ព័ត៌មានអន្ដរជាតិ
អតិថិជននៅអាមេរិកសម្រុកទិញ iPhone ខ្លាចឡើងថ្លៃដោយសារពន្ធ ត្រាំ
អតិថិជនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅសហរដ្ឋអាមេរិក នាំគ្នាសម្រុកទិញទូរស័ព្ទដៃម៉ាក iPhone ទូទាំងប្រទេស ដោយខ្លាចថា គោលនយោបាយពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឱ្យតម្លៃកើនឡើងនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

អ្នកបម្រើការតាមទីតាំងលក់រាយរបស់ក្រុមហ៊ុន Apple ផ្សេងៗគ្នានៅទូទាំងប្រទេស បានអះអាងថា ហាងរបស់ពួកគេ មានពោរពេញទៅដោយអតិថិជនកាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកទិញបានបង្ហាញក្ដីព្រួយបារម្ភដែលថា តម្លៃនៃឧបករណ៍អេឡិចត្រូនិករបស់ Apple នឹងកើនឡើងយ៉ាងខ្លាំង ក្រោយពន្ធគយបដិការចូលជាធរមាននៅថ្ងៃពុធ ស្អែក នេះ។
ទូរស័ព្ទម៉ាក iPhone ភាគច្រើន ដែលជាផលិតផលលក់ដាច់ និងសំខាន់បំផុតរបស់ Apple ត្រូវបានផលិតក្នុងប្រទេសចិន ដែលរងការដាក់ពន្ធសរុប ៥៤ ភាគរយ ពីលោក ត្រាំ។
បុគ្គលិកម្នាក់ បាននិយាយប្រាប់ Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា ហាងដែលគេធ្វើការ មានអតិថិជនជាច្រើនចូលទិញ ដោយ «ស្ទើរតែគ្រប់អតិថិជនបានសួរខ្ញុំ ថាតើតម្លៃនឹងកើនឡើងក្នុងពេលឆាប់ៗនេះឬអត់»។

ទោះបីគ្មានការតម្រង់ជួរចូលទិញ ដូចអំឡុងពេលដាក់លក់ iPhone ដំបូងៗក៏ដោយ ក៏បរិយាកាសក្នុងហាងរបស់ Apple ហាក់ដូចជានៅក្នុងរដូវលក់ដូរដ៏មមាញឹក ដោយមានអតិថិជនប្រញាប់ប្រញាល់ចូលមក ទាំងព្រួយបារម្ភ និងសួរសំណួរអំពីលទ្ធភាពដំឡើងថ្លៃ។
ប្រភពមួយបានឱ្យដឹងថា សកម្មភាពសម្រុកទិញនេះ បាននាំឱ្យមានការទិញកាន់តែច្រើន ដោយហាងលក់រាយនៅសហរដ្ឋអាមេរិករបស់ Apple បានឃើញការលក់ខ្ពស់កាលពីចុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។
គួរគូសបញ្ជាក់ថា ទោះបីការលក់កើនឡើងក្ដី វិបត្តិពន្ធលើទីផ្សារភាគហ៊ុនបានប៉ះពាល់ខ្លាំងដល់ Apple ដោយតម្លៃមូលធនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាងកន្លះទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃកាលពីសប្ដាហ៍មុន។

ដើម្បីត្រៀមខ្លួនសម្រាប់វិធានការពន្ធនាពេលកន្លងមក Apple បាននិងកំពុងបង្កើនស្តុក ដើម្បីជាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការខាតបង់នាពេលអនាគត ហើយកំពុងបង្កើនការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកផលិតនៅឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ជាជាងពីចិន ដែលរងនូវអត្រាពន្ធខ្ពស់ជាងឥណ្ឌា។
បន្ថែមពីនេះ Apple ក៏បានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ដែលរងនូវពន្ធទាបជាងចិនផងដែរ។ ក្រុមហ៊ុននេះ ផលិតផលិតផលដូចជា Apple Watches, Macs, AirPods, និង iPads នៅវៀតណាម ព្រមទាំងម៉ូដែល Mac មួយចំនួននៅអៀរឡង់ ថៃ និងម៉ាឡេស៊ី ជាដើម។ យ៉ាងណាមិញ ទីតាំងផលិតកម្មក្រៅចិនបច្ចុប្បន្ន ក៏រងនូវពន្ធបដិការក្នុងអត្រាខ្ពស់ ពីសហរដ្ឋអាមេរិកផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


