ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន ដាំកូនឈើចម្រុះ ២ពាន់ដើម នៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមក្នុងពិធីដាំកូនឈើប្រមាណ២០០០ដើមនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី បាន ស្រីមុំ មានប្រសាសន៍លើកឡើងថា ពិធីរុក្ខទិវានេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិអោយល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គំរូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិចតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។ ហើយចំពោះព្រឹត្តិការណ៍នេះ ក៏បង្ហាញឲ្យឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការការពារ និងបង្កើនធនធានព្រៃឈើដ៏មានតំលៃរបស់ខ្លួន។ ដោយឡែកខេត្តប៉ៃលិន ចាត់ទុកការដាំកូនឈើនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើឲ្យខេត្តក្លាយជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង នាពេលអនាគត។

លោកស្រីអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធកងកម្លាំងទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ បន្តកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាព
ក្នុងការចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាលរីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន
ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើផងដែរ។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ឆ្នាំ២០២៤នេះ ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិនបានកំណត់យកទីតាំងតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីប្រារព្ធរុក្ខទិវា ៩កក្កដា និងដាំដើមឈើចម្រុះ ចំនួន២០០០ដើម មានដូចជា បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃជើងគោ និងសាគូរ៉ា សម្រាប់ដាំក្នុងពិធីបុណ្យ “ រុក្ខទិវា ” និងចែកជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត
សាលារៀន និងប្រជាពលរដ្ឋដាំតាមមូលដ្ឋានផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


