Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់

បានផុស

នៅ

ការ​​ប៉ះ​ទង្គិច​គ្នា​​រវាង​កង​កម្លាំង​សន្តិសុខ​ឥណ្ឌានិងពួកឧទ្ទាមម៉ៅនិយម​នៅ​ក្នុង​ព្រៃក្នុង​ស្រុក Bijapur រដ្ឋ Chhattisgarh បណ្ដាលឲ្យស្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC នៅថ្ងៃទី១០ខែកុម្ភៈនេះ។

(រូបភាព៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យគឺស្ថិតក្នុងចំណោមការប៉ះទង្គិចគ្នាដ៏សាហាវបំផុតចាប់តាំងពីរដ្ឋាភិបាលឥណ្ឌាបានបង្កើន​​​​ការ​ប្រយុទ្ធ​​ដើម្បីកម្ទេចក្រុមបះបោរដែលបានដំណើរការចាប់តាំងពីទសវត្សរ៍ឆ្នាំ​១៩៦០។ នៅក្នុងការប្រយុទ្ធគ្នានេះ កងកុម៉ង់​ដូឥណ្ឌាពីរនាក់ក៏ត្រូវបានសម្លាប់ និងសមាជិកកងកម្លាំងសន្តិសុខពីរនាក់ផ្សេងទៀតបានរងរបួស។

មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Sundarraj Pattilingam បាននិយាយថា៖​«រហូតមកដល់ពេលនេះ សាកសពពួកឧទ្ទាមម៉ៅនិយមចំនួន​៣១នាក់ ត្រូវបានរកឃើញ តែចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង ខណៈ​ប៉ូលិសបន្ត​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​​តំបន់​នោះនៅឡើយ»។

(រូបភាព៖ PTI)

ពួកឧទ្ទាម​នេះ​ត្រូវបានបំផុសគំនិតដោយមេដឹកនាំបដិវត្តន៍ចិន លោក ម៉ៅ សេទុង។ ពួកគេ​អះអាង​ថា​កំពុង​ប្រយុទ្ធ​ដើម្បី​ការ​គ្រប់គ្រងបែប​កុម្មុយនិស្ត និង​សិទ្ធិ​កាន់​តែ​ធំ​សម្រាប់​ប្រជាជន​កុលសម្ព័ន្ធ និង​អ្នក​ក្រីក្រ​នៅ​តាម​ជនបទ។ ការបះបោរបាន​ចាប់ផ្តើមនៅក្នុងរដ្ឋ West Bengal តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយចាប់តាំងពីពេលនោះមកបានរីករាល​ដាល​ដល់ជាងមួយភាគបីនៃស្រុកចំនួន ៦០០​របស់ប្រទេសឥណ្ឌា។

ពួកឧទ្ទាមនេះក៏គ្រប់គ្រងតំបន់ធំៗក្នុងរដ្ឋជាច្រើន ដែលលាតសន្ធឹងពីភាគខាងជើងឆៀងខាងកើតទៅកណ្តាលប្រទេសឥណ្ឌា។

ការវាយលុករបស់យោធា និងប៉ូលិសធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីកម្ទេចក្រុមនេះឲ្យបាននៅឆ្នាំ២០២៦ខាងមុខ បានរុញច្រានពួកឧទ្ទាមត្រឡប់ទៅទីតាំងក្នុងព្រៃរបស់ពួកគេវិញ ហើយអំពើហិង្សាក៏បានធ្លាក់ចុះ។ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ និង​ក្រុម​ឧទ្ទាម​នៅ​តែ​កើត​មាន​ជា​ញឹកញាប់ ដោយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការបង្ក្រាបដោយកងកម្លាំងសន្តិសុខបានសម្លាប់ពួកឧទ្ទាមនេះប្រហែល ២៨៧ នាក់កាលពីឆ្នាំមុន ដែលភាគច្រើននៅក្នុងរដ្ឋ Chhattisgarh ខណៈជាង១០០០០ នាក់ត្រូវបានស្លាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០៕

(រូបភាព៖ PTI)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម