ព័ត៌មានជាតិ
១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ
១០ឆ្នាំចុងក្រោយ អត្រាអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បានកាត់បន្ថយមកនៅកម្រិតទាបបំផុត ពោលជាមធ្យមមានមនុស្សក្រោម១០០នាក់ប៉ុណ្ណោះ ដែលទទួលរងគ្រោះថ្នាក់។ លោក ហេង រតនា អគ្គនាយកអង្គភាព CMAC ថា អត្រាថយចុះនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកសកម្មភាពបោសសម្អាតមីនជាផ្នែកមួយដ៏សំខាន់ចម្បងមុនគេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កម្ពុជា ជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះហើយ បានរួមចំណែកដ៏ធំធេងដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំ ចុងក្រោយនេះ។ នេះជាបញ្ជាក់របស់លោក ហេង រតនា ក្នុងពេលដែលលោកបានដឹកនាំប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី នាឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ថ្វីត្បិតតែទទួលបានជោគជ័យជាបន្តបន្ទាប់លើកិច្ចការនេះក្តី ក៏លោក ហេង រតនា លើកឡើងពីការបន្តបេសកកម្មក្នុងរយៈពេលយូរទៅមុខថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះថា មីន និងសំណល់ជាតិផ្ទុះដែលបន្សល់ពីសង្រ្គាមនៅមានជាច្រើន មានទាំងក្នុងទឹក និងនៅលើគោក ដែលមទាមទារប្រើពេលយូរក្នុងការបោសសម្អាតឱ្យអស់។
គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួនអ្នកស្លាប់ និងធ្លាក់ខ្លួនជាជនពិការប្រមាណជាង៦ម៉ឺន៥ពាន់នាក់ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥នេះ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានជនរងគ្រោះតែ៤៩នាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤នេះដែរ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


