ព័ត៌មានជាតិ
លោក ឈាង រ៉ា៖ ការធានាបាននូវផលិតផលឱសថមានគុណភាព ជាកត្តាចម្បងក្នុងការថែទាំសុខភាពរបស់ពលរដ្ឋ
ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សេចក្តីព្រាងច្បាប់នេះ គឺដើម្បីប្រមូលយោបល់ និងធាតុចូលពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អំពីផលប៉ះពាល់ និងអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សំដៅធានាថាច្បាប់នេះអាចឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែង ចំពោះការគ្រប់គ្រងផលិតផលឱសថ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចការពារផលប្រយោជន៍សុខភាពសាធារណៈ។
លោករដ្ឋមន្រ្តី បានគូសរំលេចថា គោលនយោបាយឱសថ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៥ និងត្រូវបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ ២០១០ ដែលផ្តល់នូវការណែនាំស្តីពីការធានាឱ្យប្រជាជនគ្រប់រូប ទទួលបាននូវផលិតផលឱសថដែលមានតំលៃសមរម្យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ឱសថ គឺច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ១៩៩៦ និងធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ ដែលតម្រូវឱ្យក្រសួងសុខាភិបាលរៀបចំសេក្តីព្រាងច្បាប់ស្តីពីផលិតផលឱសថថ្មីនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ លោកថា ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការការពារប្រឆាំងនឹងការគំរាមកំហែងសុខភាពសាធារណៈ ទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និងរួមចំណែកដល់ការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។

លោកបន្តថា ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងមាំ ក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឱ្យមានការអភិវឌ្ឍ និងកំណើនឧស្សាហកម្មក្នុងស្រុកប្រកបដោយគុណភាព ក៏ដូចជាការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចនេះ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវមានភាពទូលំទូលាយ ច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងនិងក្រៅវិស័យសុខាភិបាល ស្របតាមគោលនយោបាយគ្រប់គ្រងឱសថក្នុងតំបន់អាស៊ានផងដែរ។
ការលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ដូចជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងបន្លំ និងអន់គុណភាព ត្រូវមានច្បាប់ និងបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថត្រូវបានអនុវត្តត្រឹមត្រូវ ក្នុងគោលដៅឱ្យសាធារណជនទទួលបាននូវផលិតផលឱសថដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបានព័ត៌មានត្រឹមត្រូវ ស្តីពីផលិតផលឱសថ។ នេះជាការលើកឡើងបន្ថែមរបស់លោក ឈាង រ៉ា។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលារនេះ នឹងពិភាក្សាគ្នាឱ្យបានផុសផុល ផ្តល់គំនិត និងយោបល់គ្រប់ជ្រុងជ្រោយ ចូលរួមធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ ស្របតាមស្ថានភាពជាក់ស្តែង និងអាចអនុវត្តបាន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែរីកចំរើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៅជ្រុងទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណទី១ ដែលបានផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដោយឈរលើគោលជំហរ “សុខាភិបាលមិនមែនសម្រាប់តែទទួលព្យាបាលអ្នកឈឺនោះទេ សុខាភិបាលគឺសម្រាប់ថែរក្សានូវសុខភាពប្រជាជនយើងមិនឱ្យឈឺផងដែរ”៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


