Connect with us

ព័ត៌មានជាតិ

វិស័យធនាគារ​មានកំណើនប្រសើរឡើងវិញក្នុងឆមាសទី១ ទោះបីបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកលនៅបន្ត

បានផុស

នៅ

គ្រឹះស្ថានធនាគារនៅកម្ពុជាបានបង្ហាញអំពីស្ថានភាពប្រសើរឡើងនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីឆមាទី១កន្លងទៅនេះ ទោះបីជាបញ្ហាប្រឈមនៃកំណើនយឺតនៃ សេដ្ឋកិច្ច  ដែលនៅបន្តរងឥទ្ធិពេលពីការអូសបន្លាយពេល​​​នៃ​សង្រ្គា​មរវាងរុស្ស៊ី-អ៊ុយក្រែន​ ការបន្តឡើង កំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយនិងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសលោកខាងលិចជាមួយប្រទេសចិនក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពប្រសើរឡើងនៃផ្នែកឥណទាន និងការថមថយនៃឥណទានមិនដំណើការ(NPL)

លោក តូច ចៅចេកប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានលើកឡើងថា​ជាទូរទៅស្ថានភាពនៃប្រតិបត្តិការរបស់វិស័យធនាគារនេះមានកំណើនធម្មតាប្រហាក់ប្រែលទៅនឹងឆ្នាំមុន ដោយគុណភាពឥណទានមានការប្រែប្រួលតិចតួច។​

លោកថា៖«ការណ៍នេះមានន័យថាកាលពីឆ្នាំមុនគឺមានការប្រែប្រួលខ្លាំងដោយយើងឃើងថាឥណទានមិនដំណើការកើនឡើងខ្លាំង ហើយសម្រាប់ឆ្នាំ២០២៤នេះនៅតែមានទំនោរ នៃការ កើនឡើងប៉ុន្តែអត្រានៃកំណើននោះគឺវាមានស្ថេរភាព វាកើនតិចតួចបំផុត។ អ្វីដែលល្អសម្រាប់ ឆ្នាំ២០២៤នេះគឺថ្លៃដើមនៃប្រភពមូលនិធិយើងធ្លាក់ចុះ ដូច្នេះបណ្តាធនាគារនានាសង្ឃឹម ថានឹងមានប្រាក់ចំណេញ»។

លោកបានពន្យល់ថា ចំពោះមូលហេតុដែលធ្វើឱ្យ ថ្លៃដើមនៃប្រភពមូលនិធិធ្លាក់ចុះ ដោយសារ តែមានវិនិយោគិននៅស្រុកយើងគាត់មើលថាសេដ្ឋកិច្ចមិនសូវអំណោយផលដូច្នេះអតិថិជន​យកលុយដាក់នៅធនាគារបានការប្រាក់ច្រើន​ដែលជាហេតុធ្វើឱ្យប្រាក់សន្សំរបស់នៅក្នុង​វិស័យនេះតាំងពីឆ្នាំ​មុនមានការកើនឡើងខ្ពស់ជាងប្រាក់កម្ចីដូច្នេះធនាគារ សល់លុយ ច្រើនក្នុងដៃ ជាហេតុធ្វើឱ្យធនគារភាគច្រើនទាំងលោកទាំងគេបន្ថយអត្រាការប្រាក់សន្សំ។ ​

លោកបានថ្លែងបន្តទៀតថា៖«នៅពេលដែលយើងបន្ថយអត្រាការប្រាក់សន្សំក៏ល្អដល់អ្នកខ្ចីដែរនិងការទទួលបានអត្រាការប្រាក់ក៏ធូរជាងមុនដែរ។ យើងសង្ឃឹមថាបន្តិចទៀតការសង ត្រឡប់អាចនឹងល្អប្រសើរឡើងវិញ»។ ​

បើយោងតាមលោក​តូច​ ចៅចេក សម្រាប់ធនាគារប្រៃសណីយ៍គឺផ្តល់ឥណទានទៅ គ្រប់វិស័យទាំងអស់ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់លោកបានធ្វើការរឹតត្បិតបន្តិចទៅ លើវិស័យអចលនទ្រព្យ និងខាងឥណទានគេហដ្ឋាន។

លោកថា៖«ការណ៍នេះមិនមែនមានន័យថាយើងមិនផ្តល់ទៅលើវិស័យនេះទេ គ្រាន់តែ យើង ប្រយ័ត្នប្រយែងបន្តិចលើការផ្តល់កម្ចី ឧទាហរណ៍ថាឆ្នាំមុនវិស័យនេះការផ្តល់ ឥណទាន យើងកើនប្រមាណជា១៥ភាគរយ ប៉ុន្តែឆ្នាំនេះយើងថាវានឹងនៅតែកើនក្នុងរង្វង់៦ភាគរយ»។

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុចូលរួមជម្រុញកំណើននៃឧស្សាហកម្មនេះ

ធនាគារ​ ABA បាន​រាយការណ៍ពីកំណើនដ៏រឹងមាំដែលជំរុញដោយយុទ្ធសាស្រ្តឌីជីថលរបស់ខ្លួន ដោយ​អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទបានកើនឡើង ៣៤ភាគរយក្នុងឆមាសទី១ឆ្នាំនេះធៀប នឹងឆ្នាំមុន​ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយករបស់អតិថិជននូវ ដំណោះស្រាយ ធនាគារតាមអ៊ីនធឺណិត។

លោក Igor Zimarev ប្រធានផ្នែកទីផ្សារ និង CSR នៅធនាគារ ABA មានប្រសាសន៍ថា ​ប្រព័ន្ធ អេកូឡូស៊ី និងសេវាកម្មដ៏ងាយស្រួលរបស់ខ្លួនបន្តទាក់ទាញអតិថិជនថ្មី។ លោកថាសម្រាប់ ប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារបានបន្ទរពីភាពជោគជ័យឌីជីថលរបស់ខ្លួន។ ប្រាក់កម្ចីបាន កើនឡើង ៥,៦ភាគរយ ដោយសម្រេបានចំនួនឥណទានសរុបកើដល់ ៨,៣ពាន់លានដុល្លារ អាមេរិក ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនកើនឡើង ៦,៥ភាគរយសម្រេចបានដល់ ៩,៨​ ពាន់លានដុល្លារ។ ​

ទោះបីជាមានការថមថយសេដ្ឋកិច្ចក៏ដោយ ធនាគារមួយនេះបានមើលឃើញពីការកើនឡើង នៃប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ ដោយដំណើរការប្រតិបត្តិការ ABA PAY នៅឆមាសទី១ ឆ្នាំនេះមានកំណើនជាង ១២៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ ​

លោក Igor បានសង្កត់ធ្ងន់ថា៖«យើងនៅតែមើលឃើញនិន្នាការកំណើន​​ហើយមូលដ្ឋាន អតិថិជនរបស់យើងក៏មានកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ​ ដោយកើនឡើងប្រមាណ ៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ដោយចំនួនអតិថិជនសរុបឈានដល់ ៤លាននាក់»។

​​ទស្សនៈវិស័យធនាគារកណ្តាល

ថ្លែង​នៅ​ក្នុងកម្មវិធីខួប ៣០ ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជាកាលពីខែមេសា លោកស្រី ជា សិរី អគ្គ​ទេសាភិបាលធនាគារជាតិនៃ​កម្ពុជាក៏​បាន​ថ្លែង​កត់​សម្គាល់ពី​ការរីក​ចម្រើន​នៃ​ប្រព័ន្ធធនាគារនៅកម្ពុជា​ក្នុងរយៈ​ពេល ៣ ០ឆ្នាំនេះ ដោយបាន​បន្តរក្សាបាននូវភាព ធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។

លោកស្រី​អះអាង​ថា ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និង​ប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធ ធនាគារបាន​បង្ហាញយ៉ាងច្បាស់​នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើ ប្រព័ន្ធធនាគារ និង​ការងើបឡើងវិញ​នៃសេដ្ឋកិច្ចនៅកម្ពុជា។

បើ​តាមសមាគមធនាគារកម្ពុជា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ទំហំ ៨៤,៣ ប៊ីលាន​ដុល្លារអាមេរិក ឬជាង ២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈ​ឥណទាន​អតិថិជន​កើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃផលិតផលិត​ផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លាន គណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម