ព័ត៌មានជាតិ
អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់
សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាព និងប្រសិទ្ធភាពការងាររបស់អង្គភាព ដែលក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់ខ្ពស់លើចំណុចនេះ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ខណៈឆ្នាំ២០២៤ គ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺជូនមន្ត្រីកងកម្លាំងជាង២ម៉ឺននាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់មន្ត្រីជាប្រចាំ ដោយសារសុខភាពរបស់មន្ត្រី ជាកត្តាកំណត់នៃផលិតភាព និងប្រសិទ្ធភាពការងារជូនអង្គភាព ជាតិ និងប្រជាជន។

តាមការបញ្ជាក់បន្ថែមរបស់លោកអ្នកនាំពាក្យរង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ស្របតាមមូលដ្ឋានបច្ចេកទេសសុខាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ទាំងជំនាញរបស់មន្ត្រីពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស និងពង្រឹងគុណភាពឱសថ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិនានា ដើម្បីកៀរគរការគាំទ្របច្ចេកទេស និងធនធានសម្ភារៈ ក៏ដូចជាការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញ។
ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន២២ ៦៧៨នាក់ មានស្រី៣ ៦៧៧នាក់ ដែលក្នុងនោះ មន្ទីរពេទ្យ ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥ ២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបទៅនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩ ៤៧៥នាក់ ស្មើកំណើន ១៣៩%។ នៅឆ្នាំកន្លងទៅ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន បើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិចំនួន៥ខេត្ត និងសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤។

ក្រៅពីនេះ ក្រសួងបានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារ បើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


