Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​ភូមិសាស្ត្រ​ខេត្តក្រចេះ ដែលជា​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​

បានផុស

នៅ

ស្ថានភាពទូទៅ ÷

ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៣៤០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៧៣ កាត់តាមស្រុកឆ្លូង និងចម្ងាយ ២២០គីឡូម៉ែត្រ តាមផ្លូវទឹកទន្លេមេគង្គ។

ព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តចែកចេញជា ១ក្រុង ៥សង្កាត់ និង ៦ស្រុក ៤៣ឃុំ ស្មើនឹង ៣២៧ភូមិ មានផ្ទៃដីសរុប ១១.០៩៤​គីឡូម៉ែត្រការេ ចែកចេញជាពីរតំបន់សំខាន់ៗ ប៉ែកខាងជើង និងខាងកើតជាតំបន់ខ្ពង់រាបមានព្រៃឈើ និងស្មៅច្រើនប្រភេទ រួមទាំងប្រភេទដីក្រហមអំណោយផលដល់ការចិញ្ចឹមសត្វគោក្របី និងការដាំដុះដំណាំ កសិ-ឧស្សាហកម្ម ដូចជា៖ កៅស៊ូ ម្រេច ស្វាយចន្ទី និងដំណាំឈើហូបផ្លែផ្សេងៗជាដើម។

រីឯប៉ែកខាងត្បូង និង ខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេមេគង្គសំបូរទៅដោយ​បឹង ព្រែក អូរដីល្បាប់ មានជីជាតិ អំណោយផលដល់ការចិញ្ចឹមត្រី និងដាំដុះដំណាំស្បៀងដូចជា៖ ស្រូវ ពោត សណ្តែក ល្ង។ល។ ពិសេសទៀត ទន្លេមេគង្គគឺជាទីជម្រកមច្ឆជាតិជាច្រើនប្រភេទ និងមានសត្វផ្សោតទន្លេមេគង្គដែលជាសត្វមច្ឆជាតិដ៍កម្រ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកំសាន្តកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។

ខេត្តមានប្រជាជនសរុប ៤៣៨.៦៤១នាក់ ស្រី ២២១.២៧៤នាក់ ស្មើនឹង ១០០.៦៧៧គ្រួសារ ដង់ស៊ីតេប្រជាជន ៤០នាក់ក្នុង០១គីឡូម៉ែត្រការេ។

ខេត្តមានជនជាតិដើមភាគតិចរស់នៅចំនួន ៧ រួមមាន៖ ក្នុង កួយ ស្ទៀង ខោញ មិល ផ្ទួន និងក្រោល រស់នៅក្នុងស្រុកសំបូរ ស្រុកស្នួល និងស្រុកចិត្របុរី។ ប្រជាពលរដ្ឋ ជាកសិករចំនួន ៧៩,៦% មន្ត្រីរាជការ ៣,២% ឧស្សាហករ-សិប្បករ ០,៤% ពាណិជ្ជករ ៦,៨% និងជាសេវាករ ១០%។ នៅក្នុងឆ្នាំ២០២១ ចំណូលប្រជាពលរដ្ឋ០១នាក់ ស្មើនឹង ១.៣២៥ដុល្លារអាមេរិក (GDP)។

មន្រ្តីរាជការ

ខេត្តមានមន្ត្រីរាជស៊ីវិលសរុបចំនួន ៥.១៦៦នាក់ ស្រី ២.៦៧៥នាក់ (ក្របខណ្ឌ ក ចំនួន ៨៩០នាក់ ស្រី ៣១២នាក់ ក្របខណ្ឌ ខ ចំនួន ២.០៨៨នាក់ ស្រី ៩៩១នាក់ ក្របខណ្ឌ គ ចំនួន ២.១៨៨ នាក់ ស្រី ១.៣៧២នាក់) ក្នុងនោះគ្រូបង្រៀនសរុប ៣.២២០នាក់ ស្រី ១.៨៧៨នាក់ មន្ត្រីសុខាភិបាល ៨៣៦នាក់ ស្រី ៤៦៤នាក់ មន្ត្រីរដ្ឋបាលខេត្ត ក្រុង ស្រុក និងស្មៀនឃុំ សង្កាត់សរុប ៤២០នាក់ ស្រី ១១៤ នាក់ មន្ត្រីមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្តសរុប ៦៩០នាក់ ស្រី ២១៩នាក់ និងមន្ត្រីជាប់កិច្ចសន្យាសរុប ៣៥៦នាក់ ស្រី ១៦៤នាក់។

ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ មានចំនួន ២១នាក់ ស្រី ០៣នាក់ ក្រុមប្រឹក្សាក្រុង ស្រុកអាណត្តិទី៣ ចំនួន ១០៨នាក់ ស្រី ១៦នាក់ និងក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចំនួន ៣០០នាក់ ស្រី ៧១នាក់។

ភូមិសាស្រ្តជាប់ប្រទេស​វៀតណាម

ខេត្តក្រចេះ មានព្រំប្រទល់ជាប់ជាមួយខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រវែង ១០៣,៧គីឡូម៉ែត្រ មានច្រកទ្វារព្រំដែន ២កន្លែង ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រក ទ្វារទ្វេភាគីជ័យឃ្លាំង ដែលកំពុងបម្រើដល់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងទ្វេភាគីកាន់តែ ល្អប្រសើរជាមួយប្រទេសវៀតណាម ។

កសិកម្ម

ក្រៅពីស្រូវ​ជា​ដំណាំដ៏សំខាន់ និង​ដំណាំសាកវប្បកម្មមានដំណាំបន្លែគ្រ​បប្រភេទ,ពោតស,​ដំឡូងគរ,​ដំឡូងជ្វា,​​និងប៉ិគក់សរុបចំនួន ៩.៥១៩ហិកតា ខេត្ត​មាន​ការ​ដាំដុះ​ដំណាំឧស្សាហកម្មរយះពេលខ្លីមាន ពោតក្រហម សណ្ដែកបាយ សណ្ដែកដី សណ្តែកសៀង ល្ង ថ្នាំជក់ និងអំពៅសរុបចំនួន ៩១.៦៧៩​ហិកតា និង​ដាំដុះដំណាំកសិឧស្សាហកម្មកៅស៊ូសរុបចំនួន ៨៦.៣៧៤ ហិកតា ដំឡូងមីចំនួន ៧៣.៩៨៩ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ហិកតា និងឈើហូបផ្លែចំនួន ៦៨១ហិកតា។

ក្រុមហ៊ុន​វិនិយោគក្នុង​ខេត្ត​

ក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១.០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ហិកតា អំពៅចំនួន ៦.០០០ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ហិកតា ស្វាយចន្ទីចំនួន ៣.៤៩៧ហិកតា និងឈើហូបផ្លែចំនួន ៦៨១ហិកតា។

ឧស្សាហកម្ម

ខេត្តមានក្រុមហ៊ុនរោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ៣កន្លែង មាន៖ រោងចក្រផលិតស្ករសចំនួន ១​កន្លែង នៅស្រុកសំបូរ និងរោងចក្រផលិតម្សៅដំឡូងមីចំនួន ២ កន្លែង នៅស្រុកសំបូរ និងក្រុងក្រចេះ។ ទន្ទឹមនឹងនេះ ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសយូប៊ីអីស្នូល ១កន្លែង វិនិយោគលើផ្ទៃដី ចំនួន ៨១៧.៨០ហិកតា ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល។

ខេត្តមានផែស្ងួត ១កន្លែង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ គឺជាកន្លែងដ៏សំខាន់សម្រាប់ចរាចរណ៍ ទំនិញ ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។

ផ្នែកឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានសហគ្រាសផលិតទឹកសុទ្ធចំនួន ៤៥កន្លែង សហគ្រាសផលិតទឹកត្រីទឹកស៊ីអ៊ីវចំនួន ១កន្លែង សិប្បកម្មឡឥដ្ឋក្បឿងចំនួន ២៥កន្លែង និងសហគ្រាសផលិត ទឹកកកអនាម័យចំនួន ១៦កន្លែង។

នៅពេល​ខាងមុខ​ ខេត្ត​នឹង​មានរោងចក្រ​ផលិត​ស៊ីម៉ង់ដែលកំពុង​ដំណើរការ​សាងសង់​និង​បញ្ចប់​ក្នុងពេល​ឆាប់ៗ។

ធនធានរ៉ែ

ខេត្តក្រចេះ មានសក្តានុពលលើវិស័យធនធានធម្មជាតិ រ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ ក្រុមហ៊ុន ស្មើនឹង ៦៥អាជ្ញាបណ្ណ មាន៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្តូងរ៉ែបើក និងការដ្ឋានវាយ ថ្មមាន ២៥ក្រុមហ៊ុន ស្មើនឹង ២៨អាជ្ញាបណ្ណ។

ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៨អាជ្ញាបណ្ណ។ អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២អាជីវករ ស្មើនឹង ២២អាជ្ញាបណ្ណ។ ជាការចាប់អារម្មណ៍ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ វិនិយោគិនមកពី សាធារណរដ្ឋប្រជាមានិតចិន សម្រេចបានការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែ មករា ឆ្នាំ២០២៣ នេះ បានចំនួន ៦៧,៥៣គីឡូក្រាម។

ថាមពល

វិស័យថាមពលមានការអភិវឌ្ឍយ៉ាងខ្លាំងនៅទូទាំងប្រទេស។ និយាយដោយឡែកក្នុងខេត្តក្រចេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាបណ្ណឱ្យអ្នកចែកចាយអគ្គិសនី ៩អាជ្ញាបណ្ណ រួមមាន៖ អគ្គិសនីក្រចេះ “EDC” ១អាជ្ញាបណ្ណ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គិសនីកម្ពុជា និងអគ្គិសនីឯកជនមាន ៨អាជ្ញាបណ្ណ។

អគ្គិសនីខេត្តក្រចេះមានប្រភពថាមពលអគ្គិសនីពី ១-រាជធានីភ្នំពេញ (បណ្តាញជាតិ) ២-អគ្គិសនីសេសាន២ ៣-ប្រទេសវៀតណាម ត្រូវបានគ្របដណ្តប់លើភូមិចំនួន ២៧៩ភូមិ ស្មើនឹង ៨៥,៣២% នៃភូមិរដ្ឋបាលសរុប ចំនួន ៣២៧ភូមិទូទាំងខេត្ត ដោយដំណើរការ ២៤ម៉ោង។ បរិមាណអគ្គិសនីសរុបទូទាំងខេត្ត ២៣៧.០១២.១៦៧ គីឡូវ៉ាត់ម៉ោង បើធៀបឆ្នាំ២០២១ មាន ២៣៧.០៩១.៤៦៥គីឡូវ៉ាត់ម៉ោង ថយចុះ ៧៩.២៩៨គីឡូវ៉ាត់ម៉ោង ស្មើនឹង -០,០៣%។

ហេដ្ឋារចនាសម្ព័ន្ធ

ខេត្តមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងខេត្តសរុបប្រវែង ១.១៩០,៤២គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាល កៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។

ក្នុងឆ្នាំ២០២២ ខេត្តក្រចេះបានទទួលសមិទ្ធផលថ្មីចំនួន ២កន្លែង៖
-ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទៅរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវ ការកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
-ការស្ថាបនាស្ពានចំនួន ៥កន្លែង ប្រវែងសរុប ៤៦០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬសប្រវែង ៦២ម៉ែត្រ,ស្ពានអន្លង់ឃ្លេប្រវែង ៤៨ម៉ែត្រ ស្ពានព្រែកឆ្លូងប្រវែង ១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។​

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវភ្ជាប់ និង​ផ្លូវចំនួន ៣ខ្សែ ដែលជាគម្រោង World Bank ដូចខាងក្រោម៖
១-ផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥គីឡូម៉ែត្រ ពីចំណុចរង្វង់មូលខ្លាស្ទុះ សង្កាត់អូរឬស្សី ក្រុង ក្រចេះ ទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
២-ផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមាន ស្ពាន ០៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ។
៣-ផ្លូវខេត្តលេខ៣៧៧A (ពីសណ្តាន់-ទៅផ្លូវជាតិលេខ៧) ប្រវែង ១៣,៥គីឡូម៉ែត្រ។

ធនធានធម្មជាតិ

ខេត្តក្រចេះ មានតំបន់ការពារធនធានធម្មជាតិ ៦កន្លែង លើផ្ទៃដីសរុប ៤០៤.៨៩៨ហិកតា ស្ថិត ក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ រួមមាន៖ ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដី ១០៤.១១៥ ហិកតា ដែនជម្រកសត្វព្រៃកែវសីមាមានផ្ទៃដី ៥៩.៣០១ហិកតា ដែនជម្រកសត្វព្រៃសំបូរមានផ្ទៃដី ៥០.០៩៣ហិកតា ដែនជម្រកសត្វព្រៃព្រែកប្រសព្វមានផ្ទៃដី ១២.៧៧០ហិកតា តំបន់ប្រើប្រាស់ច្រើនយ៉ាង សសរស្តម្ភសត្វតោមានផ្ទៃដី ៨៣៩ហិកតា របៀងអភិរក្សជីវចម្រុះមានផ្ទៃដី ១៧៧.៧៨០ ហិកតា មានស្នាក់ ការដែនជម្រកសត្វព្រៃ ១១កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ២៩នាក់ ស្រី ១នាក់ ។

ទន្លេមេគង្គហូរកាត់ខេត្តក្រចេះប្រវែង ១៤០គីឡូម៉ែត្រ ពុះចែកខេត្តជាពីរ ដោយមានស្រុក ៥ និង ក្រុង១ ស្ថិតនៅអមសងខាងដងទន្លេមេគង្គ។

ក្រូចថ្លុង

បញ្ជីទំនិញសម្គាល់ភូមិសាស្ត្រ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៨។ ប្រជាពលរដ្ឋចំនួន ៣៦១គ្រួសារ ដាំដុះក្រូចថ្លុងលើផ្ទៃដីចំនួន ៦៥,៥១ហិកតា មានដើមក្រូចសរុប ១៣.៧៩០​ដើម ដើមក្រូចទទួលបានផលចំនួន ២.៤៧៤ដើម ទទួលបានផលក្នុង១ឆ្នាំ ចំនួន ១៤៨.៤៤០​ផ្លែ តម្លៃលក់ក្នុង១ផ្លែ ចំនួន ១០.០០០រៀល ទៅ ១៣.០០០រៀល បច្ចុប្បន្នកំពុងពង្រីកការដាំដុះបន្ថែមទៀត។ សមាគមក្រឡានថ្មគ្រែ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ផលិតបានចំនួន ២.៥តោនក្នុង១ថ្ងៃ តម្លៃលក់ក្នុង ១គីឡូក្រាមចំនួន ៧.០០០រៀល ទៅ ១០.០០០រៀល ចែកចាយទូទាំងរាជធានី ខេត្ត។

សាលារៀន

ខេត្ត​មាន​ថ្នាក់​កម្រិត​អនុវិទ្យាល័យរដ្ឋចំនួន ៤២កន្លែង វិទ្យាល័យរដ្ឋចំនួន ១៣កន្លែង និង​ វិទ្យាល័យឯកជនចំនួន ១កន្លែង មានសាលាគរុកោស្ស និងវិក្រឹត្យការខេត្តចំនួន ១កន្លែង។ ផ្នែកឧត្តមសិក្សា ខេត្តមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១កន្លែង គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ២កន្លែង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១កន្លែង មជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ស្ត្រីចំនួន ១កន្លែង។

ទេសចរណ៍

វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ៗរបស់ខេត្ត ពិសេស ខេត្តក្រចេះមានសត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់ពីសម័យអាណានិគមនិយមបារាំង និង ជាដែនដីដែលពោរពេញដោយប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។

រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ជម្រុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ដែលមាននៅក្នុងខេត្តសរុប ២១កន្លែង ក្នុងនោះ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ០៦កន្លែង រមណីយដ្ឋានធម្មជាតិ ១១កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្ម ជាតិ ១កន្លែង រមណីយដ្ឋានវប្បធម៌កែច្នៃចំនួន ៣កន្លែង និងមានរមណីយដ្ឋានបម្រុងទុកចំនួន ១កន្លែង (សហគមន៍អេកូទេសចរណ៍ទឹកជួរតាមក្រហម ក)។

ទន្ទឹមនេះ ខេត្តក្រចេះមានធនធានដ៏កម្រគឺសត្វផ្សោតទឹកសាប ត្រូវបានគ្រប់គ្រង និងអភិរក្ស បច្ចុប្បន្នខេត្តមានសត្វផ្សោតរស់នៅប្រមាណ ៨០ក្បាល ដែលតំបន់នេះត្រូវបាន អភិវឌ្ឍន៍ និងកែច្នៃជារមណីយដ្ឋានទេសចរណ៍កំពុងទាញយកភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា និង កំសាន្តដោយមានកំណើនជារៀងរាល់ឆ្នាំ។
អាជីវកម្ម សេវាកម្មទេសចរណ៍ មាន សណ្ឋាគារ ១៥កន្លែង មាន ៦២២បន្ទប់ ផ្ទះសំណាក់ ៥២កន្លែង មាន ៥១៣បន្ទប់ ភោជនីយដ្ឋាន-អាហារដ្ឋាន ១៥៥កន្លែង ស្មើនឹង ១.៣២២តុ និង ៥.៨៣៦កៅអី និង​សេវាកម្សាន្តមនុស្សពេញវ័យដូចជា៖ ខារ៉ាអូខេចំនួន ២៣កន្លែង ស្មើនឹង ១១២បន្ទប់ ហាងម៉ាស្សា ចំនួន ១១កន្លែង ស្មើនឹង ៤២បន្ទប់ និង ៧៨គ្រែ។

ផ្សារ

ខេត្តមានក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១២៧ ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន ៣៨សាខា សហគ្រាស ពាណិជ្ជកម្មចំនួន ១២១សហគ្រាស និងអាជីវកម្ម សេវាកម្ម ពាណិជ្ជករមាន ១.៩៩១មូលដ្ឋាន។

ខេត្តមានផ្សារ ធំៗរបស់រដ្ឋចំនួន ៧កន្លែង ផ្សារធំៗរបស់ឯកជនចំនួន ២កន្លែង ស្តាម៉ាតចំនួន ១០ កន្លែង ផ្សារតូចៗ (ផ្សារ ក្រមួន) ចំនួន ៤៧កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម