ព័ត៌មានជាតិ
លោក ពូទីន ថារុស្ស៊ីនឹងបន្តសាកល្បងមីស៊ីលថ្មី ក្នុងការប្រយុទ្ធ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា រុស្ស៊ីនឹងបន្តធ្វើតេស្តមីស៊ីលលឿនថ្មីរបស់ខ្លួនក្នុងការប្រយុទ្ធ និងថែមទាំងមានស្តុកទុកសម្រាប់ប្រើប្រាស់លើកក្រោយទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ខែវិច្ឆិកានេះ។

លោកពូទីនបាននិយាយមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបាញ់អាវុធរយៈចម្ងាយមធ្យមថ្មីចូលទៅក្នុងអ៊ុយក្រែនជាលើកដំបូងដែលជាការសងសឹកលើអ៊ុយក្រែនដែលប្រើប្រាស់មីស៊ីលផ្លោងរបស់អាមេរិកនិងមីស៊ីលឆ្លងទ្វីបរបស់អង់គ្លេសដើម្បីវាយប្រហាររុស្ស៊ី។
លោកពូទីនបានពណ៌នាអំពីការប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូងថា ជាការធ្វើតេស្តជោគជ័យ ហើយបន្តធ្វើជាច្រើនទៀត។ លោកបាននិយាយនៅក្នុងសេចក្តីអធិប្បាយតាមទូរទស្សន៍ទៅកាន់មន្ត្រីការពារជាតិ និងអ្នកអភិវឌ្ឍមីស៊ីលថា «យើងនឹងបន្តការសាកល្បងទាំងនេះ រួមទាំងក្នុងលក្ខខណ្ឌប្រយុទ្ធ អាស្រ័យលើស្ថានភាព និងលក្ខណៈនៃការគំរាមកំហែងផ្នែកសន្តិសុខមកលើប្រទេសរុស្ស៊ី។ លើសពីនេះទៅទៀត យើងមានស្តុកទុកប្រព័ន្ធបែបនេះរួចរាល់សម្រាប់ប្រើប្រាស់»។
ទីក្រុងមូស្គូនិយាយថា តាមរយៈការផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិចចូលជ្រៅក្នុងប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងឈានចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីហើយ។ លើសពីនេះកាលពីថ្ងៃអង្គារ លោកពូទីនបានអនុម័តការផ្លាស់ប្តូរគោលនយោបាយដែលអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតា ដោយសារអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសចូលក្នុងប្រទេសរុស្ស៊ីមួយថ្ងៃបន្ទាប់ពីប្រើ ATACMS របស់អាមេរិក។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ក្រុង Kyiv កំពុងធ្វើការជាមួយដៃគូលោកខាងលិចរបស់ខ្លួន ដើម្បីរៀបចំប្រព័ន្ធ ដើម្បីទប់ទល់នឹង «ហានិភ័យថ្មី» ពីរុស្ស៊ី ។ លោកបាននិយាយថា «ក្នុងនាមខ្ញុំ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន កំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូរបស់យើងរួចហើយ ទាក់ទងនឹងប្រព័ន្ធការពារដែនអាកាសថ្មី ដែលមានសមត្ថភាពការពារអាយុជីវិតពីហានិភ័យថ្មីៗ»។ លោកបានបន្តថា ប្រជាជនអ៊ុយក្រែនត្រូវតែមានការប្រុងប្រយ័ត្ន។

បើតាមវិមានក្រឹមឡាំង បានឲ្យដឹងថាការបាញ់ Oreshnik គឺជាការព្រមានដល់លោកខាងលិច ប្រឆាំងនឹងការចាត់វិធានការ និងការសម្រេចចិត្ត «ដែលមិនប្រុងប្រយ័ត្ន» បន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែន។ ខណៈដែល Oreshnik ត្រូវបានបាញ់ដោយធម្មតា មិនមែនភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរទេ។ លោក ពូទីន បាននិយាយថា វាមិនមែនជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ប៉ុន្តែមានថាមពលដ៏ទាក់ទាញ និងភាពត្រឹមត្រូវរបស់វា ជាពិសេសនៅពេលប្រើរួមបញ្ចូលគ្នាជាមួយប្រព័ន្ធរយៈចម្ងាយឆ្ងាយដែលកាន់តែមានថាមពលខ្លាំង» ហើយថា « គ្មានវិធានការតបតចំពោះមីស៊ីលបែបនេះ គ្មានមធ្យោបាយស្ទាក់ចាប់វាទេ នៅក្នុងពិភពលោកសព្វថ្ងៃនេះ»។ លោកថា «ហើយខ្ញុំសង្កត់ធ្ងន់ម្តងទៀតថាយើងនឹងបន្តសាកល្បងប្រព័ន្ធថ្មីបំផុតនេះ និងបង្កើនការផលិត»។
ទោះយ៉ាងណាមន្ត្រីអាមេរិកម្នាក់បាននិយាយថា អាវុធដែលរុស្ស៊ីប្រើគឺជាអាវុធពិសោធន៍ និងថា រុស្ស៊ីមានចំនួនកំណត់ ហើយថានេះមិនមែនជាសមត្ថភាពដែលរុស្ស៊ីអាចដាក់ពង្រាយទៀងទាត់នៅលើសមរភូមិនោះទេ។
គួរបញ្ជាក់ថាមីស៊ីលនេះមានកម្រិតមធ្យមមានរយៈចម្ងាយពី៣០០០គីឡូម៉ែត្រទៅ៥៥០០គីឡូម៉ែត្រ ដែលអាចបាញ់បានគ្រប់ទីកន្លែងនៅអឺរ៉ុប ឬភាគខាងលិចសហរដ្ឋអាមេរិកពីរុស្ស៊ី ។ អ្នកជំនាញផ្នែកសន្តិសុខបាននិយាយថា លក្ខណៈពិសេសថ្មីនៃមីស៊ីល Oreshnik គឺថាវាផ្ទុកក្បាលគ្រាប់ជាច្រើនដែលមានសមត្ថភាពវាយប្រហារក្នុងពេលដំណាលគ្នានូវគោលដៅផ្សេងៗគ្នា ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយដែលត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
អ៊ុយក្រែនក៏បានឲ្យដឹងដែរថា មីស៊ីលបានឈានដល់ល្បឿនកំពូលជាង ១៣០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចំណាយពេលប្រហែល ១៥ នាទីដើម្បីទៅដល់គោលដៅ ពីការបាញ់បង្ហោះ។ ការបាញ់មីស៊ីលនេះគឺជាផ្នែកមួយនៃភាពតានតឹងខ្លាំងក្នុងសប្តាហ៍នេះ ដោយសារអ៊ុយក្រែន និងរុស្ស៊ីបានវាយប្រហារលើទឹកដីគ្នាទៅវិញទៅមកដោយអាវុធដ៏ខ្លាំងក្លាទាំងនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


