ព័ត៌មានជាតិ
កម្មករ-និយោជិត ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គម តាមរយៈ ប.ស.ស សម្រាប់កម្មករ-និយោជិត
កម្មករ-និយោជិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់លើគោលនយោបាយកិច្ចគាំពារសង្គម តាមរយៈការផ្តល់អត្ថប្រយោជន៍លើរបបសន្តិសុខសង្គមដល់កម្មករ-និយោជិត។

ការលើកឡើងរបស់កម្មករ-និយោជិត បែបនេះ ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី សួន សូត្រ ជាកម្មករ-និយោជិត នៃរោងចក្រ ម៉េងដា រាជធានីភ្នំពេញ លើកឡើងថា ខ្លួនមានបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចាប់តាំងពីចូលធ្វើការជាកម្មកររោងចក្រ ហើយនិយោជកជាអ្នកបង់ថ្លៃវិភាគទានឱ្យទាំងស្រុង។ តាមរយៈរបបសន្តិសុខសង្គមមួយនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់លោកស្រីដែលជាបុគ្គលិកបម្រើការងារក្នុងរោងចក្រ។ លោកស្រីមិនមានការព្រួយបារម្ភលើសេវាថែទាំសុខភាពដែលចំណាយប្រាក់ច្រើនទៀតនោះទេ ពីព្រោះរាល់ការទៅពិនិត្យសុខភាព និងការព្យាបាល មិនមានការបង់ប្រាក់ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យ។

លោកស្រីមើលឃើញថា បេឡាជាតិសន្តិសុខសង្គមបានចូលរួមចំណែកយ៉ាងច្រើនលើជីវភាពរបស់កម្មករ-និយោជិត ដែលធ្វើឱ្យពួកគេអាចចំណេញ និងអាចសន្សំថវិកាបានមួយផ្នែក លើថ្លៃសេវាពិនិត្យ និងថែទាំសុខភាពរបស់ពួកគេ។ លោកស្រីសប្បាយចិត្តនៅពេលមានការគិតគូរពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏មានអត្ថប្រយោជន៍មួយនេះ។

ដោយឡែក លោក ស៊ុន ប៊ុនធឿន ដែលជាកម្មករ នៃរោងចក្រ ម៉េងដា បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្មករ-និយោជិត ទាំងអស់ នៅទូទាំងប្រទេស អាចប្រើបណ្ណ ប.ស.ស ដើម្បីទៅទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃ និងគ្រប់ពេលវេលា។ តាមរយៈ បណ្ណប.ស.ស នេះហើយ ធ្វើឱ្យកម្មករ-និយោជិត មានលទ្ធភាពថែរក្សាសុខភាពប្រសើរជាងមុន ហើយអាចឱ្យកម្មករ-និយោជិត អាចសន្សំប្រាក់បានមួយចំនួន បន្ទាប់ពីនិយោជកជាអ្នករ៉ាប់រងបង់សេវាប្រចាំខែ។

កម្មកររោងចក្ររូបនេះមើលឃើញថា តាមរយៈគោលនយោបាយបេឡាជាតិសន្តិសុខសង្គម និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ទៀត មកលើ កម្មករ-និយោជិត វាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទាំងនេះគឺជាការផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងមកលើកម្មករ-និយោជិត ពីព្រោះកាលណាកម្មករ-និយោជិតមានសុខុមាលភាពល្អ នោះផលិតភាពការងារក្នុងរោងចក្រក៏មានភាពល្អប្រសើរផងដែរ។

ចំពោះការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៧៦ នៅឆ្នាំ ២០២៤ នេះដែរ កម្មករ-និយោជិត បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានមកចូលរួមផ្ទាល់ជាមួយកម្មករ-និយោជិត ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ។ កម្មករ-និយោជិត ថា ការមកចូលរួមផ្ទាល់របស់ លោករដ្ឋមន្ត្រីក្រសួងការងារ គឺជាការស្តាប់សំឡេងស្នើសុំផ្ទាល់របស់កម្មករ-និយោជិត ហើយអាចដោះស្រាយបានលទ្ធផលជាអតិបរមាជូនកម្មករ-និយោជិតផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់