ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវដល់ពលរដ្ឋខ្មែរ កុំធ្វើការងារខុសច្បាប់ក្រៅប្រទេស ខណៈការងារក្នុងស្រុកមានច្រើនម៉ឺនកន្លែង
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។
លោក កត្តា អ៊ន បញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងជៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងនៅលើបណ្តាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តង។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ជម្រើសការងារក្រៅស្រុក និងក្នុងស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ទី១ ប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន, ទី២ កន្លែងការងារនៅក្បែរផ្ទះ, និងទី៣ ការចំណាយទាបដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការស្នើឱ្យប្រជាពលរដ្ឋឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។
អ្នកនាំពាក្យក្រសួងការងារបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រសិនបើរកឃើញថាមានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ឬទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។
គូរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្តាហ៍ សម្រាប់ប្រជាពលរដ្ឋមានបំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ នៅក្នុងសប្តាហ៌នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានប្រកាសឱកាសការងាររហូតដល់ទៅចំនួន ៥៣ ៥៥២ កន្លែង សម្រាប់អ្នកដែលកំពុងស្វែងរកការងារ។

សូមយុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


