ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បញ្ជូនសិក្ខាកាម១២២នាក់ ចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់បទពិសោធន៍ពិត
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ជូនសិក្ខកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លានរបស់រាជរដ្ឋាភិបាលចំនួន១២២នាក់ចុះហាត់ការនៅក្រុមហ៊ុនឯកជន លើជំនាញចំនួន៤ ដើម្បីដកស្រង់បទពិសោធន៍ពិត ខណៈសិក្ខាកាមរំពឹងខ្ពស់ក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការរួច។

ការបញ្ជូនសិក្ខាកាមទៅចុះហាត់ការរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅក្រុមហ៊ុនឯកជននេះបន្ទាប់ពីសិក្ខាកាមបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ គឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។

បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុមហ៊ុនដែលសិក្ខាកាមចុះហាត់ការមានដូចជា Lotus Green Team, A2Z M&e Engineering Co,..Ltd, Fast Green, GTV, A C C E Service, Three L (Cambodia), Sokha Phnom Penh Hotel & Residence, Sokha Phnom Penh, Dara Airport City Hotel & Spa។ ក្នុងនោះជំនាញទាំង៤មានដូចជា ជំនាញដំឡើងបណ្តាញអគ្គិសនី, ការថែទាំ និងជុសជុលរថយន្ត, ការថែទាំ និងជុសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, និងផ្នែកទេសចរណ៍ មុខជំនាញការធ្វើនំ។

យុវជន សូ កក្កដា សិក្ខាកាមសិក្សាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថា «សាលាបានបញ្ជូនខ្ញុំមកចុះហាត់ការនៅក្រុមហ៊ុន A2Z រយៈពេល៣ខែ បន្ទាប់ពីសិក្សាជំនាញនៅក្នុងថ្នាក់រួច។ ខ្ញុំសប្បាយចិត្តពេលដែលបានចុះហាត់ការនៅក្រុមហ៊ុនឯកជននៅពេលនេះ ពីព្រោះវាជាឱកាសក្នុងពង្រឹងសមត្ថភាពបន្ថែមទៀត»។

យុវជនរូបនេះបន្ថែមថា ការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះក៏ទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនសមរម្យជាប្រចាំខែផងដែរ។ ការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះគឺជាឱកាសក្នុងការក្លាយទៅជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនផងដែរ ហើយសង្ឃឹមថាម្ចាស់ក្រុមហ៊ុននឹងទទួលខ្លួនជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការបាន៣ខែរួច។
គួរកត់សម្គាល់ដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


