Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ដាក់​ចេញ​ដំណោះស្រាយ និង​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ករណី​រោងចក្រ​Y&W ធ្វើឱ្យ​កម្មករ​ភាគច្រើន​លើសលប់​ពេញចិត្ត​និង​ឯកភាព

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្តីជូនដំណឹង​បង្ហាញ​ពី​ដំណោះស្រាយ និង​ជំហរ​របស់​ក្រសួង​ក្នុងការ​ដោះស្រាយ​ករណី​ថៅកែ​ក្រុមហ៊ុន​វ៉ា​យ & ដាប់​ប​ល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.)​រត់ចោល​កម្មករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​អះអាងថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​ពី​ការ​រត់ចោល​រោងចក្រ និង​ប្រចាំការ​ដោះស្រាយ​ជូន​កម្មករ​នៅ​រោងចក្រ​ផ្ទាល់​រួចមក វិធានការ​ចំនួន​៦​នឹងត្រូវ​ដាក់ចេញ​ដែល​រួមមាន ទី​១. សម្រាប់​អត្ថប្រយោជន៍ ប​.​ស​.​ស​. រួមមាន ផ្នែក​ថែទាំ​សុខភាព អត្ថប្រយោជន៍​នៅពេល​សម្រាលកូន និង​ការពិនិត្យ​ផ្ទៃពោះ បងប្អូន​កម្មករនិយោជិត​នៅតែ​អាច​ទទួលបាន​អត្ថប្រយោជន៍ និង​ប្រើប្រាស់ ប​.​ស​.​ស​. ធម្មតា រហូតដល់​រយៈពេល ៣​ខែ​។ ទី​២. ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេងៗ​ដែល​នៅ​ទីតាំង​រោងចក្រ​នឹងត្រូវ​រក្សាទុក​សម្រាប់​ទូទាត់​ជូន​បងប្អូន កម្មករនិយោជិត​។

ក្រសួង​នឹង​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​ជា​សាធារណៈ នៅពេលដែល​ការលក់​ឡៃ​ឡុង​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ត្រូវបាន​កំណត់​ថ្ងៃ​។ ទី​៣. ក្រសួង​ថា ក្នុងខណៈ​ពេលដែល​បង​ប្អូន​រង់ចាំ​នីតិវិធី​លក់ឡៃ​ឡុង ដើម្បី​យកមក​ទូទាត់​ជូន​បងប្អូន​កម្មករ និយោជិត ក្រសួង​បាន​បញ្ជូន​ម​ជ្ឈ​ម​ណ្ឌ​លំ​ការងារ​ចល័ត នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ទៅ​ផ្តល់ ការងារ​ថ្មី​ភ្លាមៗ​ជូន​បងប្អូន ដើម្បី​បងប្អូន​អាច​ទទួលបាន​ប្រាក់ខែ​បន្ត​ភ្លាមៗ​។

​សម្រាប់​វិធានការ​ទី​៤ ក្រសួង​ថា អាជ្ញាធរ​ដែនដី​ក៏បាន​ស្នើ​ទៅដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ ឱ្យ​ពន្យារពេល​យក​ថ្លៃឈ្នួល​ផ្ទះ ក្នុង អំឡុងពេល​រង់ចាំ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ពី​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​ម៉េ​ន​។ ទី​៥. ក្រសួង​បាននិងកំពុង​ជូនដំណឹង​ទៅ​ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ចាត់វិធានការ​តាម​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ស្វែងរក​បន្ថែម​នូវ អាជីវកម្ម​របស់​ថៅកែ​ក្រុមហ៊ុន​នេះ និង​អាច​ឃាត់ខ្លួន​ក្នុងករណី​ថៅកែ​រូបនេះ​បង្ហាញមុខ​នៅក្នុង​ទឹកដី​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ និង​ទី​៦. ក្រសួង​បាននិងកំពុង​បំពេញ​នីតិវិធី​ច្បាប់ ដើម្បី​ប​ញ្ចូ​ន​ដំណឹង​អំពី​ដីកា​តុលាការ ទៅដល់​ប្រទេស កំណើត​របស់​ថៅកែ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន ដើម្បី​ឱ្យមក​ទទួលខុស​ត្រូវអនុវត្ត​កាតព្វកិច្ច​ផ្សេងៗ ដែល​មាននៅ​ប្រទេស​កម្ពុជា​។

ចំពោះ​សេនា​រី​យូ​នេះ ក្រសួង​បាន​អះអាង​កម្មករ​ភាគច្រើន ប្រមាណ​៩៤%​បាន​ពេញចិត្ត និង​ឯកភាព​យល់ព្រម​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​ក្រសួង​ដោយ​កម្មករនិយោជិត​ប្រមាណ​ជាង ៤ ៥០០​នាក់ លើ​ចំនួន​សរុប ៤ ៨៤៩​នាក់ នៃ​ក្រុមហ៊ុន បាន​យល់ និង​ឯកភាព​រង់ចាំ​ដំណោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​គូស​បញ្ជាក់ដែរថា មាន​បុគ្គល​ចំនួន ៥​នាក់ អាចមាន ចេតនា​ផ្ដល់ព័ត៌មាន​ខុស​ការពិត​ដល់​បងប្អូន​កម្មករនិយោជិត ដែលជា​ហេតុ​ធ្វើឱ្យ​បងប្អូន​កម្មករនិយោជិត​ប្រមាណ ៣០០​នាក់ មានការ​ព្រួយបារម្ភ​អំពី​ការបាត់បង់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​អត្ថប្រយោជន៍ ផ្សេងៗ​របស់ខ្លួន ក្នុងខណៈ​ពេលដែល​ក្រសួង និង​អាជ្ញាធរ​ដែនដី​កំពុងតែ​ប្រចាំការ​នៅក្នុង​ទីតាំង​រោងចក្រ ហើយក៏​កំពុង​ស្វែងរក​នីតិវិធី​ផ្សេងៗ ដើម្បី​ផ្ដល់​អាទិភាព​ការពារ​អត្ថប្រយោជន៍រ​បស់បង​ប្អូន​កម្មករនិយោជិត មុន​ភាគី​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y& W GARMENT CO., LTD.) ឱ្យ​រក្សា​ភាពនឹងនរ និង​ចុះឈ្មោះ​ស្វែងរក​ការងារ​ថ្មី ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ហើយ​បន្ត​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​. របស់ខ្លួន​ជាធម្មតា​ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​លើកលែង​ដល់​និយោជក​ណា​ដែល​រត់ចោល​រោងចក្រ​នោះឡើយ បើទោះបីជា​បាន​រត់​ទៅដល់​ស្រុកកំណើត​របស់ខ្លួន​ក៏ដោយ​។

លើសពី​នេះ ក្រសួង​ក៏​សូម​រំឭក​ដល់​បុគ្គល​នានា សូម​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ស្រាយ​បំភ្លឺ​ច្បាប់​ខុស គ្មាន​វិជ្ជាជីវៈ ក្នុង​ចេតនា​ញុះញង់​បងប្អូន​កម្មករនិយោជិត​ឱ្យធ្វើ​សកម្មភាព​ខុសពី​នីតិវិធី​ច្បាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម