Connect with us

កីឡា

ស្នង​ការ​ស្វាយរៀង ប៉ះ បញ្ជាការដ្ឋាន​អង្គរក្ស ប្រៀប​ដូច​កាត់​ក្តីក្រុមលេខ ២ ក្នុង​តេជោលីគ ជុំទី២

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា«តេជោលីគ» ជុំ​ទី​២ វគ្គ​វិល​ជុំ​សន្សំពិន្ទុ​ សប្តាហ៍​ចុង​ក្រោយ នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ទី​២៧-២៨​ ខែ​មិថុនា ឆ្នាំ ២០២៦ នេះ​ហើយ​នៅ​សាល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នីមួយ​ៗ​ត្រូវឆ្លង​កាត់ ២ ប្រកួត​ទៀត​ទើប​ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ និង​រក​ឃើញ​ក្រុម​ ៤ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ហើយ​​ក្រុម ២ ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ។ ថ្ងៃ​សៅរ៍ ទី​២៧​ ខែ​មិថុនា ស្នងការ​ខេត្តកោះកុង ជួប​ ក្រសួង​មហា​ផ្ទៃ ​ម៉ោង ២ រសៀល ហើយ ស្នងការ​​ភ្នំពេញ ជួប​ វិសាខា ម៉ោង ៤ រសៀល និង​ ស្នងការ​ខេត្ត​ស្វាយរៀង ជួប​បញ្ជាការដ្ឋាន​អង្គរក្ស ​ម៉ោង ៦ ល្ងាច។

ជំនួប​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​អ្នក​គាំទ្រ​គឺ​រវាង ស្នងការ​ខេត្ត​ស្វាយរៀង និង បញ្ជាការដ្ឋាន​អង្គរក្ស។ គូ​នេះ​ប្រៀប​ដូច​ជាការ​ប្រកួត​កាត់​សេចក្តី​ចំណាត់​ថ្នាក់​លេខ ២ និង លេខ ៣។ បើ​ក្រុម​ណា​ឈ្នះ​មាន​ភាគ​រយ​ខ្ពស់ស្ថិត​នៅ​លេខ ២ និង​ក្រុម​ចាញ់ ស្ថិត​នៅ​​លេខ៣ ខណៈ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ មិន​សូវ​លំបាក​ខ្លាំង​សម្រាប់​ក្រុម​ទាំង​ពីរ​ឡើយ​គឺ​ ស្នងការ​ខេត្ត​ស្វាយរៀង ប៉ះ ស្នងការរាជ​ធានី​ភ្នំពេញ ហើយ​ បញ្ជាការដ្ឋាន​អង្គរក្ស ប៉ះ ក្រសួង​មហា​ផ្ទៃ។

ជួប​គ្នា​កាល​ពី​ជុំ​ទី១ បញ្ជាការដ្ឋាន​អង្គរក្ស បាន​យក​ឈ្នះ ស្នងការ​ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល ៣-១។ ថ្ងៃ​សៅរ៍​នេះ ដល់​ពេល​ដែល ស្នងការ​ខេត្ត​ស្វាយរៀង ជម្រះ​បញ្ជី​ចាស់​ហើយ បន្ទាប់​ពី​ពួក​គេ​មាន​កីឡាករ​តួកគី និង​កីឡាករ លឹម ចិត្រា នៅ​ជុំ​ទី​២។

ចំណែក ក្រុម វិសាខា ​បាន​ឈ្នះ ៣ ប្រកួត ឈរ​លេខ ១ កាល​ពី​សប្តាហ៍​ទី​១ ​ហើយ​សប្តាហ៍ទី​ ២ ​នេះ ពួក​គេ​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ទេ​ជា​មួយ ​ស្នងការ​ខេត្ត​កោះកុង ថ្ងៃ​សៅរ៍ និង​ ប៉ះ ក្រុម​ស្នងការ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​អាទិត្យ ដូច្នេះ​ពួក​គេ​មាន​ភាគ​រយ​ខ្ពស់​ស្ថិត​នៅ​លេខ ១។

ក្រុម​ដែល​ប្រជែង​គ្នា​មួយ​ទៀត​គឺ ស្នងការរាជ​ធានី​ភ្នំពេញ ដែល​​មាន ៥ ពិន្ទុ និង ក្រសួង​មហាផ្ទៃ  មាន ១ ពិន្ទុ ​ស្ថិត​​នៅ​​លេខ ៤ និង​លេខ ៥។ គូ​នេះ​ ៥០-៥០ ក្នុង​ការ​ឡើង​ទៅ​បន្ត។

ក្រសួង​មហា​ផ្ទៃ អាច​ឡើង​វគ្គ​បន្ត​បាន​ លុះ​ត្រា​តែ​ឈ្នះ​ ស្នងការ​ខេត្ត​កោះកុង និងឈ្នះ​ ស្នងការ​ខេត្ត​ស្វាយរៀង ហើយ ស្នងការ​រាជ​ធានី​ភ្នំពេញ ចាញ់​ វិសាខា ឬ​ចាញ់ ​ឈ្នះ ស្នងការ​ខេត្ត​ស្វាយរៀង​។ ផ្ទុយ​ទៅ​វិញ បើ​ស្នងការ​រាជធានី​ភ្នំពេញ ឈ្នះ​ វិសាខា និង​ឈ្នះ​ ស្នងការ​ខេត្ត​ស្វាយរៀង នោះ ក្រសួង​មហា​ផ្ទៃ​​ជា​អ្នក​ធ្លាក់។

ការដណ្តើម​​ចំណាត់​ថ្នាក់​​លេខ ១ ដល់ លេខ ៤​ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​កំណត់​ក្រុម​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពី​​ព្រោះ ​ក្រុម​លេខ ១ ត្រូវ​ប៉ះ​ ក្រុម​លេខ ៤ ខណៈ ក្រុម​លេខ ២ ប៉ះ ក្រុម​លេខ ៣ ដើម្បី​រក​ក្រុម​ឈ្នះ​ប្រកួត​ដណ្តើម​ជើង​ឯក និង​ក្រុម​ចាញ់​ប៉ះ​គ្នា​ដណ្តើម​យក​លេខ ៣៕

តារាង​ចំណាត់​ថ្នាក់បណ្តោះអាសន្ន

  1. វិសាខា មាន ៨ ពិន្ទុ
  2. ស្នងការ​ខេត្ត​ស្វាយរៀង មាន ៧​​ពិន្ទុ
  3. បញ្ជាការដ្ឋាន​អង្គរក្ស មាន ៦ ពិន្ទុ
  4. ស្នងការ​រាជ​ធានី​ភ្នំពេញ មាន ៥ ពិន្ទុ
  5. ក្រសួងមហា​ផ្ទៃ មាន ១ ពិន្ទុ
  6. ស្នងការ​ខេត្ត​កោះកុង មាន ០ ពិន្ទុ

ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ ២០២៦

  • ស្នងការ​ខេត្ត​កោះកុង vs ក្រសួង​មហា​ផ្ទៃ
  • ស្នងការ​រាជ​ធានី ភ្នំពេញ vs វិសាខា
  • ស្នងការ​ខេត្ត​ស្វាយរៀង vs បញ្ជាការដ្ឋាន​អង្គរក្ស

ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ ២០២៦

  • វិសាខា vs ស្នងការ​ខេត្ត​កោះកុង
  • ស្នងការ​រាជ​ធានីភ្នំពេញ vs ស្នងការ​ខេត្ត​ស្វាយរៀង
  • ក្រសួង​មហា​ផ្ទៃ vs បញ្ជាការដ្ឋាន​អង្គរក្ស

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម