KPT+
មេរៀនតស៊ូមិនងាយបោះបង់ ៤ ចំណុចពីមហាសេដ្ឋីសារាយបំពង “ថៅកែណយ” រហូតជោគជ័យដល់សព្វថ្ងៃ
គិតមកទល់ពីពេលនេះលោក Itthipat Peeradechapan ឬហៅក្រៅថា “Tob” មានអាយុ ៣៩ ឆ្នាំហើយ ប៉ុន្តែលោកនៅតែជានិមិត្តរូបសម្រាប់សហគ្រិនវ័យក្មេងជំនាន់ក្រោយ ។ លោកគឺជាស្ថាបនិកនៃក្រុមហ៊ុនចំណីអាហារ និងទីផ្សារ Taokaenoi ជាប្រេនអន្តរជាតិល្បីនៅទូទាំងអាស៊ី ហើយប្រិយមិត្តក៏អាចស្គាល់លោក ដោយសារផលិតផលក្រុមហ៊ុននេះគឺសារាយ ថៅកែណយ ។

យ៉ាងណាមិញបើក្រឡេកទៅមើលរឿងរ៉ាវជីវិតរបស់សហគ្រិនជនជាតិថៃរូបនេះវិញគឺកើតចេញពីការស៊ូជម្នះឧបសគ្គច្រើនតាមវិធីផ្សេងៗមិនងាយបោះបង់ទម្រាំលោកក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានទាំងនៅវ័យក្មេង ហើយចូលក្នុងបញ្ជីមហាសេដ្ឋីថៃទាំង ៥ ០រូប ដែលមានជាងគេទៀតផង ហើយនេះជារឿងរ៉ាវ ៤ យ៉ាងដែលយើងអាចរៀនសូត្រពីមហាសេដ្ឋីថៃរូបនេះ៖
១. Tob ធ្លាប់ជាអ្នកវក់ហ្គេមឈប់រៀន តែក្លាយជាអ្នករកស៊ីនៅវ័យ ១៩ ឆ្នាំដោយចិត្តអំណត់ និងស្រលាញ់
សេដ្ឋីសារាយបំពងរូបនេះបានសារភាពថា លោកពិតជាអ្នកញៀនហ្គេមមែនកាលនៅជាយុវជនជំទង់ ។ នៅអាយុ ១៦ ឆ្នាំលោកញៀនហ្គេមមែនទែនរហូតភ្លេចការសិក្សាដែលលទ្ធផលត្រូវធ្វើឲ្យលោកឈប់ពីរៀន ១ ឆ្នាំ ហើយក្រោយមកក៏បែកគំនិតរុញរទេះដើរលក់គ្រាប់កៅឡាក់ (Chestnut) ។
ទោះយ៉ាងណា ដោយសារការចេះសង្កេត ចេះច្នៃបំពងគ្រាប់កៅឡាក់ឲ្យមានរសជាតិ ធ្វើឲ្យអាជីវកម្មប្រថុយប្រថានមួយចានទឹកមួយចានគោកនេះ រីកចម្រើនជាហូរហែទៅវិញ រហូតដល់វ័យ ១៩ ឆ្នាំលោកអាចមានទុនបើកទីតាំងបាន ៣០កន្លែង មានទាំងជួលបុគ្គលិក ៥០ នាក់ និងអាចរកចំណូលបាន ១ ខែប្រមាណជាង ៨ ម៉ឺនដុល្លារទៀតផង ។

២. “ថៅកែណយ” ជាឈ្មោះហៅក្រៅដែលប៉ាលោកដាក់ឲ្យ
“ថៅកែណយ” ប្រែជាភាសាខ្មែរមានន័យថា “ថៅកែតូច” ជាឈ្មោះដែលប៉ាលោក Tob ហៅចំអន់លេង ព្រោះតែអត្តចរិតរបស់លោកដូចជាថៅកែកាលពីនៅតូច ។
ពេលវេលាកន្លងទៅផលិតផលកៅឡាក់លែងជាទីពេញនិយមទៀតហើយ ណាមួយបញ្ហាចំណាត់ការថ្មីខាងផ្សារទំនើបមិនអនុញ្ញាតឲ្យមានទីតាំងសម្រាប់លក់កៅឡាក់ទៀតឡើយ ដោយសារផ្សែង និងក្លិនរបស់វា ដូចនេះកៅឡាក់របស់ Tob ត្រូវបិទទ្វារ ។ តែលោកមិនបានបោះបង់ឡើយ ដោយកើតជាគំនិតថ្មីមួយក្រោយពេលមួយដែលលោកបានភ្លក្សសារាយបំពង ដែលមិត្តស្រីលោកយកមកឲ្យញ៉ាំកំដរមាត់ ហើយគិតថា បើធ្វើជានំសារាយបំពងមានវេចខ្ចប់ត្រឹមត្រូវសម្រាប់លក់ ព្រោះថាសម័យនោះពុំទាន់មានលក់ជាធំដុំ ឬមានជាម៉ាកផលិតផលត្រឹមត្រូវនោះទេ ។ ទីបំផុត Tob ស្វះស្វែងយល់ និងរៀនពីរបៀបធ្វើសារាយចម្អិន និងប្រមូលគៀងគរទុនវិនិយោគ រហូតរោងចក្រផលិតសារាយបំពង Taokaenoi លេចចេញជារូបរាងឡើង ។

៣. ការប្រឹងប្រែងមិនមែនតែ ១ ថ្ងៃ ហើយបានជោគជ័យទេ
សារាយបំពងថៅកែណយ ចាប់ផ្តើមចេញលក់ដំបូងនៅក្នុងហាងម៉ាត 7-Eleven នៃប្រទេសថៃ ហើយលើកដំបូងទទួលបានចំណូលពីការលក់បានតិចតួចប៉ុណ្ណោះ ។ យ៉ាងណាមិញ Tob សម្គាល់ឃើញថា កញ្ចប់សារាយរបស់លោកត្រូវបុគ្គលិកហាងរៀបដាក់នៅធ្នើខាងក្រោមទើបអតិថិជនថ្មីៗច្រើនមិនបានឃើញ ។ ដូចនេះ Tob បាននិយាយសុំឲ្យអ្នកគ្រប់គ្រងហាងម៉ាត ជួយដាក់កញ្ចប់ផលិតផលសារាយបំពងនៅក្បែរបុគ្គលិកគិតលុយវិញ ដើម្បីងាយស្រួលអតិថិជនអាចមើលឃើញ ។
ហើយពិតជាមានប្រសិទ្ធិភាពជាលទ្ធផលនៃការប្តូរកន្លែងការលក់ក៏កើនឡើងមិនគួរឲ្យជឿ ។ នៅឆ្នាំ ២០០៨ ការលក់បានដល់កម្រិត ៣០ លានដុល្លារអាមេរិក ហើយ Tob អាចប៉ាន់ស្មានបានថា ជំនួញរបស់លោកនឹងជោគជ័យ ។ ដូចការរំពឹងទុកពេលនេះ ថៅកែណយមានទីផ្សារជាង ៤០ ប្រទេសនៅជុំវិញពិភពលោក ហើយលោក Tob ជាបុគ្គលដែលមានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៨ ។

៤. ឧបសគ្គដែលក្តីស្រលាញ់លោកមិនចុះចាញ់
ក្នុងឈ្មោះជាអ្នកប្រលូកក្នុងការរកស៊ីអ្វីៗពុំមែនងាយស្រួល និងដើររលូនរហូតដូចការគិតនោះឡើយ ។ ត្រលប់ទៅឆ្នាំ២០១១ ទឹកជំនន់បានវាយប្រហារលិចលង់នៅប្រទេសថៃ រួមទាំងរោងចក្រថៅកែណយ យ៉ាងណាមិញ Tob ពុំបានឈប់ចុះចាញ់ឧបសគ្គទាំងនេះទេ ។ ដោយការប្តេជ្ញា និងក្តីស្រលាញ់ Tob បានប្រើពេល ៣ ខែស្តាររោងចក្រផលិតសារាយបានព្រមទាំងដំណើរការឡើងវិញ និងទទួលបានជោគជ័យរហូតមកទល់សព្វថ្ងៃទៀតផង ។
គួរបញ្ជាក់ផងដែរ ដោយសារភាពជោគជ័យនេះខ្សែជីវិតរបស់លោក Tob ត្រូវបានគេសរសេរ និងផលិតជាភាពយន្តស្តីពីប្រវតិ្តម្ចាស់ថៅកែណយរូបនេះផ្ទាល់ដែលមានចំណងជើងថា The Billionaire រហូតទទួលបានការគាំទ្រជាច្រើនលើភាពយន្តមួយនេះ ពិសេសពីសំណាក់សហគ្រិនជំនាន់ក្រោយ ៕

ដោយ៖ មាន រតនា
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


