ព័ត៌មានជាតិ
ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន
លោក ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានប្រាប់«កម្ពុជាថ្មី» ថា ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តទ្រង់ទ្រាយធំជាងមុន រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដែលមានលក្ខណៈទ្រង់ទ្រាយធំជាងមុននេះ ដោយសាររដ្ឋបាលខេត្ត បានចាប់ដៃគូជាមួយវិស័យឯកជន ក្នុងការរៀបចំកម្មវិធីដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះកាន់តែល្អ និងមានមនុស្សមកលេងកាន់តែច្រើន។ បើតាមលោក ស្រី សុភ័ក្រ ព្រឹត្តិការណ៍សង្ក្រាននេះ ធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងខេត្ត ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម នឹងដឹកនាំធ្វើសង្ក្រាន្តដោយផ្ទាល់នៅទីក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្ត ក៏បានប្រគល់ភារកិច្ចនេះឱ្យរដ្ឋបាលក្រុង ស្រុកទាំងអស់ ដឹកនាំរៀបចំសង្ក្រាន្ត នៅតាមទីតាំងនានា និងតាមបណ្តាវត្តអារាមដែលមានសក្តានុពល នៅក្នុងស្រុករបស់ខ្លួនផងដែរ។
លោកបានបន្ថែមថា កម្មវិធីសង្ក្រាន្ត នៅទីក្រុងកំពង់ចាមផ្ទាល់នឹងមានការរៀបចំធំជាងគេ ដោយមានពិធីសែនទទួលទេវតា និងពិធីប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្ត នៅថ្ងៃទី១។ ព្រមទាំងមានរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតក្នុងរយៈពេល៣ថ្ងៃ(១៤-១៥-១៦ ខែមេសា) នៃពិធីសង្ក្រាន្តនេះ ដើម្បីបង្កការកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានដូចជា ព្រឹត្តិការណ៍ប្រដាល់គុណខ្មែរលំដាប់ប្រទេស ការប្រគុំតន្ត្រីខ្នាតយក្ស ការរាំលេងកម្សាន្ត និងមានល្បែងរបាំប្រជាប្រិយប្រពៃណីខ្មែរទាំងថ្ងៃទាំងយប់។ លើសពីនេះ ក៏មានការតាំងពិព័រណ៍ភូមិមួយផលិតផលមួយទាំងថ្ងៃទាំងយប់រយៈពេល ៣ថ្ងៃ ពិធីស្រង់ព្រះ និងការលេងទឹកដែលមានភាពសម្បូរសប្បាយជាងឆ្នាំកន្លងទៅ។

ពាក់ព័ន្ធទៅនឹងការពង្រឹងសណ្តាប់ធ្នាប់វិញ អភិបាលរងខេត្តដដែលរូបនេះ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តកំពង់ចាម ប៉ុន្មានឆ្នាំកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះជាបែបនេះក្តី រដ្ឋបាលខេត្តនៅតែបន្ថែមការរឹតបន្តឹង ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងសង្ក្រាន្តនៅក្នុងខេត្តកំពង់ចាម។
លោកបន្តថា ការរៀបចំសង្ក្រាន្តកាលពីឆ្នាំកន្លងទៅខេត្តកំពង់ចាម មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងច្រើនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររហូតដល់ជាង ៥លាននាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់មកលេងសង្ក្រាន្តខេត្តកំពង់ចាម ឱ្យបានច្រើនកុះករបន្ថែមទៀត។

សូមជម្រាបដែរថា ក្រៅពីខេត្តកំពង់ចាម បណ្តាខេត្តផ្សេងៗទៀត ក៏បានប្រកាសពីការត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខផងដែរ៕



អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


