Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ថា ពុំមានការបង្ខាំង និងធ្វើទារុណកម្មលើជនជាតិកូរ៉េ នៅខេត្តកណ្តាលទេ

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មិនមានការចាប់បង្ខាំង និងធ្វើទារុណកម្មខុសច្បាប់ទៅលើយុវជនជនជាតិកូរ៉េ នៅខេត្តកណ្តាល ដូចការលើកឡើងរបស់ក្រុមគ្រួសារនោះទេ​។ ផ្ទុយទៅវិញ យុវជនជាជនជាតិកូរ៉េរូបនេះ កំពុងស្នាក់នៅ និងធ្វើការយ៉ាងសុវត្ថិភាពបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ទទួលបានព័ត៌មាននេះភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញថា យុវជនជនជាតិរូបនេះកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។

តាមការបំភ្លឺ យុវជន CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មកមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ។ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អគ្គស្នងការដ្ឋាននគរបាល គូសបញ្ជាក់ថា ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួន បានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ។ ផ្ទុយទៅវិញ សាមីខ្លួន ក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុង ការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពីទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារ ដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។

ករណីនេះ អគ្គស្នងការដ្ឋាន នឹងបញ្ជូនយុវជនជនជាតិកូរ៉េរូបនេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម