ព័ត៌មានជាតិ
អ្នកនិពន្ធ យូ សុភា ថា មូលហេតុដែលរឿងកូនប្រសារស្រីល្បីម្តងទៀត ព្រោះជាសាច់រឿងពិត និងត្រូវជីវិតពិតរបស់ស្ត្រីមេផ្ទះមួយចំនួន
អ្នកនិពន្ធ យូ សុភា បានលើកឡើងកត្តា៥យ៉ាង ដែលនាំឱ្យរឿងកូនប្រសារស្រី មានការផ្ទុះល្បីល្បាញឡើងវិញ និងមានអ្នកតាមដានច្រើន ក្នុងនោះ លោកថា ព្រោះរឿងនេះគឺដកស្រង់ចេញពីរឿងពិតរបស់ស្ត្រីម្នាក់ ហើយក៏ត្រូវនឹងសាច់រឿងជីវិតពិតរបស់កូនប្រសារស្រីដទៃទៀតនៅកម្ពុជាកាលពីអតីតកាលដែរ។

ការលើកឡើងរបស់ លោក យូ សុភា បែបនេះ បន្ទាប់ពីមួយរយៈចុងក្រោយឃើញថា ភាពយន្តខ្មែររឿងកូនប្រសារស្រី មានការពេញនិយមឡើងវិញពេញបណ្តាញសង្គមមិនថាលើហ្វេសប៊ុក តិកតុ ឬយូធូបឡើយ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានសម្តែងធ្វើត្រាប់តាមសាច់រឿងផងដែរ។
ជាមួយគ្នានេះ តាមរយៈវីដេអូជិត៨នាទី របស់លោក យូ សុភា ដែលបានបង្ហោះកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើង៥យ៉ាងដែលនាំឱ្យរឿងកូនប្រសារស្រីល្បីល្បាញម្តងទៀត គឺកត្តាទី១ ដោយសាររឿងនេះជារឿងពិត បូករួមជាមួយសិល្បៈតែងនិពន្ធ និងការសម្តែងផងនោះ បានធ្វើឱ្យមានភាពទាក់ទាញ ងាយជ្រាបចូលក្នុងគំនិតប្រជានជនខ្មែរ ព្រោះរឿងនេះមានក៏ត្រូវនឹងកូនប្រសារស្រី និងស្ត្រីមេផ្ទះច្រើនក្នុងសង្គមខ្មែរពីអតីតកាលផងដែរ។ ទី២ រឿងកូនប្រសារស្រីមានលក្ខណៈរលូនល្អ មិនស្មុគស្មាញ មិនច្របូកច្របល់ ដែលធ្វើឱ្យអ្នកទស្សនាពីបាកមើលឡើយ ហើយអ្នកនិពន្ធបានប្រើសន្ទេហវិធីក្នុងការតែងនិពន្ធដើម្បីឱ្យអ្នកទស្សនាចង់ដឹងហើយចង់ដឹងទៀតថា តើចុងបញ្ចប់វាសនារបស់តួអង្គនឹងទៅជាបែបណា? ដែលនេះគឺជាចំណុចស្នូលនៃរឿងទាក់ចិត្តអ្នកទស្សនាតាមដានពីដំបូងដល់ចប់។

កត្តាទី៣ គឺទេពកោសល្យសម្តែងរបស់តួអង្គនីមួយៗក្នុងរឿងមានលក្ខណៈធម្មជាតិ សមជាមួយនឹងសាច់រឿងជាពិសេស គឺតួឯកស្រីតែម្តង ទាំងទឹកមុខ កាយវិការ និងការតែងខ្លួនសមជានារីខ្មែរ រួមទាំងការនិយាយស្តី ការដោះស្រាយបញ្ហារឿងបង្ហាញពីធម្មជាតិពិតៗ និងបានឆ្លុះបញ្ចាំងពីសកម្មភាពរស់នៅក្នុងសង្គមខ្មែរផង។ ទី៤ ដែលនាំឱ្យរឿងកូនប្រសារស្រីមានតម្លៃក្នុងសង្គមខ្មែរ ព្រោះអ្នកនិពន្ធបានលើកឡើងពីបញ្ហារបស់ស្ត្រីមកឆ្លុះបញ្ចាំង ក្នុងន័យជួយលើកស្ទួយតម្លៃស្ត្រីខ្ំែរ ស្របពេលដែរសង្គមខ្មែរ ហាក់ព្រងើយកន្តើយពីតម្លៃរបស់ស្ត្រីខ្មែរ។

លោក យូ សុភា គិតថា កត្តាទី៥ គឺដោយសាររឿងនេះ និពន្ធ និងដឹកនាំផ្ទាល់ដោយអ្នកស្រី ពាន់ ភួងបុប្ផា ជាកវីនិពន្ធ និងអ្នកដឹកនាំភាពយន្តល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលបានរួមចំណែកសំខាន់ក្នុងការលើកស្ទួយភាពយន្តខ្មែរឱ្យរស់ឡើងវិញ។ មួយវិញទៀត រាល់ស្នាដៃរបស់អ្នកស្រី គឺមានការគាំទ្រ និងពេញនិយមច្រើនពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈតែម្តង ព្រោះស្នាដៃរបស់អ្នកស្រីតែងឆ្លុះបញ្ចាំងពីថតភាពពិតក្នុងសង្គមខ្មែរ ដែលធ្វើឱ្យមានភាពងាយស្រួលជ្រាបចូលចិត្តគំនិតអ្នកទស្សនា។ បន្ថែមពីនេះ លោក យូ សុភា ថា ជារឿយៗអ្នកស្រី ពាន់ ភួងបុប្ផា តែងសហការនិពន្ធជាមួយអ្នកស្រី ប៉ុល ពិសី ដែលសុទ្ធតែជាអ្នកនិពន្ធដែលមានទេពកោសល្យឆ្នើម និងមានការគាំទ្រច្រើន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


