីសតាមច្បាប់តែម្តង។

អ្នកស្រី ទុយ រីយ៉ា ពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មី បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី ជាមនុស្សម្នាក់ដែលស្រឡាញ់សត្វចិញ្ចឹម ពិសេសនោះគឺ សត្វសុខន ដែលជាសត្វចិញ្ចឹមប្រភេទ គួរឱ្យស្រឡាញ់ និងស្មោះត្រង់ចំពោះម្ចាស់តាមដែលអ្នកស្រី ធ្លាប់ចិញ្ចឹមកន្លងមក។
អ្នកស្រី មានប្រសាសន៍បន្ថែមថា «ប្រសិនបើអាចប្រជាពលរដ្ឋខ្មែរទាំងអស់គួរពិចារណាឡើងវិញ ចំពោះរឿងបរិភោគសត្វសុខន ដែលកាលដើមឡើយនោះ មនុស្សខ្មែរ ពុំមានទម្លាប់បរិភោគសត្វសុខន នោះទេ តែនេះមកពីការមើលឃើញគំរូមិនល្អពីប្រទេសជិតខាង ធ្វើប្រជាជនខ្មែរសម័យនេះ នាំគ្នាបរិភោគសត្វសុខន រហូតពេលខ្លះក្លាយជាទម្លាប់ទៅវិញនោះ»។
អ្នកស្រី ទុយ រីយ៉ា បន្តទៀតថា ទាក់ទងនឹងបណ្ដោញសង្គមបច្ចុប្បន្ននេះ អ្នកស្រី សង្កេតឃើញថា អ្នកបង្កើតមាតិកា ឬវីដេអូ រកប្រាក់តាមអនឡាញមួយចំនួន ដើម្បីតែការចាប់អារម្មណ៍ពីមហាជន រហូតដល់សម្លាប់សត្វសុខន យកមកធ្វើម្ហូប ក្នុងការសម្ដែងរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដែលនេះមិនមែនជាគំរូល្អមនុស្សខ្មែរ នោះឡើយ។
ចំណែក កញ្ញា រ៉េត ចាន់រ៉ាត់ ពលរដ្ឋរស់នៅសង្កាត់ដូនរាំង ខណ្ឌដូនពេញ ក៏បាន ប្រាប់កម្ពុជាថ្មី ដែរថា កញ្ញាគាំទ្រឱ្យមានការបង្កើតច្បាប់ការពារ និងហាមមិនឱ្យបរិភោគសត្វសុខន នៅក្នុងប្រទេសកម្ពុជា។ កញ្ញា បន្ថែមថា ប្រភេទសត្វសុខន គឺជាសត្វមួយប្រភេទដែលគួរឱ្យស្រឡាញ់ ដោយសារតែវាស្មោះត្រង់នឹងម្ចាស់ និងចេះយាមផ្ទះបានយ៉ាងល្អ ផងដែរនោះ។
កញ្ញា ចាន់រ៉ាត់ ក៏សូមសំណមពរ ទៅដល់ប្រជាជនខ្មែរទាំងអស់ មិនថាតែរាជធានីភ្នំពេញទេ តាមបណ្ដាខេត្តក៏ដូចគ្នា សូមមេត្តានាំគ្នាឈប់បរិភោគសត្វសុខន តទៅទៀត ផងចុះ។

មិនខុសគ្នាដែរ លោក នឿ សុធា ពលរដ្ឋរស់នៅតំបន់ដូនពេញ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា លោក សូមសម្ដែងការគាំទ្រ ប្រសិនបើថ្នាក់ដឹកនាំ ឬអាជ្ញាធរ ទាំងអស់រួមគ្នាបង្កើតច្បាប់ការពារ និងហាមមិនឱ្យបរិភោគ សត្វសុខន នៅប្រទេសកម្ពុជាយើង។
លោក នឿ សុធា បន្ថែមថា លោកធ្លាប់ទៅរស់នៅប្រទេសអាមេរិក និងធ្លាប់បានដើរលេងកម្សាន្តប្រទេសផ្សេងៗ នៅតំបន់អឺរ៉ុប ឃើញថា ប្រទេសទាំងនោះ មានច្បាប់ការពារសត្វចិញ្ចឹមគ្រប់ប្រភេទ ក្នុងនោះមាន ៖ សត្វសុខន សត្វឆ្មា និងសត្វផ្សេងទៀត ដែលពលរដ្ឋរបស់គេ នាំគ្នាគោរពស្រឡាញ់សត្វប្រៀបដូចជាមនុស្សអ៊ីចឹងដែរ។
លោក នឿ សុធា ក៏សូមឱ្យភាគីពាក់ព័ន្ធ សូមជួយសង្រ្គោះសត្វចិញ្ចឹមទាំងអស់នេះផង ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានពលរដ្ឋមិននាំគ្នាបរិភោគសត្វសុខន ដូចបណ្ដាប្រទេសអភិវឌ្ឍនៅលើសកលលោក ផងដែរ៕
អត្ថបទ ៖ សួស សិត

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


