Connect with us

ព័ត៌មានជាតិ

និយោជិតជាង៣ពាន់នាក់ទទួលប្រាក់ឧបត្ថម្ភពីការព្យួរការងារអំឡុងវិបត្តិកូវីដ១៩

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជាបានបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតជាង៣ពាន់នាក់ ដែលព្យួរការងារដោយសារជំងឺកូវីដ១៩ជាបន្តបន្ទាប់ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃជួនដល់បងប្អូនកម្មករ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី០៤មីនា នេះជាលើកទី៥១ហើយដែលរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ដែលលើកនេះមានកម្មករនិយោជិតសរុបចំនួន ៣,៣២២នាក់នៅរោងចក្រ សហគ្រាសចំនួន៤១ក្នុងវិស័យកាត់ដេរ  និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារបានបន្តថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន៦០,៧៥០រៀលស្មើនឹង១៥ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ថ្ងៃដល់១០ថ្ងៃ

១២១,៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃ ១៦២,០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ ២៨៣,៥០០រៀលស្មើនឹង៧០ដុល្លារសម្រាប់រយៈពេល៣១ថ្ងៃដល់៤៩ថ្ងៃ និង៣២៤,០០០រៀលស្មើនឹង៨០ដុល្លារពី៥០ថ្ងៃដល់៦០ថ្ងៃ។

ក្រសួងការងារបានបន្ថែមថា ការបើកប្រាក់ឧបត្ថម្ភនេះគឺធ្វើឡើងតាមរយៈធនាគារឯកទេសវីង។ ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។

ក្រសួងបានបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤១មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីងទេនោះ ត្រូវធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម