Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត

បានផុស

នៅ

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងការិយាល័យអូវ៉ាល់ កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យអាមេរិកបន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ ហើយប្រទេសទាំងពីរត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ដើម្បីកុំឲ្យទីក្រុងវ៉ាស៊ីនខ្វល់ខ្វាយ។ នេះបើតាមការចុះផ្សាយរបស់ AP

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែមករាឆ្នាំ២០២៥ រដ្ឋបាលអាមេរិកចាស់ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានជួយទាំងផ្នែកយោធានិងហិរញ្ញវត្ថុដល់អ៊ុយក្រែន អស់ទឹកប្រាក់ជាង ៦២ពាន់លានដុល្លារ ដើម្បីយកទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។ 

ដូច្នេះហើយ លោកត្រាំត្អូញត្អែរថា «អាមេរិកបានជួយអ៊ុយក្រែនច្រើនពេកហើយ សំខា​ន់ច្រើនជាងដៃគូអឺរ៉ុបណាណាទាំងអស់ អ៊ីចឹងយើងត្រូវតែមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រនិងរបស់ផ្សេងទៀតមកឲ្យយើងវិញ បើពួកគេចចង់បានជំនួយបន្ត»។

ទន្ទឹមនោះ លោក ត្រាំ លើកឡើងថា «ខ្ញុំចង់ធានាសន្តិសុខចំពោះធនធានកម្រ។ យើង​ដាក់​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លាររួចទៅហើយ។ អ៊ុយក្រែនមានធនធានកម្រដ៏អស្ចារ្យ ហើយអ៊ុយក្រែនក៏សុខចិត្តដែរចំពោះរឿងនេះ»។ 

(រូបថត៖ Shutterstock)

យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។ ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។

ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ផ្អាកយកពន្ធលើម៉ិកស៊ិកនិងកាណាដា ៣០ថ្ងៃសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម