ព័ត៌មានជាតិ
នាយកដ្ឋានបឋមសិក្សា ពង្រឹងសមត្ថភាពប្រើប្រាស់សម្ភារគណិតវិទ្យាថ្នាក់ទី២ នៅខេត្តកំពង់ធំ
នាយកដ្ឋានបឋមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រថវិកាដោយ អង្គការវីវីអូប៊ី (VVOB) បានរៀបចំសិក្ខាសាលាបំប៉ន ស្ដីពី វិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យា ថ្នាក់ទី២ ឆមាសទី២ ដល់គ្រូបង្រៀនថ្នាក់ទី២ ទីប្រឹក្សាគរុកោសល្យ ជំនាញទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅតាមសាលាគោលដៅ ក្នុងក្រុងស្ទឹងសែន ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកប្រាសាទបាល័្លង្គ និងស្រុកតាំងគោក ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា អង្គការដៃគូ អ្នកសម្របសម្រួល គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូសរុបទាំងអស់ចំនួន ១ ២៤៨ នាក់ ស្រី ៧១១ នាក់។

សិក្ខាសាលាបំប៉ននេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ចែករំលែកបទពិសោធន៍ នៃការអនុវត្តក្នុងការប្រើប្រាស់កញ្ចប់សម្ភារ គណិតវិទ្យាថ្នាក់ទី២ សម្រាប់ឆមាសទី១ កន្លងមក។ យល់ដឹងខ្លឹមសារ វិធីសាស្ត្រ ល្បិចបង្រៀន យុទ្ធវិធីថ្មីៗ ដែលមានក្នុងសកម្មភាពតាមមេរៀននីមួយៗឱ្យមានប្រសិទ្ធភាព។ ឈ្វេងយល់ និងរៀនពីដំណោះស្រាយឆ្លើយតបទៅនឹងគោលដៅនៃការបង្កើតកំហុសរបស់កុមារ។ មានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី២ និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលាបំប៉ននេះ បានបញ្ចប់ដោយជោគជ័យ ដោយសង្កេតឃើញថា ទាំងអ្នកសម្របសម្រួល គ្រូឧទ្ទេស និងសិក្ខាកាមម្នាក់ៗ បានខិតខំប្រឹងប្រែងឈ្វេងយល់ខ្លឹមសារមេរៀន ថែមទាំងលើកយកបញ្ហាមួយចំនួន ដែលបានជួបប្រទះមកពិភាក្សា និងរកដំណោះស្រាយជាមួយគ្នាបានយ៉ាងល្អ ដែលជាការផ្ដល់នូវធាតុចូលយ៉ាងសំខាន់លើផ្នែកវិធីសាស្ត្រ និងខ្លឹមសារមេរៀន តាមប្រធានបទនីមួយៗ។ ជាពិសេស សិក្ខាកាមបានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកកញ្ចប់សម្ភារគណិតវិទ្យា ថ្នាក់ទី២ ឆមាសទី២ ទៅអនុវត្តជាមួយសិស្សផ្ទាល់នៅក្នុងថ្នាក់រៀន ដែលជាការរួមចំណែកលើកស្ទួយគុណភាពអប់រំនៅ ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរដើម្បីជាការឆ្លើយតបទៅគោលនយោបាយ និងកំណែទម្រង់វិស័យអប់រំ៕



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ