Connect with us

សេដ្ឋកិច្ច

​កម្ចីនៅក្នុងប្រព័​ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កើនដល់ជាង ៦២ ពាន់លានដុល្លារ

បានផុស

នៅ

គិតត្រឹមដំណាច់ឆ្នាំ ​២០២៥ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីពី​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ​​ដែលមានទំហំ​ទឹក​ប្រាក់ ​២៤៨ ​៩២៦ ​៥៧៥ ​លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាន​នៅកម្ពុជារបស់ក្រុម​ហ៊ុន ក្រេឌីត ​ប្យួរ៉ូ ​ខេមបូឌា (CBC)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមានជាង ៦២ ពាន់លានដុល្លារ គឺមាន​ឥណ​ទាន​ប្រមាណ ៦១ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យ​ប្រជាជន​នៅ​រាជ​ធានី​ខេត្ត​ចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេប្រមាណ ​១២៦ ​៨៦០ ​៥៤៦ ​លានរៀល ប្រមាណ​ ៣១,៧ ពាន់លានដុល្លារ ស្មើនឹង ៥១% នៃទំហំឥណទានទូទាំងប្រទេសដោយ​មានអ្នកខ្ចី​សរុប​ចំនួន ៧២,៣ ម៉ឺននាក់។​

​បន្ទាប់មកគឺ​ខេត្តកណ្ដាល ​មានអ្នកខ្ចីប្រាក់ពីប្រព័ន្ធធនាគារ ​និងហិរញ្ញវត្ថុចំនួនជិត ៤០,៩ ម៉ឺននាក់ ដែលមានទំហំឥណ​ទាន ១៣ ៤៥០ ៨៥០ លានរៀល​ប្រមាណ​ ៣,៣៦ ពាន់លានដុល្លារ ស្មើនឹង ៥,៤% នៃសមតុល្យឥណទានទូទាំងប្រទេស។​

​ខេត្តកំពង់ស្ពឺ ​គឺជាខេត្តដែលមានបរិមាណ​ឥណទានខ្ពស់លំដាប់ទី៣ ​មានទំហំ ​១០ ៦០៨ ​៦៩៣ ​លានរៀល ​ប្រមាណ ​២,៦ ​ពាន់លានដុល្លារ ស្មើនឹង ៤,៣% នៃសមតុល្យឥណទានទូទាំងប្រទេស ​និងមានអ្នកខ្ចី ៣៩,២ ម៉ឺននាក់​។

​លោកស្រី ​ជា ​សិរី ​ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​ មានប្រសាសន៍ថា ​ប្រព័ន្ធធនាគារ​នៅកម្ពុជា​នៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។​

លោកស្រី ​ជា សិរី ​បញ្ជាក់​ថាភាពធន់ ​និង​រឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ​២០២៥ ឥណទានដែលផ្តល់​ដោយ​ប្រព័ន្ធធនា​គារ​បន្តកើនឡើងសន្សឹមៗ​ក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤​ ដែលរួមចំណែកគាំទ្រដោយ​កំណើន​តម្រូវការទុនរបស់ ​SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនា​គារ​បាន​បន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។

​យោងតាមទស្សនវិស័យរបស់ធនាគារកណ្តាល សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករ​ថា នឹងកើន​ឡើង​ប្រហែល ៥ ភាគរយ និងអតិផរណាដល់ ២,៣ ភាគរយនៅឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីភាពធន់ក្នុង​ចំណោមភាពមិនប្រាកដប្រជាសកល ​និង​បញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៣% ជំពាក់បំណុលធនាគារ។

លោកបណ្ឌិតយល់ឃើញថា៖ «ប្រាក់សន្សំនៅក្នុងធនាគារ ហើយនឹងបំណុល ធនាគារគាត់នៅធនាគារ​គាត់នៅអន្តរការី អ្នក​យកលុយទៅផ្ញើ ៦០ ពាន់លានដុល្លារ ខ្ចីពីធនាគារវិញ ៦០ ពាន់លាន ចុះបើអ្នកខ្ចីអត់សង អ្នកផ្ញើក៏អត់មានលុយដែរ ព្រោះក្នុងធនាគារអត់មានផង ព្រោះ ៦០ ពាន់ដូចគ្នា អញ្ចឹងនេះគឺជាហានិភ័យ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម