ព័ត៌មានជាតិ
រដ្ឋ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ដើម្បីជាប្រយោជន៍ដល់យុវជន
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៥ ខែមករា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវគ្គដំបូង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

លោក ហេង សួរ បានលើកឡើងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចុះឈ្មោះចូលរៀន ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងនេះ នឹងក្លាយជាជនគំរូសម្រាប់យុវជនក្រោយៗ ទៀត។

លោករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងដើម្បីឲ្យយុវជនដទៃផ្សេងទៀត ក៏មករៀនបាន ទាល់តែប្អូនៗ ក្មួយៗ ក្លាយទៅជាមនុស្សដែលជោគជ័យ ក្លាយទៅជាមនុស្សគំរូ ដើម្បីទាញយកយុវជនផ្សេងទៀត ឲ្យមករៀនដូចយើងដែរ ដើម្បីបានការងារដូចយើង ហើយនឹងក្លាយទៅជាវីរៈបុរសប្រចាំគ្រួសាររបស់គេ ដូចយើងដែរ អញ្ចឹងយើងសំខាន់ណាស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានអនុវត្តដោយភាពជឿជាក់ ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ កម្ពុជា ក្រោយពីបានប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។
បើតាមប្រមុខរាជរដ្ឋាភិបាល ក្រោយដាក់ឲ្យអនុវត្តរយៈពេល ២ខែគត់មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជន លើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថា នឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែធូរធាផងដែរ។
នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ គឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី ១ នៅទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដោយក្នុងវគ្គទី១៖ មានសិក្ខាកាមចំនួន ១៥,០០០នាក់ ដោយសិក្សាលើវិស័យចំនួន ១០ និង ៣៨មុខជំនាញ ដោយបែងចែកចេញជា ៥០០ថ្នាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃវគ្គបណ្តុះបណ្តាលនេះ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ “ឲ្យចេះ ឲ្យចប់ ឲ្យមានការងារ”៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


