Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ដាក់បម្រាមលើច្រកសមុទ្រហ័រមូស និងទារថ្លៃ «សន្តិសុខ» ២០%

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់កំហិតថ្មីយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដោយ​ចាប់ពីម៉ោង ៤ល្ងាច ថ្ងៃទី១៤ ខែកក្កដា នេះតទៅ (ម៉ោងក្នុង​តំបន់) នាវាទាំងឡាយណាដែលចេញ ឬចូលកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ នឹង​មិនត្រូវ​អនុញ្ញាត​​​ទៀត​ឡើយ។ នេះ​បើយោងតាមការ​ចុះផ្សាយរបស់​​សារព័ត៌មាន BBC។

លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក គឺជាអ្នកការពារច្រកសមុទ្រហ័រមូស ហើយ​បន្ថែមពី​នោះ អាមេរិក​នឹង​ទារថ្លៃសន្តិសុខ ចំនួន ២០% នៃតម្លៃទំនិញលើនាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។

ទន្ទឹមនឹងការប្រកាសបិទផ្លូវនេះ កងទ័ពអាមេរិក បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើទីតាំងយោធាអ៊ីរ៉ង់។ អាមេរិក បានដាក់ពង្រាយដ្រូនលើផ្ទៃទឹក (USV) ប្រភេទ «Corsair» ជាលើកដំបូង ចំនួន​៣គ្រឿង ដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់នៅកំពង់ផែ Bandar Abbas ដែលធ្វើឱ្យសមត្ថភាពការពាររបស់អ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ឆ្លើយតបនឹងទង្វើនេះ ប្រទេសអ៊ីរ៉ង់ បានប្រកាសដោយក្តីខឹងសម្បារថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីសំណាក់អាមេរិកឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅការទារពន្ធ ២០% របស់លោក ត្រាំ ថាជា «អំពើប្លន់» និងបញ្ជាក់ថា អ៊ីរ៉ង់គឺជាអ្នកថែរក្សាច្រកសមុទ្រនេះ តាំងពីដើមមកម៉្លេះ។

ភាពតានតឹងនេះ បានធ្វើឱ្យទីផ្សារពិភពលោក​រង្គោះរង្គើជាថ្មីម្ដងទៀត ដោយតម្លៃប្រេងឆៅ Brent បានហក់ឡើងដល់ទៅ ៩,៦% ខណៈដែលទីផ្សារភាគហ៊ុនអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់។

សកម្មភាពរបស់លោក ត្រាំ ត្រូវបានក្រុមអ្នកវិភាគ និងសូម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោកផ្ទាល់ មើលឃើញថាមានភាពចម្រូងចម្រាស។ កាលពី​ពេល​មុន លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក J.D. Vance អនុប្រធានាធិបតី ធ្លាប់បានអះអាងថា ច្បាប់អន្តរជាតិហាមឃាត់មិនឱ្យមានការទារពន្ធលើផ្លូវទឹកអន្តរជាតិបែបនេះឡើយ។ ការសម្រេចចិត្តនេះ ក៏បានលុបចោលកិច្ចព្រមព្រៀងសន្តិភាព (MOU) ដែលទើបតែសម្រេចបានកាលពីខែមុន ដោយនាំឱ្យស្ថានការណ៍វិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាវិញ។

ពិភពលោកទាំងមូល កំពុងរង់ចាំដោយអន្ទះសាថា តើនឹងមានអ្វីកើតឡើងបន្តទៀត ខណៈដែលលោក ត្រាំ បានគ្រោងថ្លែងសុន្ទរកថាស្តីពីស្ថានភាពជាតិនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ។ តើជម្លោះនេះនឹងឆ្ពោះទៅរកសង្គ្រាមពេញទំហឹង ឬនឹងមានដំណោះស្រាយណាមួយនៅនាទីចុងក្រោយ? សំណួរនេះនៅតែជាក្តីកង្វល់ដ៏ធំរបស់ប្រជាជនទូទាំងពិភពលោក៕

ច្រកសមុទ្រ​ហ័រមូស (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម