ព័ត៌មានជាតិ
លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី
សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ (The 13th ASEAN Plus three labour minister meeting – 13th ALMM+3) ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានបូកបី រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ, រួមនិងរដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍, និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ លោក ហេង សួរ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។ ជាក់ស្តែង ប្រទេសទាំងបីបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា រួមមាន៖
១- កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពធន់តាមរយៈ “គម្រោងពង្រឹងជំនាញអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា” ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គំនិតផ្តួចផ្តើមនេះបានបង្កើនជំនាញ និងការអភិវឌ្ឍន៍លើសេវា និងប្រព័ន្ធព័ត៌មានទីផ្សារការងារ រួមជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន។

២- កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បាននិងកំពុងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) នៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដទៃទៀត ពិសេសលើវិស័យសំណង់ ដែលនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតផងដែរ។

៣- ភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ បាននិងជំរុញវិស័យបណ្តុះបណ្តាលបច្ចេកទេស (TVET) នៅកម្ពុជា ពិសេសលើផ្នែកឌីជីថលភាវូបនីយកម្ម ដែលធ្វើឱ្យកម្លាំងពលកម្មនៅក្នុងតំបន់អាស៊ានកាន់នៅតែមានភាពប្រកួតប្រជែង ស្របតាមបរិបទការងារសកលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសអាស៊ានបូកបីទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Statement) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


