Connect with us

សេដ្ឋកិច្ច

CBC៖ តម្រូវការ​ឥណទាន​បន្តកើន​ឡើង ​នៅឆ្នាំ ​២០២៥​

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៥ ក្រុម​ហ៊ុន​ ក្រេឌីត ​ប្យួរ៉ូ ​ខេមបូឌា (CBC) ​បាន​ផលិត​របាយការណ៍ចំនួន ​៦,៣ ​លាន​ ពោលគឺមានអតិថិជនប្រមាណ ៦,៣ លាន (Aplication) បានស្នើសុំប្រាក់កម្ចីឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើង ៧,៨% ប្រៀបធៀបនឹងឆ្នាំ ​២០២៤ ដែលមានចំនួន ៥,៩ លាន របាយការណ៍។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ CBC តម្រូវការស្នើសុំភាគច្រើនលើប្រាក់កម្ចីខ្នាតតូច ដែលមានទំហំទឹកប្រាក់ត្រឹម ៥០០ ដុល្លារ ប្រមាណ ៣០% និងឥណទានទំហំចាប់ពី ៥០០-៣០០០ ដុល្លារ ចំនួន ៣០%។

CBC រាយការណ៍ថា ប្រតិបត្តិការឥណទានដែលត្រូវបានអនុម័តបានកើនឡើង ៥,៣%​ ពី ៤,៣ លានគណនី ទៅ ៤,៥ លានគណនី។ ទំហំឥណទានកើនឡើង ៥,៥% ពី​កើនពី​ ៥៨ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៤ រហូតដល់ ៦២ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ ២០២៥។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ តម្រូវការឥណទាននៅតែមានកំណើន ទោះបីជាយើងជួបឧបសគ្គមួយចំនួនដូចជាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកស្រី ​ជា ​សិរី ​ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​ មានប្រសាសន៍ថា ​ប្រព័ន្ធធនាគារ​នៅកម្ពុជា​នៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។​

លោកស្រី ​ជា សិរី ​បញ្ជាក់​ថា ភាពធន់ ​និង​រឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ​២០២៥ ឥណទានដែលផ្តល់​ដោយ​ប្រព័ន្ធធនា​គារ​បន្តកើនឡើងសន្សឹមៗ​ក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤​ ដែលរួមចំណែកគាំទ្រដោយ​កំណើន​តម្រូវការទុនរបស់ ​SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនា​គារ​បាន​បន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៣% ជំពាក់បំណុលធនាគារ។

លោកបណ្ឌិត គី សេរីវឌ្ឍ យល់ឃើញថា អ្នកខ្វះលទ្ធភាពសងបំណុលបានកើនឡើង ដោយសារជម្លោះព្រំដែន និងការធ្លាក់ចុះនៃវិស័យលក់រាយ។ ប៉ុន្តែរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ផងដែរ ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យាពេលសងត្រឡប់ជាដើម។

គិតត្រឹមឆ្នាំ ២០២៥ ប្រព័ន្ធធនាគារកម្ពុជាមានស្ថាប័នសរុប ១៩៦ ក្នុងនោះមានធនាគាចំនួន ៩១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ និងគ្រឹះស្ថានភតិសន្យា ព្រមទាំងគ្រឹះស្ថានឥណទានជនបទសរុប ៣៤។

ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីពី​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ​​ដែល​មានទំហំ​ទឹក​ប្រាក់ ​២៤៨ ​៩២៦ ​៥៧៥ ​លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។ អត្រានៃការសងត្រឡប់យឺតលើសពី ៩០ ថ្ងៃ មានចំនួន ៦,៤៦% គិតត្រឹមដំណាច់ឆ្នាំ​២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម