ព័ត៌មានអន្ដរជាតិ
កោះ Canary បដិសេធដាច់អហង្ការ មិនឲ្យ នាវាទេសចរដែលផ្ទុះមេរោគ Hantavirus ចូលចត ដាច់ខាត
គ្រាន់តែឮថា អេស្ប៉ាញ ព្រមឲ្យនាវាទេសចរណ៍ MV Hondius ដែលកំពុងផ្ទុះករណីឆ្លងមេរោគ Hantavirus ចូលចតនៅកោះ Canary ភ្លាម ស្រាប់តែមេដឹកនាំកោះនេះ ចេញមុខបដិសេធភ្លែតថា ខ្លួននឹងមិនអនុញ្ញាតឲ្យចូលចត ដាច់ខាត។

បច្ចុប្បន្ន នាវា MV Hondius ដែលមានម្ចាស់ជាក្រុមហ៊ុនហូឡង់ កំពុងចតនៅកំពង់ផែ Praia នៃប្រទេសកាប់វែរ ដោយកំពុងផ្ទុះការឆ្លងមេរោគ Hantavirus លើអ្នកដំណើរជាបន្តបន្ទាប់ ខណៈទេសចរ៣នាក់ បានបាត់បង់ជីវិតរួចទៅហើយ។
ជាមួយតម្លៃសំបុត្រ ចាប់ពី ១៦ ០០០ ដល់ ២៥ ០០០ ដុល្លារអាមេរិកក្នុងម្នាក់, នាវារបស់ក្រុមហ៊ុនទេសចរណ៍ Oceanwide Expeditions ដែលដឹកទេសចរប្រមាណ ១៥០នាក់ បានចាកចេញពីទីក្រុង Ushuaia ភាគខាងត្បូងប្រទេសអាហ្សង់ទីន កាលពីខែមីនា ប៉ុន្តែឥឡូវ អ្នកដំណើរទាំងអស់ មិនត្រូវបានគេអនុញ្ញាឲ្យឡើងគោកឡើយ ព្រោះតែហានិភ័យ នៃការឆ្លងរាលដាលមេរោគ។

កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរអេស្ប៉ាញ បានសម្រេចឲ្យនាវានេះ ចូលចតនៅ Canary ប៉ុន្តែមេដឹកនាំកោះនេះ បដិសេធយ៉ាងដាច់អហង្ការ មិនឲ្យនាវាចូលចតឡើយ ព្រោះតែហានិភ័យឆ្លងមេរោគដល់ពលរដ្ឋខ្លួន។
ប្រធានាធិបតីកោះ Canary លោក Fernando Clavijo និយាយថា៖ «វាគឺជាការរៀបចំឡើងទាំងប្រថុចញ៉ុច ដោយរដ្ឋាភិបាលអេស្ប៉ាញ។ យើងមិនមានព័ត៌មានគ្រប់គ្រាន់ អំពីទំហំនៃការរីករាលដាល នៃជំងឺនេះទេ។ យើងអត់ដឹងថា យើងកំពុងជួបនឹងស្អីគេផងហ្នឹង»។

ពាក់ព័ន្ធរឿងនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្តីបារម្ភរួចហើយ ប៉ុន្តែអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ស្លន់ស្លោនិងជ្រួលច្របល់ ព្រោះហានិភ័យឆ្លងរាលដាលទ្រង់ទ្រាយធំ នៅមានកម្រិតទាបនៅឡើយ។
តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។
បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង។
យោងតាម WHO, មានករណីជំងឺនេះ ប្រមាណ ១៥០ ០០០ ករណី នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដែលភាគច្រើនកើតមាននៅអឺរ៉ុប និងអាស៊ី។ ក្នុងចំណោមករណីទាំងនោះ ជាទូទៅច្រើនជាងពាក់កណ្តាល បានកើតឡើងនៅក្នុងប្រទេសចិន៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


