វប្បធម៌ ជំនឿ
ហេតុអ្វីបានជាបុព្វបុរសខ្មែរចូលចិត្តសាងសង់ប្រាសាទ
ប្រជាជនខ្មែរមានប្រវត្តិ និងទំនៀមទំលាប់នៃការកសាងប្រាសាទយ៉ាងច្រើននៅពាសពេញផ្ទៃប្រទេស និងមានអរិយធម៌ដ៏រុងរឿងមួយនៅក្នុនតំបន់អាស៊ីអាគ្នេយ៍។ ទំនៀមទំលាប់នេះ បានបន្សល់ទុកនូវប្រាសាទជាច្រើននៅក្នុងប្រទេសកម្ពុជា និងលាតសន្ធឹងចូលទៅក្នុងតំបន់នៃប្រទេសឡាវ ថៃ និងវៀតណាម នាពេលបច្ចុប្បន្ន។ ប្រាសាទទាំងនេះ ដោយមានសិលាចារឹកជាអក្សរខ្មែរ ធ្វើជាសក្ខីភាពបញ្ជាក់អំពីវប្បធម៌ និងសាសនារបស់ប្រជាជនខ្មែរ។

ទាំងភ្ញៀវជាតិ និងអន្តរជាតិ តែងតែងឿងឆ្ងល់ចំពោះចំនួនប្រាសាទដ៏ច្រើនក្នុងប្រទេសកម្ពុជា ដែលនាំឱ្យមានសំណួរសួរថា ហេតុអ្វីបានជាមានប្រាសាទច្រើនម្ល៉េះ បើធៀបនឹងប្រទេសដទៃទៀតក្នុងពិភពលោក?
លោក សុផល តាន់ អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា បុព្វបុរសខ្មែរពីដើម បានសាងសង់ប្រាសាទឡើងមានគោលបំណងសំខាន់ៗចំនួនពីរ គឺការគោរពសាសនា និងការបំពេញកាតព្វកិច្ច។
បើតាមលោក តាន់ ៖« ដូនតាយើងដែលសង់ប្រាសាទគឺមានគំនិតពីរ គឺគោរពសាសនា ជំនឿ។ នៅក្នុងពិធីសាសនា មិនមែនធ្វើឡើងដោយគ្មានបំណងទេ ប៉ុន្តែត្រូវបានភ្ជាប់យ៉ាងខ្លាំងទៅនឹងជំនឿសាសនា។សាសនារបស់ប្រជាជនខ្មែរភាគច្រើនគឺព្រះពុទ្ធសាសនា និងសាសនាព្រាហ្មណ៍ ដែលមានប្រាសាទជាច្រើនសម្រាប់ឧទ្ទិសដល់អាទិទេពផ្សេងៗ។ ប្រាសាទនានា សាងសង់ឡើងសម្រាប់ជាលំនៅដ្ឋានរបស់ព្រះហើយមនុស្សធម្មតាមិនអាចទៅធ្វើរញ៉េរញ៉ៃនៅកន្លែងព្រះបានទេ»។
លោកបានពន្យល់ទៀតថា តាមប្រវត្តិសាស្រ្ត មនុស្សជំនាន់មុនមានគោរពសាសនាបានខ្ជាប់ខ្ជួនណាស់ ហើយមនុស្សធម្មតាមិនអាចចូលប្រាសាទបានទេ ទាល់តែអ្នកនោះជាព្រាហ្មណ៍ ប៉ុន្តែឥឡូវប្រាសាទមិនសម្រាប់តែព្រះនោះទេ មនុស្សសាមញ្ញអាចចូលបាន។ យ៉ាងណាមិញ ការគោរពបែបនេះ ត្រូវបានសាបបន្តិចៗម្តងហើយ ប៉ុន្តែក៏នៅមានចាស់ៗជំនាន់មុនគោរពបានខ្ជាប់ខ្ជួន។ ត្រង់កន្លែងនេះលោកបានបញ្ជាក់ថា៖«បច្ចុប្បន្ន ចាស់ៗនៅតែគោរព ពេលដើរចូលប្រាសាទអង្គរវត្ត គាត់ដោះស្បែកជើង។ការអនុវត្តដោះស្បែកជើងមុនចូលប្រាសាទនានា ជាកាយវិការនៃការគោព។

ក្រៅពីការលះបង់ខាងសាសនា ការសាងសង់ប្រាសាទជាការបង្ហាញពីកាតព្វកិច្ចរបស់មនុស្សជំនាន់មុន។
លោក សុផល តាន់ បានពន្យល់ថា នៅពេលដែលស្តេចមួយអង្គឡើងសោយរាជ្យ ការសាងសង់ប្រាសាទ គឺជាវិធីមួយដើម្បីគោរពវិញ្ញាណក្ខន្ធដូនតា ឧទ្ទិសដល់ព្រះ បូជា ឬសម្រាប់ខ្លួនឯង។ លោកបញ្ជាក់ថា៖«ដូចយើងរាល់ថ្ងៃស្រឡាញ់ឪពុកម្តាយ យើងត្រូវមានកាតព្វកិច្ចសង់ជាចេតិយតម្កល់ធាតុ។ ពីមុនមិនមានគំនិតសង់ចេតិយទេ គឺសង់ប្រាសាទ។ពីមុនសង់ប្រាសាទឱ្យសាសនា បូជាឪពុកម្តាយ ហើយសម្រាប់ខ្លួនឯង។ ក្រៅពីនេះត្រូវរៀបចំរចនាសម្ព័ន្ធប្រព័ន្ទទឹក ហើយទឹកនេះឯងក៏ពាក់ព័ន្ធនឹងសាសនាដែរ»។

គួរឱ្យសោកស្ដាយ ប្រាសាទដ៏អស្ចារ្យជាច្រើនត្រូវបានរងការខូចខាតយ៉ាងដំណំដោយសារកត្តាសង្គ្រាម កង្វះការថែទាំ និងការបាក់បែកពីធម្មជាតិ។ យ៉ាងណាមិញ ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក ចិន ជប៉ុន និងឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការជួសជុល អភិរក្ស និងការធ្វើកំណាយស្រាវជ្រាវរកវត្ថុបុរាណជាដើម។
សរុបមក ភាពខ្នះខ្នែងរបស់ប្រជាជនខ្មែរក្នុងការកសាងប្រាសាទគឺជាការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅនៃការលះបង់ខាងសាសនា និងកាតព្វកិច្ចវប្បធម៌របស់ពួកគេ បង្កប់នូវមរតកដែលបន្តទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕
ដោយ៖ ឡាយ សាមាន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន